យោងតាមសេចក្តីជូនដំណឹងលេខ១៧៨៣ អ.រ.ស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១៤រសៀលខាងមុខ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសលើកទី១ ជូនសមាជិក សមាជិការដ្ឋសភានីតិកាលទី៥ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាវិមានរដ្ឋសភា ខណៈឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក៏ត្រូវបានព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ប្រទានជូនគ្រឿងឥស្សរិយយស ជាតូបការ មួយដែរ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា ប៉ុន្តែគេមិនទាន់ដឹងថា តើគ្រឿងឥស្សរិយយស ជាតូបការ ដែលព្រះមហាក្សត្រទ្រង់ប្រទាននេះ ត្រូវអស់តម្លៃដកចោលវិញ ឬយ៉ាងណាទេ នៅពេលដែលឯកឧត្តម សម រង្ស៊ី ត្រូវបានស្ថាប័នតុលាការកំណត់អត្តសញ្ញាណថា ជាទណ្ឌិត(ជាប់ឈ្មោះជាទណ្ឌិតតាំងពីឆ្នាំ២០១៣) និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដ៏គួរឲ្យភ្ញាក់ផ្អើលកន្លងមកនោះ ?
គួររំលឹកជូនថា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់បំពាក់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា ដល់សមាជិក សមាជិការដ្ឋសភានីតិកាលទី៥ លើកទី១ ចំនួន១២៣រូប តាមឋានានុក្រម ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៥/១០៧២ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងនោះក៏មានឯកឧត្តម សម រង្ស៊ី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ម្នាក់ដែរ ត្រូវទទួលបានគ្រឿងឥស្សរិយយស ជាតូបការ ។
ក្នុងចំណោមអ្នកតំណាងរាស្ត្រទាំង១២៣រូប គឺមាន២៧រូបទទួលបានគ្រឿងឥស្សរិយយស ជាតូបការ, ២៦រូប ទទួលបានគ្រឿងឥស្សរិយយស ឯករាជជាតិ, ០៧រូប ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍, ០២រូប ទទួលបានគ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេវីវឌ្ឍន៍, ០១រូប ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, ២៤រូប ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា, ០២រូប ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា, ០៦រូប ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ និង២៨រូប ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ទោះជាមិនបានដឹងពិតមែនក្តី ឬបានដឹងដែរ តែធ្វើមិនដឹងក៏ដោយក្តី ថា ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានឈ្មោះជាទណ្ឌិតមិនទាន់បានអនុវត្តន៍ទោសតាំងពីដើមឆ្នាំ២០១៣ ក្នុងសំណុំរឿងក្តីក្តាំជាមួយឯកឧត្តម ហោ ណាំហុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ឯកឧត្តម សម រង្ស៊ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានរដ្ឋសភានីតិកាលទី៥ ប្រកាសទទួលស្គាល់ថា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម តាំងពីឆ្នាំ២០១៤ រហូតដល់មានឱកាសបានចូលរួមប្រជុំសភា និងអនុម័តច្បាប់ជាច្រើន ដែលប្រកាសទទួលស្គាល់ថា ស្របនឹងរដ្ឋធម្មនុញ្ញដោយក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវបានព្រះមហាក្សត្រប្រទានគ្រឿងឥស្សរិយយស ជាតូបការ ជូនថែមទៀត ។ ដូច្នេះ នៅពេលដែលស្ថាប័នតុលាការក្រោយការផ្ទុះកំហឹងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសកំណត់អត្តសញ្ញាណឯកឧត្តម សម រង្ស៊ី កំពុងឋិតក្នុងមុខតំណែងជាអ្នកតំណាងរាស្ត្រ ទៅជាទណ្ឌិតមិនទាន់បានអនុវត្តន៍ទោសតាំងពីដើមឆ្នាំ២០១៣ និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួន នាខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីយកមកឲ្យអនុវត្តន៍ទោសនោះ គឺមានន័យស្មើនឹងការប្រមាថអង្គព្រះមហាក្សត្រ ប្រមាថប្រធានរដ្ឋសភា ប្រមាថនាយករដ្ឋមន្ត្រី (ទទួលទានបាយជាមួយទណ្ឌិត និងចូលរួមប្រជុំសភាអនុម័តច្បាប់ជាមួយទណ្ឌិត) ប្រមាថដើមបណ្តឹង(ឯកឧត្តម ហោ ណាំហុង ប្រជុំសភាជាមួយទណ្ឌិត) និងប្រមាថសំដៅបង្អាប់បង្អោនទៅលើកិត្យានុភាពស្ថាប័នជាតិ (ទាំងក្រុមប្រឹក្សាធម្មនុញ្ញ ទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាល ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត)ទាំងមូលយ៉ាងធ្ងន់ធ្ងរបំផុត ។
ឥឡូវនេះ ឯកឧត្តម សម រង្ស៊ី ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មិនអាចមានឱកាសមកទទួលការបំពាក់គ្រឿងឥស្សរិយយស ជាតូបការ នៅវិមានរដ្ឋសភា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ខាងមុខបានទេ ពីព្រោះកំពុងឋិតនៅឯបរទេស មិនទាន់ហ៊ានធ្វើមាតុភូមិនិវត្តន៍វិលចូលប្រទេសកម្ពុជាវិញ ក្រោមសម្ពាធនៃដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ស្ថាប័នតុលាការ ៕