ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

សហជីព​សេរី​កម្មករ​ចោទ​នាយកដ្ឋាន​វិវាទ​ការងារ​ថា​ រំលោភ​រដ្ឋធម្មនុញ្ញ​ ក្នុង​រឿង​មិន​ចុះ​បញ្ជិកា​សហជីព​

​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​លោក​ ជា​ មុនី​ បាន​ចោទប្រកាន់​ទៅ​លើ​លោក​ កុយ​ ទេព​ដា​រា​វុ​ធ​ ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​ នៃ​អគ្គនាយកដ្ឋាន​ការងារ​ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថា​ បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយសារ​មិន​ព្រម​រៀបចំ​បញ្ជិកា​សហជីព​សេរី​កម្មករ​នៃ​ក្រុមហ៊ុនមេ​រី​ឌា​ន​ ហ្វេ​សិន​ (​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ "​អតីត​ក្រុមហ៊ុន​ហ្វា​យ​ស្តារ​ ខ​ត​ថិ​ន​ ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​"​ ឋិត​នៅ​ខេត្តកំពង់ស្ពឺ​ និង​ក្រុមហ៊ុន​ប្ល៊ូ​ម​ហ្វៀ​ល​ (​ខេ​ម​បូ​ឌា​)​ នី​ត​ធើ​រ​ អិ​ល​ធី​ឌី​ ឋិត​នៅ​ខេត្តកំពង់ឆ្នាំង​ តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (FTUWKC)​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​៣២២/១៥​ស​សក​ពក​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ គោរព​ជូន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោយ​ស្នើ​សុំ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជួយ​អន្តរាគមន៍​អនុញ្ញាត​ឲ្យ​មានការ​ចុះ​បញ្ជិកា​សហជីព​សេរី​កម្មករ​នៃ​ក្រុមហ៊ុនមេ​រី​ឌា​ន​ ហ្វេ​សិន​ (​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ "​អតីត​ក្រុមហ៊ុន​ហ្វា​យ​ស្តារ​ ខ​ត​ថិ​ន​ ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​"​ ឋិត​នៅ​ខេត្តកំពង់ស្ពឺ​ និង​ក្រុមហ៊ុន​ប្ល៊ូ​ម​ហ្វៀ​ល​ (​ខេ​ម​បូ​ឌា​)​ នី​ត​ធើ​រ​ អិ​ល​ធី​ឌី​ ឋិត​នៅ​ខេត្តកំពង់ឆ្នាំង​ តាម​នីតិវិធី​ ដើម្បី​ទុកជា​ផលប្រយោជន៍​ច្បាប់​នោះ​ មាន​ខឹ្ល​ម​សារ​ដូច​ខាងក្រោម​ ៖

​កាលពី​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ អ្នកស្រី​ តោ​ ស៊ឹ​ម​ ជា​សមាជិកា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​បេ​ក្ខ​នារី​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ ក្រុមហ៊ុនមេ​រី​ឌា​ន​ ហ្វេ​សិន​ (​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ "​អតីត​ក្រុមហ៊ុន​ហ្វា​យ​ស្តារ​ ខ​ត​ថិ​ន​ ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​"​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជិកា​សហជីព​សេរី​កម្មករ​នៃ​ក្រុមហ៊ុន​ តាម​នីតិវិធី​នៃ​ច្បាប់​ ប៉ុន្តែ​ត្រូវ​បាន​លោក​ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​ឆ្លើយ​តប​វិញ​ តាម​លិខិត​លេខ​១៤៣៥​ក​.​ប​/​អក​/​វក​ ចុះ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បញ្ជាក់​ថា​ "​នាយកដ្ឋាន​ពុំ​អាច​រៀបចំ​សំណុំរឿង​ជូន​ក្រសួង​ចុះ​បញ្ជិកា​បាន​ឡើយ​ ។​ "​ ដោយ​សម្អាង​ទៅ​លើ​លិខិត​ប្តឹង​ជំទាស់​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៥​ របស់​ក្រុមហ៊ុន​ អះអាង​ថា​ បេក្ខភាព​ថ្នាក់ដឹកនាំ​សហជីព​ឈ្មោះ​ តោ​ ស៊ឹ​ម​ ជា​ប្រធាន​សហជីព​ និង​ឈ្មោះ​ ញ៉ឹ​ប​ អូន​ ជា​លេខា​ធិ​ការិនី​សហជីព​ កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ក្រុមហ៊ុន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ពុំ​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​ ។​

​ដោយឡែក​ នា​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ ស៊ឹ​ម​ សោ​ភ័​ណ្ឌ​ ជា​សមាជិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​បេក្ខជន​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​សេរី​កម្មករ​ នៃ​ក្រុមហ៊ុន​ប្ល៊ូ​ម​ហ្វៀ​ល​ (​ខេ​ម​បូ​ឌា​)​ នី​ត​ធើ​រ​ អិ​ល​ធី​ឌី​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជិកា​សហជីព​សេរី​កម្មករ​នៃ​ក្រុមហ៊ុន​ តាម​នីតិវិធី​នៃ​ច្បាប់​ ប៉ុន្តែ​ត្រូវ​បាន​លោក​ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​ឆ្លើយ​តប​វិញ​តាម​លិខិត​លេខ​១៤៨៧​ក​.​ប​/​អក​/​វក​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៥​ បញ្ជាក់​ថា​ "​នាយកដ្ឋាន​ពុំ​អាច​រៀបចំ​សំណុំរឿង​ជូន​ក្រសួង​ចុះ​បញ្ជិកា​បាន​ឡើយ​ ។​ "​ ដោយ​សម្អាង​ទៅ​លើ​លិខិត​ប្តឹង​ជំទាស់​ចុះ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​ក្រុមហ៊ុន​អះអាង​ថា​ បេក្ខភាព​ថ្នាក់ដឹកនាំ​សហជីព​ឈ្មោះ​ វ៉ែន​ ជឿន​ ជា​អនុប្រធាន​សហជីព​ កំពុង​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ ពុំ​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​ ។​

​លិខិតផ្លូវការ​របស់​លោក​ ជា​ មុនី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ មាត្រា​៣៨​ កថាខណ្ឌ​ទី​៧​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ជនជាប់ចោទ​ណា​ក៏​ដោយ​ ត្រូវ​ទុកជា​មនុស្ស​ឥត​ទោស​ ដរាបណា​តុលាការ​មិន​ទាន់​កាត់ទោស​ស្ថាពរ​ ។​ "​ មាន​ន័យ​ថា​ ទាំង​អ្នកស្រី​ តោ​ ស៊ឹ​ម​ ទាំង​អ្នកស្រី​ ញ៉ឹ​ប​ អូន​ ទាំង​លោក​ វ៉ែន​ ជឿន​ ដែល​មិន​ទាន់​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ផ្តន្ទាទោស​ជា​ស្ថាពរ​តាម​អំណាច​សាលក្រម​ស្ថាពរ​ ឬ​សាលដីកា​ស្ថាពរ​នោះ​ គឺជា​មនុស្ស​ឥត​មានទោស​ទេ​ ។​ ដូច្នេះ​ ការ​សម្អាង​របស់​លោក​ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​ ដោយ​ពឹងផ្អែក​ទៅ​លើ​លិខិត​ប្តឹង​ជំទាស់​របស់​ក្រុមហ៊ុន​ដែល​អះអាង​ថា​ អ្នកស្រី​ តោ​ ស៊ឹ​ម​ និង​អ្នកស្រី​ ញ៉ឹ​ប​ អូន​ កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ក្រុមហ៊ុន​នៅ​ស្ថាប័ន​តុលាការ​ ព្រមទាំង​លោក​ វ៉ែន​ ជឿន​ កំពុង​ឋិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នៅឡើយ​ ដើម្បី​បដិសេធ​ការ​ចុះ​បញ្ជិកា​សហជីព​ គឺ​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ ហើយ​ការ​សម្រេច​បែប​នេះ​ត្រូវ​ចាត់ទុកជា​មោឃៈ​ ដោយ​អនុលោម​តាម​បញ្ញត្តិ​មាត្រា​១៥០​ថ្មី​ កថាខណ្ឌ​ទី​២​ នៃ​រដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​ថា​ "​ច្បាប់​ និង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​ ។​ "​ ។​

​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ លោក​ ជា​ មុនី​ បាន​ឲ្យ​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ ដឹង​ថា​ ពាក់ព័ន្ធ​នឹង​លិខិត​របស់​លោក​ក្នុង​ករណី​នាយកដ្ឋាន​វិវាទ​ការងារ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ ព្រោះតែ​មិន​រៀបចំ​ចុះ​បញ្ជិកា​សហជីព​នោះ​ រហូត​មក​ទល់​បច្ចុប្បន្ន​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មិន​ទាន់​អន្តរាគមន៍​ឆ្លើយ​តប​ជា​វិជ្ជមាន​មក​សហជីព​វិញ​នៅឡើយ​ គឺ​មាន​រយៈពេល​ជិត​០១​ខែ​ហើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.