សារព័ត៌មាន South China Morning Post បានចុះផ្សាយឲ្យដឹងថា អាជីវកម្មថ្នាំសម្រើបប្រភេទ Viagra ក្លែងក្លាយ ចាប់ផ្តើមកម្រើកឡើងវិញនៅប្រទេសចិន បន្ទាប់ពីនាឆ្នាំ២០១៤កន្លងទៅ សមត្ថកិច្ចប៉ូលិសចាប់បានថ្នាំ Viagra ក្លែងក្លាយចំនួន១,៥០លានគ្រាប់ នៅខេត្ត Guangdong ខណៈប៉ូលិសបានស៊ើបអង្កេតឃើញថា ក្រុមជនខិលខូចបានផលិតថ្នាំសម្រើបប្រភេទនេះដល់ទៅជាង១០០លានគ្រាប់ នាខែមេសា ឆ្នាំ២០១៤ ហើយបានលក់ចែកចាយក្នុងប្រទេស និងទៅក្រៅប្រទេស ដោយដំណាលគ្នានេះ មន្ត្រីគយបារាំងចាប់បានឱសថក្លែងក្លាយប្រមាណចំនួន១០តោន ដែលផលិតនៅប្រទេសចិន ក្នុងនោះក៏មានប្រភេទថ្នាំសម្រើបផ្លូវភេទដែរ ។
ក្រៅពីលេចចេញរឿងអាស្រូវក្នុងការផលិតថ្នាំ Viagra ក្លែងក្លាយរាប់លានគ្រាប់នៅប្រទេសចិននោះ គឺរោងចក្រផលិតថ្នាំ Viagra ក្លែងក្លាយ បានចាប់បង្ខំបុគ្គលិករបស់ខ្លួនឲ្យប្រើថ្នាំសាកល្បង ដោយរួមភេទជាមួយស្រីពេស្យា ។ បុគ្គលិកដែលទទួលរងការចាប់បង្ខំឲ្យប្រើថ្នាំ Viagra សាកល្បងនេះ បាននិយាយឲ្យដឹងថា ក្រោយពេលលេបថ្នាំរួច ពួកគេមានអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលតែគ្រាដំបូងប៉ុណ្ណោះ និងក្រោយមក ទទួលអារម្មណ៍ថាពិបាកក្នុងខ្លួន ។ ដោយសារត្រូវធ្វើការទាំងចាប់បង្ខំបែបនេះ ទើបពួកគេបានសុំលាឈប់ពីការងារជាបន្តបន្ទាប់ ។
អ្នកជំនាញខាងឱសថ បាននិយាយឲ្យដឹងថា ការណ៍ដែលថៅកែរោងចក្រផលិតថ្នាំ Viagra ក្លែងក្លាយ ឲ្យបុគ្គលិករបស់ខ្លួនប្រើថ្នាំសាកល្បងដូច្នេះ គឺក្នុងគោលបំណងកែសម្រួលបរិមាណសារធាតុផ្សំក្នុងថ្នាំ ជាពិសេសសារធាតុ Sildenafil លាយជាមួយម្សៅពោត ៕