ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​សវន​កម្ម​ជាតិ​ម្នាក់​ ជិះ​រថយន្ត​រដ្ឋ​ថ្ងៃអាទិត្យ​ បើកបរ​បុក​មនុស្ស​ស្លាប់​ រួច​រត់គេច​ខ្លួន​

​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​រាត្រី​ថ្ងៃអាទិត្យ​ ទី​០៣​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៤១​ ភូមិ​បេង​ ឃុំ​ស្តុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​ បង្ក​ដោយ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ PRADO​ ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​រដ្ឋ​36-0818​ បុក​ពីក្រោយ​ពេញទំហឹង​ ទៅ​លើ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Smash​ Rivo​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1P-4156​ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ អូស​ចម្ងាយ​ច្រើន​ម៉ែត្រ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ទោចក្រយានយន្ត​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ខណៈ​រថយន្ត​បង្ក​ក្រឡាប់​សឹង​បះជើង​ឡើង​លើ​ ហើយ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ចោល​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បុរស​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ មានឈ្មោះ​ អូន​ សុខ​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​តា​នៃ​ ឃុំ​ព្រៃ​ញាតិ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​

​មន្ត្រីរាជការ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​បម្រើ​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ស្និទ្ធ​ជាមួយ​ស្ថាប័ន​អាជ្ញាធរ​សវន​កម្ម​ជាតិ​ (NAA)​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ រថយន្ត​ទំនើប​ម៉ាក​ PRADO​ ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​រដ្ឋ​36-0818​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​របស់​អ្នករាជការ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ​ ជា​យានយន្ត​កម្មសិទ្ធិ​របស់​រដ្ឋ​ គ្រប់គ្រង​ដោយ​ស្ថាប័ន​អាជ្ញាធរ​សវន​កម្ម​ជាតិ​ ដែល​មាន​លោក​ជំទាវ​ សោម​ គឹ​ម​សួគ៌​ ជា​អគ្គសវនករ​ ហើយ​រថយន្ត​នេះ​តែង​បាន​ប្រើប្រាស់​ដោយ​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ​ម្នាក់​ មាន​ឋានៈ​ស្មើ​ អនុរ​ដ្ឋលេ​ខា​ធិ​ការ​ គឺ​ឯកឧត្តម​ សំរិត​ សាត​ ។​

​គិត​ត្រឹម​ថ្ងៃ​អង្គារ​ ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​ឯកឧត្តម​ សំរិត​ សាត​ បាន​នៅឡើយ​ទេ​ ពីព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​មន្ត្រីរាជការ​ភាគច្រើន​បាន​លើក​ឡើង​ថា​ រថយន្ត​បង្កហេតុ​ជា​យានយន្ត​កម្មសិទ្ធិ​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​ស្ថាប័ន​អាជ្ញាធរ​សវន​កម្ម​ជាតិ​ គឺ​មាន​តែ​អ្នករាជការ​ ឋានៈ​ខ្ពស់​ ទើប​មាន​សិទ្ធិ​ប្រើប្រាស់​ ប៉ុន្តែ​ចំពោះ​រថយន្ត​នេះ​ បែរជា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ថ្ងៃអាទិត្យ​ ជា​ថ្ងៃ​ឈប់​សម្រាក​របស់​អ្នករាជការ​ ហើយ​ទំនងជា​គ្មាន​លិខិត​បេសកកម្ម​ផង​ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ ព្រមទាំង​រត់គេច​ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​មុខ​ស្ថានការណ៍​ជាក់ស្តែង​ថែម​ទៀត​ ។​

​ដូច្នេះ​ គប្បី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​ បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​មន្ត្រីរាជការ​ក្រោម​ឱវាទ​បើកបរ​រថយន្ត​របស់​រដ្ឋ​ នា​ថ្ងៃ​ឈប់​សម្រាក​ការងារ​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​លើក​ស្ទូ​យ​កិត្យានុភាព​រាជរដ្ឋាភិបាល​ ក៏​ដូច​មន្ត្រីរាជការ​ដទៃ​ទៀត​ ជៀសវាង​បិទ​សំណុំរឿង​ត្រឹម​ចរចា​គ្នា​សង​សំណង​ស្ងាត់ៗ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះជា​ការ​ស្រេច​ រីឯ​មន្ត្រីរាជការ​ជា​ជន​បង្ក​ បាន​រួចខ្លួន​ពី​សំណាញ់​ច្បាប់​នោះ​ ។​

​ឯកឧត្តម​ សំរិត​ សាត​ ជា​មន្ត្រី​ធ្លាប់​បម្រើ​ការងារ​ជាមួយ​លោក​ជំទាវ​ សោម​ គឹ​ម​សួគ៌​ តាំងពី​នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ (​លោក​ជំទាវ​ សោម​ គឹ​ម​សួគ៌​ អតីត​ជា​រដ្ឋមន្ត្រី​)​ ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ​ មាន​ឋាន​ ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៦០៤​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៤​ ៕​

Die-4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.