មន្ត្រីចារកម្មរបស់រុស្ស៊ី បានបង្ហាញរូបថតពីលើអាកាសអំពីការរកឃើញរថយន្តដឹកប្រេង និងរថយន្តដឹកទំនិញចំនួន១១.៧៧៥គ្រឿង នៅជិតទីក្រុង Zakho ក្នុងប្រទេសអ៊ីរ៉ាក់ ជាប់ព្រំដែនប្រទេសទួគី ដែលគេសង្ស័យថា ជាមធ្យោបាយបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញរបស់ក្រុមឧទ្ទាម ISIS ។
លោកឧត្តមសេនីយ៍ទោ Sergey Rudskoy បាននិយាយឲ្យដឹងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញថា រាល់ប្រេងឥន្ធនៈចេញពីអ៊ីរ៉ាក់ និងស៊ីរី គឺត្រូវដឹកជញ្ជូនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅ Zakho ។
អ្នកជំនាញបានលើកឡើងថា នេះទំនងជាច្រកដឹកជញ្ជូនប្រេងថ្មីដ៏សំខាន់ដែលក្រុមឧទ្ទាម ISIS ប្រើប្រាស់បន្ទាប់ពីកងកម្លាំងទាហានរុស្ស៊ីបំផ្លាញរថយន្តដឹកប្រេងរបស់ក្រុម ISIS ប្រមាណ២.០០០គ្រឿង និងកាលពីសប្តាហ៍កន្លងទៅ រថយន្តដឹកប្រេងចំនួន១៧គ្រឿង និងរោងចក្រចំរាញ់ប្រេងឆៅមួយចំនួនរបស់ក្រុម ISIS ត្រូវបានទាហានរុស្ស៊ីបំផ្លាញរួចមក ពីព្រោះការសិក្សាបានបង្ហាញថា បរិមាណប្រេងដឹកជញ្ជូនទៅកាន់តំបន់ប៉ែកខាងជើង និងខាងលិចស៊ីរី ថមថយចុះ បែរជាសកម្មភាពដឹកជញ្ជូនប្រេងនៅតំបន់ខាងលើនេះ កើនឡើងទៅវិញ ៕