ថ្ងៃ សៅរ៏ ទី ១៦ ខែ មករា ឆ្នាំ ២០២១

រឿង​ដីកាចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​ គឺជា​ការ​ប្រមាថ​ព្រះមហាក្សត្រ​ ប្រធានរដ្ឋសភា​ និង​កិត្យានុភាព​ស្ថាប័ន​ជាតិ​យ៉ាង​ចាស់ដៃ​

​ព្រោះតែ​ការ​ផ្ទុះ​កំហឹង​ដ៏​ពុះកញ្ជ្រោល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​លើ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គឺ​បាន​ធ្វើ​ឲ្យ​ឯកឧត្តម​ ហោ​ ណាំ​ហុង​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ មាន​លោក​ ការ​ សា​វុ​ត្ថ​ ជា​មេធាវី​តំណាង​សិទ្ធិ​ក្នុង​នាម​ជាដើម​បណ្តឹង​ នឹកនា​ និង​ម្នីម្នា​ដាក់​ពាក្យសុំ​អនុវត្តន៍​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​ ១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នាំ​ឲ្យ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ទើបត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ត្រាស់​បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​តូប​ការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​ន​ស​/​រក​ត​/១១១៥/១០៧២​ ចុះ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្នុង​នាម​ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥​នោះ​ ក្លាយ​ខ្លួន​ជា​ទណ្ឌិត​មិន​ទាន់​អនុវត្តន៍​ទោស​ និង​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​យក​ទៅ​អនុវត្តន៍​ទោស​ភ្លាមៗ​ តាម​ដីកា​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខណៈ​ក្រសួងមហាផ្ទៃ​បាន​បង្កើត​គណៈកម្មការ​មួយ​នា​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សម្រាប់​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត​ សម​ រ​ង្ស៊ី​ ដោយ​មាន​នាយ​ឧត្តមសេនីយ៍​ និង​ឧត្តមសេនីយ៍​ប៉ូលិស​ចំនួន​១៦​នាក់​ ត្រៀមខ្លួន​បំពេញការងារ​រួច​ជា​ស្រេច​ ។​

​ក្រោយមក​ ដោយ​យោង​តាម​មាត្រា​១៣៩​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​,​ មាត្រា​១៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ និង​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​ ១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​នោះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ដកហូត​ទាំងស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​កំពង់ចាម​នីតិកាល​ទី​៥​ ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ តាម​សេចក្តី​ប្រកាស​លេខ​៦៧៧​រ​.​ស​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ក្រោម​សម្ពាធ​នៃ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ព្រមទាំង​ការ​បាត់បង់​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​(​តំណាងរាស្ត្រ​)​អស់​ផង​នោះ​ រហូត​មក​ទល់​នឹង​ពេល​នេះ​ លោក​ សម​ រ​ង្ស៊ី​ មេ​បក្ស​ប្រឆាំង​ដ៏​ល្បីឈ្មោះ​ មិន​ទាន់​ហ៊ាន​ធ្វើ​មាតុភូមិនិវត្តន៍​ពី​បរទេស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅឡើយ​ ខណៈ​សំណុំរឿង​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ប្រឆាំង​នឹង​លោក​ សម​ រ​ង្ស៊ី​ ក៏​ចាប់ផ្តើម​កម្រើក​ហូរហែ​ផង​ដែរ​ ។​

​មុន​ពេល​ស្ថាប័ន​តុលាការ​កំណត់​អត្តសញ្ញាណ​លោក​ សម​ រ​ង្ស៊ី​ ថា​ ជា​ទណ្ឌិត​ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គឺ​លោក​ សម​ រ​ង្ស៊ី​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ នីតិកាល​ទី​៥​ ទទួលស្គាល់​ដោយ​សេចក្តីសម្រេច​លេខ​២៨៨/១៤​ គជ​ប​.​សសរ​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ទទួលស្គាល់​ដោយ​សេចក្តី​ប្រកាស​លេខ​១៧៤​រស​ ចុះ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ របស់​រដ្ឋសភា​ ។​ លើស​ពី​នេះ​ ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​(​សមាជិក​រដ្ឋសភា​)​ លោក​ សម​ រ​ង្ស៊ី​ បាន​ចូលរួម​ប្រជុំ​ និង​អនុម័ត​ច្បាប់​មួយ​ចំនួន​ ជា​អាទិ៍​ ៖​ ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦​ និង​មាត្រា​ទាំងឡាយ​នៃ​ជំពូក​ទី​១៥​ថ្មី​ដល់​ជំពូក​ទី​១៦​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​…​។​ល​។​ ហើយ​ច្បាប់​ខ្លះ​ ដូច​ជា​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ត្រូវ​បាន​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​ថា​ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ទៀត​ផង​ ។​ មាន​ន័យ​ថា​ ច្បាប់​ទាំងនោះ​ត្រូវ​បាន​ចូលរួម​អនុម័ត​ដោយ​ទណ្ឌិត​ សម​ រ​ង្ស៊ី​ ដែល​ជា​អ្នកតំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋសភា​ នីតិកាល​ទី​៥​ (Sic!)​ ។​

​មិនតែប៉ុណ្ណោះ​ ក្នុង​នាម​ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥(​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​)​ លោក​ សម​ រ​ង្ស៊ី​ ធ្លាប់​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ត្រាស់​បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​តូប​ការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៥/១០៧២​ ចុះ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ មាន​ន័យ​ថា​ ប្រធានរដ្ឋសភា​ស្នើ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​តូប​ការ​ ជូន​ទណ្ឌិត​ សម​ រ​ង្ស៊ី​ ដែល​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​ (Resic​ !)​ ។​

​សរុបសេចក្តី​មក​ ករណី​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញ​ដោយ​ស្ថាប័ន​តុលាការ​នា​ពេល​នេះ​ គឺជា​ការ​ប្រមាថ​យ៉ាង​ចាស់ដៃ​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ប្រធានរដ្ឋសភា​ និង​កិត្យានុភាព​ស្ថាប័ន​ជាតិ​ រួម​មាន​ ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ស្ថាប័ន​រដ្ឋសភា​ និង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ៕​

Court-to-CNRPSam-Rainsy-Letter4 Sam-Rainsy-28-07-Letter

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.