ជនជាប់ចោទម្នាក់ឈ្មោះ ថៃ សិទ្ធិ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ដែលជាបទល្មើសឧក្រិដ្ឋ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១០ ហើយជនជាប់ចោទរូបនេះបានក្លាយជាទណ្ឌិតដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៣៣៤ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់តុលាការកំពូល ប៉ុន្តែឥឡូវត្រូវបានព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់លើកលែងទោសឲ្យមោនសេរីភាពរួចផុតពីទោសទណ្ឌ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៥/១១១៥ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ខណៈទណ្ឌិត ថៃ សិទ្ធិ ទើបតែអនុវត្តន៍ទោសក្នុងពន្ធនាគារបានប្រមាណមិនដល់៧១ខែប៉ុណ្ណោះ ។
អនុលោមតាមមាត្រា២ នៃក្រឹត្យលេខ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស គឺទណ្ឌិតឈ្មោះ ថៃ សិទ្ធិ អាចត្រូវលើកលែងទោសបានលុះត្រាបានទទួលរងទោសចំនួន២ភាគ៣នៃទោសសិន គឺស្មើនឹង៨០ខែ ។ ប៉ុន្តែករណីលើកលែងទោសឲ្យទណ្ឌិតឈ្មោះ ថៃ សិទ្ធិ ហៅម៉ាប់ ដែលមិនមែនជាអ្នកទោសនយោបាយនោះ បែរជាទទួលរងទោសបានមិនដល់៧១ខែផង ។
ដោយឡែក អនុលោមតាមមាត្រា៧៥នៃច្បាប់ស្តីពីពន្ធនាគារ និងស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៤៧អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស គឺការលើកលែងទោសឲ្យទណ្ឌិតឈ្មោះ ថៃ សិទ្ធិ ហៅ ម៉ាប់ ត្រូវឆ្លងកាត់ការពិនិត្យ និងវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិនេះ ដែលមានឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន, ឯកឧត្តម ឧកញ៉ា នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការពន្ធនាគារ ជាអនុប្រធានអចិន្ត្រៃយ៍ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ជាអនុប្រធាន ព្រមទាំងមានសមាជិកចំនួន៨នាក់ទៀត ធ្វើបែបបទជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដើម្បីដាក់សំណើថ្វាយព្រះមហាក្សត្រ ។
ការលើកលែងទោសឲ្យទណ្ឌិតជាប់ទោសពីបទល្មើសគ្រឿងញៀន ដែលជាបទល្មើសឧក្រិដ្ឋ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានា ហើយត្រូវបានគេផ្តោតអារម្មណ៍ថា អាចមានបង្កប់ដោយអំពើពុករលួយយ៉ាងក្រាស់ឃ្មឹក ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា វាជារឿងអយុត្តិធម៌ខ្លាំងណាស់ ហើយមានបង្កប់ដោយអំពើពុករលួយក៏សម្បើមដែរ នៅពេលដែលទណ្ឌិតជាប់ទោសពីបទល្មើសជួញដូរគ្រឿងញៀន ទទួលបានការលើកលែងទោស ខណៈទណ្ឌិតមួយចំនួនទៀតដែលអនុវត្តន៍ទោសក្នុងពន្ធនាគារបានលើសពី២ភាគ៣នៃទោសរួចហើយ បែរជាមិនទទួលបានការលើកលែងទោសទៅវិញ ៕