ព័ស្តុតាងបានបង្ហាញថា នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ឋានៈ និងបុព្វសិទ្ធិ គឺសំខាន់ជាងតួនាទី និងមុខតំណែងទៅទៀតសម្រាប់មន្ត្រីរាជការ ទាំងស៊ីវិល ទាំងប្រដាប់អាវុធ ។ ដូច្នេះហើយ ទើបឧត្តមសេនីយ៍ប៉ូលិសចំនួន១០នាក់ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងឲ្យមានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន ខណៈឧត្តមសេនីយ៍ប៉ូលិសទាំងនោះមានមុខតំណែងជាអនុប្រធាននាយកដ្ឋាន ដោយអនុក្រឹត្យលេខ១២២៦អនក្រ.តត ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ។
នាយនគរបាលជាតិជាន់ខ្ពស់ចំនួន១០នាក់ ដែលទទួលបានការតែងតាំងមុខតំណែងជាអនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ មានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាននោះ រួមមាន ៖
១-លោកឧត្តមសេនីយ៍ឯក ដួង សារឿន អត្តលេខ ០៣៣៧
២-លោកឧត្តមសេនីយ៍ទោ ប៉ែន វិបុល អត្តលេខ ០៣៧៦
៣-លោកឧត្តមសេនីយ៍ទោ ប្រាក់ គុយឡេង អត្តលេខ ០២៣៤
៤-លោកឧត្តមសេនីយ៍ទោ ហ៊ាន សារឿន អត្តលេខ ០៥៥៩
៥-លោកឧត្តមសេនីយ៍ទោ វ៉ាន់ ណារី អត្តលេខ ០០៨៤
៦-លោកឧត្តមសេនីយ៍ទោ ហុក ថាវណ្ណ អត្តលេខ ០៦៦៧
៧-លោកឧត្តមសេនីយ៍ទោ អ៊ុន ស៊ីណេន អត្តលេខ ០៧១១
៨-លោកឧត្តមសេនីយ៍ទោ ប៉ុល សុគន្ធ អត្តលេខ ០៧៣៩
៩-លោកស្រីឧត្តមសេនីយ៍ត្រី លឹម សុវណ្ណា អត្តលេខ ០៤៤៥០
១០-លោកឧត្តមសេនីយ៍ត្រី ស្មាន់ សារៀន អត្តលេខ ០២២២៣ ។
គួរបញ្ជាក់ជូនថា នៅក្នុងជួរមន្ត្រីរាជការស៊ីវិលខ្លះកំពុងកាន់កាប់មុខតំណែងត្រឹមប្រធានមន្ទីរ ដែលតែងតាំងដោយប្រកាសរបស់ក្រសួង តែបែរជាទទួលបានឋានៈស្មើ រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ឬអគ្គនាយក(ឋានៈជាឯកឧត្តម) ដោយសារមានព្រះរាជក្រឹត្យតែងតាំង ជាទីប្រឹក្សា ឬជំនួយការថ្នាក់ដឹកនាំណាម្នាក់ ។ ឧទាហរណ៍ លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ពោលគឺមានឋានៈជា ឯកឧត្តម (Sic!)…។ល៕