ក្នុងគោលបំណងឈានឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខជស/រកម/១១៩៧/០៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ មាន១១ជំពូក និង៤៥មាត្រានោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាស្រាវជ្រាវរៀបចំសំណើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ រាយការណ៍ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដោយសេចក្តីសម្រេចលេខ៩៧សសរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ ដែលមានសមាសភាពដូចខាងក្រោម ៖
១-សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន
២-ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធាន
៣-ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន
៤-ឯកឧត្តម សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាសមាជិក
៥-ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសមាជិក
៦-ឯកឧត្តម ឆេង សារឿន អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក
៧-ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិក
៨-ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាសមាជិក
៩-ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសមាជិក
១០-ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសមាជិក
១១-ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិក
១២-ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិក
១៣-ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាសមាជិក ។
យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ គឺវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ អាចនឹងចែងតម្រូវឲ្យប្រធានគណបក្សនយោបាយ ត្រូវមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ ៕