មានរឿងគួរឲ្យហួសចិត្តពន់ពេកមួយបានកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ នៅភូមិកណ្តាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គឺនៅពេលសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ផាត វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៨១ ដកបចខ/១៥ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ របស់លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ប៉ុន្តែនៅពេលជនត្រូវចោទបានបញ្ជូនខ្លួនមកដល់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាប់តែមានដីកាបញ្ឈប់ឲ្យចាប់ខ្លួនជនត្រូវចោទលេខ៤៨៣ដកបឈច/១៥ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ចេញដោយលោក គឹម ម៉េង ជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលទៅវិញ ដែលសមត្ថកិច្ចនគរបាលអត់ដឹងទាល់តែសោះអស់រយៈពេលជិតកន្លះឆ្នាំ ជាហេតុធ្វើឲ្យសមត្ថកិច្ចខាតបង់សាំងម៉ូតូ និងពេលវេលាខំស្វែងតាមរកចាប់ខ្លួនជនត្រូវចោទតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការដោយឥតប្រយោជន៍ ។
គួររំលឹកជូនថា យុវជនឈ្មោះ ផាត វីរៈ អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានស្ថាប័នអយ្យការ និងចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ហើយត្រូវបានលោក ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ។ ក្រោយមក នៅពេលលោកចៅក្រម គឹម ម៉េង ក្លាយជាចៅក្រមស៊ើបសួរបន្តពីលោកចៅក្រម ហុក វ៉ាន់ធីណា ក៏បានចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួនជនត្រូវចោទវិញ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ តែភ្នាក់ងារមានសមត្ថកិច្ចមិនបានដឹងអស់រយៈពេលជិតកន្លះឆ្នាំ ទើបខំស្វែងរកចាប់ខ្លួនជនត្រូវចោទតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការពីលើកមុនបាន នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ យកទៅឃុំខ្លួននៅពន្ធនាគារ គឺដូចបាននាំខ្លួនជនត្រូវចោទឲ្យយកមកដោះលែងវិញទាំងហួសចិត្ត ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា នេះគឺជាព័ស្តុតាងមួយដែលបញ្ជាក់ឲ្យឃើញការពិតថា ស្ថាប័នតុលាការ និងភ្នាក់ងារមានសមត្ថកិច្ចធ្វើការមិនស៊ីចង្វាក់គ្នាទាល់តែសោះ ទើបបង្កឲ្យមានរឿងហួសចិត្តដូច្នេះកើតឡើង ៕