ក្រុមហ៊ុនឯកជនចំនួន៤ ក្នុងនោះមានក្រុមហ៊ុនយួនផង ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដាំដំណាំកៅស៊ូនៅខេត្តរតនគិរីជាង២ម៉ឺនហិកតា ប៉ុន្តែការដាំដុះជាក់ស្តែងគឺបានត្រឹមជិត៥ពាន់ហិកតាប៉ុណ្ណោះ ខណៈអាជ្ញាធរក៏បានប្រកាសដែរថា នឹងចាត់ការដកហូតដីសម្បទានមកវិញខ្លះនៅថ្ងៃខាងមុខ ដោយសារក្រុមហ៊ុនទាំងនោះមិនគោរពកិច្ចសន្យាលើការដាំដុះដំណាំកៅស៊ូជាមួយរាជរដ្ឋាភិបាល ។
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ(គណៈកម្មការទី៤) នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា មានក្រុមហ៊ុនចំនួន៤ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំដំណាំកៅស៊ូនៅខេត្តរតនគិរីនោះ គឺ ៖ ១-ក្រុមហ៊ុនដាយដុងយឿង ផ្ទៃដីចុះកិច្ចសន្យាចំនួន៤.៤៨៩ហិកតា តែបានដាំកៅស៊ូជាក់ស្តែងត្រឹម៨០០ហិកតា, ២-ក្រុមហ៊ុនជា ច័ន្ទរិទ្ធិ ផ្ទៃដីចុះកិច្ចសន្យាចំនួន៨.៦៥៥ហិកតា តែបានដាំកៅស៊ូជាក់ស្តែងត្រឹម៩០០ហិកតា, ៣-ក្រុមហ៊ុនវាសនា អ៊ិនវេសមេន ផ្ទៃដីចុះកិច្ចសន្យាចំនួន៥.០៨០ហិកតា តែបានដាំកៅស៊ូជាក់ស្តែងត្រឹម១.៧០០ហិកតា និង៤-ក្រុមហ៊ុនរ៉ាម៉ា (មិត្តភាពម៉ែន សារុន) ផ្ទៃដីចុះកិច្ចសន្យាចំនួន៦.៩២៤ហិកតា តែបានដាំកៅស៊ូជាក់ស្តែងត្រឹម១.៣០០ហិកតាប៉ុណ្ណោះ ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក៏បានឲ្យដឹងដែរថា នៅថ្ងៃខាងមុខ រាជរដ្ឋាភិបាលនឹងអាចដកហូតដីសម្បទានពីក្រុមហ៊ុនដាយដុងយឿង ដែលនៅសេសសល់ពីការដាំកៅស៊ូមកវិញ ពីព្រោះក្រុមហ៊ុននេះមិនគោរពកិច្ចសន្យា ដោយដាំកៅស៊ូនៅក្រៅតំបន់វិនិយោគផង និងមិនគ្រប់ផែនការនៃការដាំដុះផង ៕