ថ្ងៃ ពុធ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩

សាកល​វិទ្យា​ធិ​ការ​ PPIU​ ដែល​ធ្លាប់​ជាប់គុក​ទាំង​អយុត្តិធម៌​ ជួយ​អភិវឌ្ឍន៍​ពន្ធនាគារ​រហូត​បាន​មេដាយមាស​

​សាកល​វិទ្យា​ធិ​ការិនី​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)​ គឺ​លោកស្រី​ ទេព​ កុលាប​ ដែល​ធ្លាប់​ជាប់គុក​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង​១៥​ខែ​ នា​អំឡុង​ឆ្នាំ​២០១១-២០១២​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ឯកឧត្តម​ ឧកញ៉ា​ កុក​ អាន​ អគ្គនាយក​ក្រុមហ៊ុន​អាន​កូ​ ប្រា​ឌ័​រ​និង​ជា​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំង​ក្រោម​ចំណាត់ការ​ដ៏​ខ្មៅ​កខ្វក់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​នោះ​ បាន​ជាប់​ឈ្មោះ​ជា​សប្បុរសជន​កសាង​សមិទ្ធផល​ រួមចំណែក​អភិវឌ្ឍន៍​ពន្ធនាគារ​រហូត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​ជូន​នូវ​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​មាស​នា​ចុងឆ្នាំ​២០១៥​នេះ​ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​បំពាក់​គ្រឿង​ឥស្សរិយយស​ជា​មេដាយ​ស្ថាបនា​ជាតិ​ ថ្នាក់​មាស​ ជូន​លោកស្រី​ ទេព​ កុលាប​ សាកល​វិទ្យា​ធិ​ការិនី​នៃ​សាកលវិទ្យាល័យ​ PPIU​ ដោយ​លោកស្រី​បាន​កសាង​សមិទ្ធផល​នានា​ រួមចំណែក​អភិវឌ្ឍន៍​ពន្ធនាគារ​ តាម​អនុក្រឹត្យ​លេខ​១២៣២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​អំឡុង​ឆ្នាំ​២០១១​ លោកស្រី​ ទេព​ កុលាប​ សាកល​វិទ្យា​ធិ​ការិនី​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)​ និង​លោក​ ហេង​ ឈាង​ អតីត​អគ្គនាយករង​ក្រុមហ៊ុន​អាន​កូ​ ប្រា​ឌ័​រ​ ជា​ស្វាមី​ ត្រូវ​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​បទ​ រំលោភ​លើ​ទំនុកចិត្ត​ ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​សំណាក់​ឯកឧត្តម​ ឧកញ៉ា​ កុក​ អាន​ អគ្គនាយក​ក្រុមហ៊ុន​អាន​កូ​ ប្រា​ឌ័​រ​ និង​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ទៅ​ស្ថាប័ន​តុលាការ​ រហូត​ធ្វើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​លោកស្រី​ ទេព​ កុលាប​ និង​ស្វាមី​ ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ​ទាំង​អយុត្តិធម៌​ ប៉ុន្តែ​សំណុំរឿង​ក្តី​នេះ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ផ្តល់​យុត្តិធម៌​ឲ្យ​លោកស្រី​ ទេព​ កុលាប​ វិញ​ នា​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១២​ បាន​រួច​ផុត​ពី​បទចោទប្រកាន់​របស់​ឯកឧត្តម​ ឧកញ៉ា​ កុក​ អាន​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទំនងជា​លោកស្រី​ ទេព​ កុលាប​ នា​ពេល​ធ្លាប់​ជាប់គុក​ ឃើញ​គុក​មានការ​ខ្វះខាត​ ទើប​លោកស្រី​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​នាម​ជា​សប្បុរសជន​ ចូលរួម​ចំណែក​អភិវឌ្ឍន៍​ពន្ធនាគារ​ រហូត​ទទួល​បាន​មេដាយមាស​ពី​រាជរដ្ឋាភិបាល​តែ​ម្តង​ទៅ​ ៕​

Tep-Kolab

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.