ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវប្រតិកម្មខ្លាំងៗ របៀបសន្យាអះអាងយ៉ាងដាច់ណាត់ថា ” នឹងកាត់ដៃស្តាំចោល ” ប្រសិនបើចុះហត្ថលេខាស្នើលើកលែងទោសឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ឈ្មោះជាទណ្ឌិតមិនទាន់អនុវត្តន៍ទោស ក្រោមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរ របស់ស្ថាប័នតុលាការកម្ពុជា ជាលើកទី៣ ខណៈទន្ទឹមនឹងការអះអាងបែបនេះ បុរសខ្លាំងបានបន្ទរក្នុងទំនុកជាបទចម្រៀងថា “ ហួសពេលហើយអូន ” ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយ អ្នកសិក្សារៀនសូត្រ និងអ្នកធ្លាប់បានស្តាប់ចម្រៀងមួយបទមានចំណងជើងថា ” ហួសពេលហើយអូន ” បានបញ្ចេញទស្សនៈថា បុរសខ្លាំង អាយុ៦៤ឆ្នាំ ដែលបន្ទរជាបទចម្រៀង ចង់សំដៅទៅលើការមិនចុះហត្ថលេខា ក្នុងនាមជានាយករដ្ឋមន្ត្រី ស្នើលើកលែងទោសលោក សម រង្ស៊ី អាយុ៦៦ឆ្នាំ ជាមេបក្សប្រឆាំង “ ច្រៀងខុសបទ ”ហើយ គឺត្រូវប្តូរច្រៀងថា “ ហួសពេលហើយបង ” វិញ ទើបត្រឹមត្រូវ ពីព្រោះលោក សម រង្ស៊ី មានអាយុច្រើនជាង ។ ម្យ៉ាងទៀត ការណ៍ដែលបុរសខ្លាំង និយាយ ឬច្រៀងមិនគោរពអាយុបង ឬប្អូននោះ អាចធ្វើឲ្យគេរិះគន់ថា “ មិនស្គាល់ឋានៈ អាយុខ្ពស់ ទាប ” ។
គួររំលឹកជូនថា ក្រោមសម្ពាធ នៃអំណាចរបស់ស្ថាប័នតុលាការនៅកម្ពុជា លោក សម រង្ស៊ី បានជាប់ឈ្មោះជាទណ្ឌិតចំនួន ២លើក ហើយក៏ត្រូវទទួលបានការលើកលែងទោសពីអង្គព្រះមហាក្សត្រ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំង ជានាយករដ្ឋមន្ត្រី ចំនួន ២លើកដែរ ដើម្បីបានបន្តជីវភាពនយោបាយទល់បច្ចុប្បន្ន គឺលើកទី១ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២០៦/០៦៨ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៦ និងលើកទី២ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១៣/៨២៧ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ៕