ថ្វីដ្បិតប្រជាពលរដ្ឋកម្ពុជាមានចំនួនតិច ប៉ុន្តែអ្នកជាប់ឃុំខ្លួននៅក្នុងពន្ធនាគារមានចំនួនច្រើនរហូតដល់ជិត២ម៉ឺននាក់នៅឆ្នាំ២០១៥នេះ ដែលបង្ហាញអំពីចំនួនបទល្មើសមានការកើនឡើងផង ការចំណាយលើសេវាពន្ធនាគារជាបន្ទុករបស់រដ្ឋកើនឡើងផង និងកិត្តិយសមុខមាត់ប្រទេសក៏ប្រឈមនឹងការអាប់ឱនផង ខណៈកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤កន្លងទៅ មន្ត្រីរាជការចំនួន២.៤៥៦នាក់ ត្រូវបានធ្វើសមាហរណកម្ម និងផ្ទេរក្របខ័ណ្ឌពីមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មន្ត្រីក្រមការ អនុរក្សពន្ធនាគារ ភ្នាក់ងាររដ្ឋបាល និងមន្ត្រីនគរបាលជាតិ ដែលកំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ បញ្ចូលទៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ហើយមន្ត្រីពុករលួយមួយចំនួនត្រូវបានគេកត់សម្គាល់ឃើញថា ក៏បានចំណូលចូលហោប៉ៅច្រើនដែរ ។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមចុងខែតុលា ឆ្នាំ២០១៥ ដោយមិនទាន់សរុបទៅលើអ្នកជាប់ឃុំដែលទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រផងនោះ គឺអ្នកជាប់ឃុំនៅទូទាំងប្រទេសមានចំនួន១៧.៥២២នាក់(ប្រុស១៦.០៧៥នាក់ និងស្រី១.៤៤៧នាក់) ។ តួលេខនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤កន្លងទៅ ដែលមានចំនួនអ្នកជាប់ឃុំសរុប១៤.៧៨០នាក់នោះ គឺមានការកើនឡើងរហូតដល់ចំនួន២.៧៤២នាក់ ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អត្តលេខ០០០៨ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ធ្លាប់បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានថា កំណើនអ្នកជាប់ឃុំមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ។ ជនជាប់ឃុំទាំងនោះភាគច្រើនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន និងករណីផ្សេងទៀត រួមមាន បទលួច និងប្លន់ ជាដើម ។
ជាមួយនឹងកំណើនអ្នកជាប់ឃុំនៅឆ្នាំ២០១៥ដូច្នេះ បានធ្វើឲ្យលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា សម្តែងនូវការព្រួយបារម្ភអំពីភាពចង្អៀតនៅពន្ធនាគារ ដែលជាបច្ច័យប៉ះពាល់ដល់សណ្តាប់ធ្នាប់ វិន័យ និងសន្តិសុខ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ក្នុងរយៈពេល០៩ខែឆ្នាំ២០១៥ សមត្ថកិច្ចចាប់បានជនសង្ស័យក្នុងបទល្មើសគ្រឿងញៀនចំនួន៤.៧៧០នាក់ (ស្រី៦២៣នាក់) ប្រើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៤កន្លងទៅ គឺមានការកើនឡើង១៣០,៩៩ភាគរយ ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍សង្គម និងនយោបាយនៅកម្ពុជា បានលើកឡើងថា ករណីអ្នកជាប់ឃុំមានការកើនឡើង គឺបានបង្ហាញអំពីចំនួនបទល្មើសក្នុងសង្គមកើនឡើង បន្ទុកចំណាយរបស់រដ្ឋលើសេវាពន្ធនាគារក៏កើនឡើង ភាពយឺតយ៉ាវក្នុងការជំនុំជម្រះក្តីទៅលើជនត្រូវចោទ ឬជនជាប់ចោទនៅស្ថាប័នតុលាការ និងក៏បានបំបាក់មុខមាត់ប្រទេសជាតិយ៉ាងដំណំ តាមរយៈភាពកម្សោយនៃការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសផងដែរ ។
ផ្ទុយទៅវិញ អ្នករិះគន់មាត់ដាចមួយចំនួនបានបញ្ចេញទស្សនៈថា ចំនួនអ្នកជាប់ឃុំមានការកើនឡើង ក៏បានធ្វើឲ្យចំណូលរបស់មន្ត្រីពុករលួយមួយចំនួនពាក់ព័ន្ធនឹងសេវាពន្ធនាគារ (ទាំងមន្ត្រីតុលាការ ទាំងមន្ត្រីពន្ធនាគារ ទាំងមន្ត្រីក្រសួងយុត្តិធម៌ ទាំងមន្ត្រីក្រសួងមហាផ្ទៃ…)មិនចេះរីងស្ងួត ទុកដូចជាមុខរបរមួយដ៏សំខាន់ (Sic!) ៕