បន្ទាប់ពីល្បែងភ្នាល់កីឡាគ្រប់ប្រភេទ និងល្បែងឆ្នោត-ឡូតូ ឆ្នោតកោស ដែលជាល្បែងស៊ីសង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្ក្រាប និងបិទកាលពីដើមឆ្នាំ២០០៩ ដោយអះអាងថា ក្នុងគោលដៅធ្វើកំណែទម្រង់សង្គម ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមឲ្យបានល្អប្រសើរនោះរួចមក គឺហាក់ដូចបានទុកឱកាសឲ្យល្បែងស៊ីសងឆ្នោតយួនហៅឆ្នោតកន្ទុយលេខ ដែលមានក្បាល(ទីតាំងចេញឆ្នោត)នៅស្រុកយួន និងកន្ទុយចេញស៊ីសងលាតសន្ធឹងដល់ស្រុកខ្មែរ"ឡើងចាង" អុកឡុកពេញទំហឹងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ខណៈសមត្ថកិច្ចមូលដ្ឋានក្រោមឱវាទក្រសួងមហាផ្ទៃ បានចូលរួមចាក់ល្បែងស៊ីសងឆ្នោតយួនផង និងប្រមូលលុយពីមេអ្នកកត់ឆ្នោតតាមលំដាប់លំដោយដាក់ហោប៉ៅយ៉ាងសកម្មជាប្រចាំផង ។
មុនពេលរាជរដ្ឋាភិបាលកម្ពុជាបិទសេវាកម្មឆ្នោត-ឡូតូ និងឆ្នោតកោសនៅកម្ពុជា គឺក្រុមហ៊ុនឆ្នោត-ឡូតូ និងឆ្នោតកោស បានបង់ថ្លៃអាជ្ញាប័ណ្ណប្រកបអាជីវកម្មចំនួន៣០លានរៀលក្នុង១ឆ្នាំ សម្រាប់ឆ្នោត-ឡូតូ(អាជ្ញាប័ណ្ណមានសុពលភាពរយៈពេល៣ឆ្នាំ) និងបង់ចំណូលប្រមាណ២០លានរៀលក្នុង១ខែចូលថវិការដ្ឋសម្រាប់ឆ្នោត-ឡូតូ ដែលចេញក្នុងមួយថ្ងៃ១លើក(យ៉ាងតិចត្រូវបង់ចំណូល៤០លានរៀលក្នុង១ខែសម្រាប់ឆ្នោត-ឡូតូដែលចេញក្នុងមួយថ្ងៃ២លើក) រីឯប្រភេទឆ្នោតកោសក៏បានបង់ចំណូលយ៉ាងតិចចំនួន១០លានរៀលក្នុង១ខែដែរ ចូលថវិការដ្ឋតាមរយៈរតនាគារជាតិ ។
ដោយឡែក ល្បែងស៊ីសងឆ្នោតយួនដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា គឺមិនបានបង់ចំណូលចូលថវិការដ្ឋទេ គ្រាន់តែបានត្រឹមបំប៉នហោប៉ៅសមត្ថកិច្ចក្រោមឱវាទក្រសួងមហាផ្ទៃតាមឋានានុក្រមប៉ុណ្ណោះ ខណៈការសិក្សាបានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋជាង១០លាននាក់ រស់នៅក្នុងប្រទេសកម្ពុជា មានមនុស្សយ៉ាងហោចណាស់ជាង៣លាននាក់បានញៀននឹងការចាក់ល្បែងស៊ីសងឆ្នោតយួន ហើយក្នុងម្នាក់ៗត្រូវចំណាយប្រាក់ប្រមាណ៨.០០០រៀល ឬស្មើនឹង២ដុល្លារអាមេរិកក្នុង១ថ្ងៃ សម្រាប់ចាក់ឆ្នោតយួននេះ ។ ដូច្នេះ ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋបានចំណាយប្រាក់យ៉ាងតិច៦លានដុល្លារអាមេរិកក្នុងការលេងល្បែងស៊ីសងចាក់ឆ្នោតយួនទូទាំងប្រទេស ។
មាត្រា១, មាត្រា៣, មាត្រា៤, មាត្រា៥ និងមាត្រា៦ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលប្រកាសឲ្យប្រើកាលពីដើមឆ្នាំ១៩៩៦ បានចែងថា "ត្រូវហាមឃាត់ដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។ ការបង្ក្រាប និងការទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១ម៉ឺនរៀលដល់៥ម៉ឺនរៀល ឬដាក់គុកពី០១សប្តាហ៍ដល់០១ខែ ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥ម៉ឺនរៀលដល់៥០ម៉ឺនរៀល និងដាក់គុកពី០១ខែដល់១ឆ្នាំ ។ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលដល់២០លានរៀល និងដាក់គុកពី១ឆ្នាំដល់៥ឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់គុកជាអតិបរមា ។ កាលណា នៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា៤ និងមាត្រា៥នៃច្បាប់នេះ ត្រូវយកមកអនុវត្តន៍ដល់អតិបរមា ។ " ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានស្ថានការណ៍សង្គមនៅកម្ពុជា បានលើកឡើងថា ដោយសារមន្ត្រីក្រសួងមហាផ្ទៃគ្រប់ជាន់ថ្នាក់មិនអនុវត្តន៍ច្បាប់ម៉ឺងម៉ាត់របៀបហែកច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង បោះចោលក្នុងធុងសំរាម និងបច្ច័យនៃអំពើពុករលួយ ទើបល្បែងស៊ីសងគ្រប់ប្រភេទ ជាអាទិ៍ ល្បែងស៊ីសងឆ្នោតយួនដែលមិនមានការអនុញ្ញាតតាមផ្លូវច្បាប់ ឡើងចាងអុកឡុកស្រុកខ្មែរពេញទំហឹងទល់បច្ចុប្បន្ន ដែលជាមូលហេតុបង្កឲ្យកើតមានអំពើចោរកម្មយ៉ាងសកម្ម ៕