ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

តុលាការ​ឃុំខ្លួន​នារី​មុខស្រស់​ជា​និស្សិត​ចិត្ត​អប្រិយ​ ក្នុង​រឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ដ៏​រន្ធត់​

​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃុំខ្លួន​នារី​មុខស្រស់​ជា​និស្សិត​ចិត្ត​អប្រិយ​ ក្នុង​រឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​រង​របួស​ច្រើន​នាក់​ កាលពី​រាត្រី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​ក្បែរ​ឃ្លាំង​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច​ ឋិត​ក្នុងភូមិ​ឃ្លាំង​សាំង​ សង្កាត់​ប្ញ​ស្សី​កែវ​ ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​នោះ​ ដាក់​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​ហើយ​ បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ចំនួន​២​បទល្មើស​ គឺ​បទ​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ និង​បទ​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​មាន​របួស​អ្នក​ដទៃ​រួច​មក​ ។​

​នារី​មុខស្រស់​ជា​និស្សិត​ចិត្ត​អប្រិយ​ក្នុង​រឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ​ មានឈ្មោះ​ រ៉ូ​នី​ សេរី​វ​ឌ្ឍ​នា​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ ។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​យុវជន​២​នាក់​ និង​យុវនារី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ DUKE​ ពណ៌​ទឹកក្រូច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FF-0099​ ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។​ មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Toyota​ Camry​ ឆ្លាម​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2R-8395​ បើកបរ​ដោយ​នារី​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​បញ្ច្រាសទិស​គ្នា​ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ដួល​បោក​ផ្ទប់​ទៅ​នឹង​កញ្ចក់​រថយន្ត​រង​របួសធ្ងន់​ទាំង​៣​នាក់​ ខណៈ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ ។​ ភ្លាមៗ​នោះ​ ក្រុម​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ បាន​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ ប៉ុន្តែ​ត្រូវ​រថយន្ត​បង្ក​បើកបរ​យ៉ាង​លឿន​សំដៅ​មក​កាន់​កន្លែង​កើតហេតុ​វិញ​សា​ជា​ថ្មី​ បុក​ និង​កិន​ជន​រង​គ្រោះ​បន្ថែម​ទៀត​អូស​ប្រមាណ​៥០​ម៉ែត្រ​ បណ្តាល​ឲ្យ​យុវជន​រង​គ្រោះ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ និង​យុវជន​រង​គ្រោះ​ម្នាក់​ និង​យុវនារី​រង​គ្រោះ​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ព្រមទាំង​បណ្តាល​ឲ្យ​រង​របួស​ដល់​ប្រជា​ការពារ​២​នាក់​ផ្សេង​ទៀត​ផង​ ។​

​អនុលោម​តាម​មាត្រា​៨៥​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ គឺ​នារី​មុខស្រស់​ជា​និស្សិត​ចិត្ត​អប្រិយ​ខាងលើ​ អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១៥​លាន​រៀល​ និង​អាច​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ​ ឬ​ច្រើន​ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣(​ប្រភេទ​នៃ​ទោស​បន្ថែម​)​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.