ក្នុងដំណើរសម្រាកលំហែកាយកម្សាន្តនៅខេត្តព្រះសីហនុ ជាមួយនឹងទឹកចិត្តសប្បាយរីករាយជាលក្ខណៈគ្រួសារផង ក្រោមផលផ្លែផ្កានៃសុខសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាតារានយោបាយដ៏លេចធ្លោមួយដួងនៅកម្ពុជា បានបង្ហាញនូវអារម្មណ៍កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ ចង់ឡើងច្រៀងផ្សាយបន្តផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ CNC-CTN ប៉ុន្តែខ្លាចតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, ឆន សុវណ្ណរាជ, ណុប បាយ៉ារិទ្ធ, ករុណា ពេជ្រ …។ល។ បាត់អាជីព និងខ្លាចដាច់ខ្សែគោរបស់ប្រជាជន ។
ក្រៅពីចេះតែងនិពន្ធកំណាព្យកាព្យឃ្លោង និងចម្រៀងផងនោះ បុរសខ្លាំងតែងលើកឡើងអំពីបទចម្រៀងមួយចំនួន ដូចជា បទ"ហួសពេលហើយអូន", បទ"ស្នេហ៍វ័យចំណាស់"…។ល។ មានន័យថា បុរសខ្លាំងមិនមែនមានប្រសាសន៍បែបកំប្លែងទេ គឺបើមានឱកាសអំណោយផល បុរសខ្លាំងអាចនឹងច្រៀងដូចចំណង់លើកឡើងមែន ។
មជ្ឈដ្ឋានអ្នករាជការចូលចិត្តសប្បាយមួយចំនួន បានលើកឡើងថា ដោយសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីមានបំណងចង់ឡើងច្រៀងផ្សាយបន្តផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ដូចជាតារាចម្រៀងទៅហើយនោះ គឺទីស្តីការគណៈរដ្ឋមន្ត្រីគប្បីបង្កើតក្រុមតន្ត្រីមួយដាក់ឈ្មោះថា "ក្រុមតន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី" ឬ "ក្រុមតន្ត្រីតេជោ" អាចផ្តល់ឱកាសឲ្យសមាជិករាជរដ្ឋាភិបាលរបស់សម្តេចអគ្គមហាសេនាបតីតេជោច្រៀងកម្សាន្ត ដើម្បី"ពង្រីកសាច់ដុំបំពង់ក"ប្រចាំសប្តាហ៍ ក្រោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពបាន ដូចដែលសម្តេចព្រះបរមរតនកោដ្ឋធ្លាប់ព្រះសូរសៀងនៅព្រះបរមរាជវាំង ៕