ប្រភពព័ត៌មានច្បាស់ការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ដែលរាជរដ្ឋាភិបាលកម្ពុជាបានទិញពីរដ្ឋាភិបាលចិននាអំឡុងឆ្នាំ២០១៣ ចំណាយទឹកប្រាក់អស់ជិត២០០លានដុល្លារអាមេរិក (លុយកម្ចីរបស់ចិន)នោះ ចាប់ផ្តើមខូចហើយៗកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទេរឥណទានថវិកាចំនួន២.០០០លានរៀល (ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក) ពីជំពូក៦០(ការទិញ)មកជំពូក៦១(សេវាកម្ម)របស់ក្រសួងការពារជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដើម្បីចំណាយជួសជុលឧទ្ធម្ភាគចក្រ Harbin Z-9 ចំនួន១១គ្រឿង ។
គួររំលឹកថា នាអំឡុងឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ចំនួន១២គ្រឿង ពីរដ្ឋាភិបាលសម្ព័ន្ធមិត្តប្រទេសចិន ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន១៩៥លានដុល្លារអាមេរិក (តម្លៃ១៦,២៥លានដុល្លារអាមេរិកក្នុង១គ្រឿង) ប៉ុន្តែបច្ចុប្បន្ន ឧទ្ធម្ភាគចក្រនេះនៅសល់តែ១១គ្រឿងទេ ដោយសារ១គ្រឿងទៀតបានធ្លាក់ចូលក្នុងទឹករណ្តៅដីជម្រៅជាង២០ម៉ែត្រ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ សម្លាប់នាយទាហានជើងអាកាសកម្ពុជា និងសិក្ខាកាមហ្វឹកហ្វឺនចំនួន៤នាក់យ៉ាងអាណោចអាធ័ម ព្រមទាំងរងរបួសធ្ងន់ធ្ងរម្នាក់ទៀត ។
ឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ផលិតជាលើកដំបូងនៅឆ្នាំ១៩៨១ ដោយក្រុមហ៊ុន Harbin Airfracft Manufacturing Corporation (HAMC) ឋិតក្នុងក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ។
មជ្ឈដ្ឋានភាគច្រើនបានសម្តែងនូវការចាប់អារម្មណ៍ទៅលើការបញ្ជាទិញឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 នេះរបស់រាជរដ្ឋាភិបាលកម្ពុជា ពីរដ្ឋាភិបាលចិនថា អាចមានបង្កប់ដោយអំពើពុករលួយយ៉ាងធំសម្បើមចូលខ្ទង់រយលានដុល្លារអាមេរិក ពីព្រោះ ៖
១-មានតម្លៃខ្ពស់ជាងទីផ្សារសេរីរហូតដល់ជាង២ដង (ទីផ្សារសេរីតាមការប្រកាសរបស់គេហទំព័រ Neozinfo មានតម្លៃប្រមាណ៦លានដុល្លារអាមេរិកក្នុង១គ្រឿង តែរាជរដ្ឋាភិបាលកម្ពុជាទិញពីចិនក្នុងតម្លៃ១៦,២៥លានដុល្លារអាមេរិកក្នុង១គ្រឿង ពោលគឺអាចខាតបង់ថវិកាជាតិអស់ចំនួន១២៣លានដុល្លារអាមេរិក ធ្លាក់ចូលក្នុងហោប៉ៅមន្ត្រីពុករលួយមួយចំនួន លើការទិញឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ចំនួន១២គ្រឿង) ។
២-ឧទ្ធម្ភាគចក្រទើបតែទិញក្នុងតម្លៃខ្ពស់កប់ពពកនាឆ្នាំ២០១៣ និងមិនសូវបានប្រើប្រាស់វក់វីក្នុងសមរភូមិសង្គ្រាមអ្វីឡើយ បែរជារយៈពេលត្រឹម២ឆ្នាំសោះចាប់ផ្តើមខូចជាបណ្តើរៗ ដោយចំណាយលុយជួសជុលរហូតដល់៥០ម៉ឺនដុល្លារអាមេរិកទៅហើយ ។ មានន័យថា គុណភាពរបស់ឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ផលិតនៅប្រទេសចិននេះ អាចមានបញ្ហា ៕