ឆ្លើយតបទៅនឹងលិខិតចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រសួងសុខាភិបាលដែលមានឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី បានប្រកាសឲ្យដឹងថា ឱសថឈ្មោះ MAZETA Slim ដែលមានរចនាប័ទ្មបង្ហាញ និងវេចខ្ចប់ជាឱសថបញ្ចុះទម្ងន់ ផលិតដោយរោងចក្រឈ្មោះ Greatwallbuy International Trading Co., Ltd. នាំចូលមកកាន់ប្រទេសកម្ពុជាគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ហើយបានលក់ចែកចាយតាមឱសថស្ថាន-ឱសថស្ថានរង ដោយមិនបានចុះបញ្ជិកា និងត្រួតពិនិត្យគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទេ ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ បានប្រកាស និងចាត់វិធានការដូចខាងក្រោម ៖
១-គ្រឹះស្ថានលក់ឱសថទាំងអស់ត្រូវបញ្ឈប់ការដាក់តាំងលក់ឱសថខាងលើចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បើរកឃើញមានការតាំងលក់ឱសថនេះតទៅទៀត នឹងអនុវត្តន៍ទៅតាមច្បាប់ជាធរមាន ។
២-គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវមានវិធានការធ្វើការណែនាំងដល់គ្រប់សាខាគ្រឹះស្ថាននាំចូលឱសថ ឱសថស្ថាន-ឱសថស្ថានរងជាបន្ទាន់ ដូចមានក្នុងចំណុច១ខាងលើ ។
៣-ក្រសួងនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះឱសថស្ថាន-ឱសថស្ថានរងទាំងឡាយណាដែលនៅតែបន្តលក់ឱសថខាងលើនេះ ។
គួររំលឹកជូនដែរថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ក្រសួងសុខាភិបាលក៏ធ្លាប់បានប្រកាសថា ផលិតផលឱសថបំប៉នសុខភាព Botanical Slimming ដែលផលិតនៅរោងចក្រឈ្មោះ Greatwallbuy International Trading Co., Ltd. មិនត្រូវឲ្យប្រើប្រាស់ទេ ពីព្រោះមិនមានចុះបញ្ជិកានៅនាយកដ្ឋានឱសថនៃក្រសួងសុខាភិបាល ពុំបានឆ្លងកាត់ការត្រួតពិនិត្យពីមជ្ឈមណ្ឌលពិសោធន៍សុខាភិបាល ។
ចំណុចគួរឲ្យចាប់អារម្មណ៍នោះនៅត្រង់ថា ឱសថបញ្ចុះទម្ងន់ប្រភេទ MAZETA Slim ត្រូវបានឈ្មួញនាំចូលមកកាន់ប្រទេសកម្ពុជា ធ្វើការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម និងមានអ្នកប្រើប្រាស់ ជាពិសេសស្ត្រីភេទអស់ជាច្រើនឆ្នាំមកហើយ ទើបក្រសួងសុខាភិបាលភ្ញាក់រលឹកប្រកាសថា មិនមានចុះបញ្ជិកា និងឆ្លងកាត់ការត្រួតពិនិត្យគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ពីក្រសួង រួចហើយហាមប្រាមការលក់ចែកចាយទៅវិញ ៕