កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ក្រុមប្រជាពលរដ្ឋចំនួន១៧២នាក់ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្លាប់បានផ្តិតមេដៃដាក់ពាក្យបណ្តឹងមួយច្បាប់ គោរពជូនឯឧត្តម អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភានីតិកាលទី៥ (គណៈកម្មការទី១) ស្នើសុំជួយអន្តរាគមន៍ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទៅឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការលក់ ឬជួលទីតាំងដីមួយកន្លែងឋិតនៅចន្លោះផ្លូវលេខ៩៣ ផ្លូវលេខ៤៧ និងផ្លូវលេខ៧២ ក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅឲ្យបុគ្គល ឬក្រុមហ៊ុនឯកជនសាងសង់សំណង់ផ្សេងៗ ដោយរក្សាទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (អាចធ្វើជាសួនច្បារ ឬជាផ្លូវសាធារណៈ) ដើម្បីកុំឲ្យប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ និងបាត់បង់ផលប្រយោជន៍សាធារណៈ ។ ប៉ុន្តែឥឡូវ រឿងទីតាំងដីច្រមុះជ្រូកខាងជើងរង្វង់មូលស្តាដចាស់នេះ ត្រូវបែកធ្លាយចេញមកក្រៅហើយ ដោយអាជ្ញាធររាជធានីភ្នំពេញបានជួលឲ្យទៅក្រុមហ៊ុនឯកជនមួយក្នុងរយៈពេល៧០ឆ្នាំ ។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិជួលទីតាំងដីច្រមុះជ្រូកខាងជើងរង្វង់មូលស្តាដចាស់ ដើម្បីសាងសង់ជាស្ថានីយ៍ប្រេង និងអគារពាណិជ្ជកម្ម តាំងពីអំឡុងឆ្នាំ១៩៩៨មកនោះ គឺក្រុមហ៊ុន ជ្រាង សុផាន់ ពាណិជ្ជ និងសំណង់ មានលោក ជ្រាង សុផាន់ ជាប្រធានក្រុមហ៊ុន តាមរយៈការចុះកិច្ចសន្យានាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ជាមួយសាលារាជធានីភ្នំពេញ រយៈពេល៧០ឆ្នាំ ដោយមានការឯកភាពពីឯកឧត្តម ជា សុផារ៉ា អតីតអភិបាលរងទី១នៃគណៈអភិបាលរាជធានីភ្នំពេញ (រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៦៨ ទើបចប់កិច្ចសន្យាជួល) ។
តម្លៃជួលទីតាំងដីខាងលើបច្ចុប្បន្ន គឺ២៣០ដុល្លារអាមេរិកក្នុង១ខែ (ពីខែឧសភាឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ២០១៨) រីឯតម្លៃឈ្នួលចាប់ពីខែឧសភា ឆ្នាំ២០៦៣ ដល់ខែមេសា ឆ្នាំ២០៦៨ គឺ៣៣០ដុល្លារអាមេរិកក្នុង១ខែ ។
លោក ជ្រាង សុផាន់ ប្រធានក្រុមហ៊ុនជ្រាង សុផាន់ ពាណិជ្ជ និងសំណង់ អតីតជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០១/៤២១ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០១នោះ បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយទាយាទរបស់សពលោកឧកញ៉ា ជ្រាង សុផាន់ បច្ចុប្បន្នកំពុងស្វែងរកដៃគូជួល និងគ្រប់គ្រងស្ថានីយ៍ប្រេង និងអគារពាណិជ្ជកម្មបន្តពីគ្រុមហ៊ុនរបស់ខ្លួន ស្របតាមប្រការ៦ ចំណុចទី២នៃកិច្ចសន្យា ។
ទោះយ៉ាងណា មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញគប្បីបញ្ឈប់ការជួលទីតាំងដីច្រមុះជ្រូក ខាងជើងរង្វង់មូលស្តាដចាស់នេះ ឲ្យទៅក្រុមហ៊ុនឯកជន ដែលបច្ចុប្បន្នកំពុងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងចរាចរណ៍សាធារណៈ ហើយរក្សាទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋវិញ គឺល្អប្រសើរជាង ៕