ក្រុមហ៊ុនជីបម៉ុង ស៊ីមេន ខបភើរេសិន (Chip Mong Cement Corporation) ដែលមានលោកស្រី ឧកញ៉ា ភាព ហៀក ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងមានលោកឧកញ៉ាល្បីឈ្មោះ២នាក់ទៀតជាសមាជិកភាគហ៊ុន គឺលោកឧកញ៉ា លាង ឃុន និងលោកឧកញ៉ា លាង ម៉េង នោះ បានបង្កើនដើមទុនចុះបញ្ជីពាណិជ្ជកម្មពីដើមទុនចាស់ចំនួន២០លានរៀល(ប្រមាណ៥.០០០ដុល្លារអាមេរិក) ទៅដើមទុនថ្មីចំនួន៨.០០០លានរៀល(ប្រមាណ២លានដុល្លារអាមេរិក) ដោយបែងចែកជា ១.០០០ភាគហ៊ុន ដែលមួយភាគហ៊ុនមានតម្លៃ៨លានរៀល ។
សមាសភាពសមាជិកហ៊ុន និងការកាន់កាប់ភាគហ៊ុនថ្មីរបស់ក្រុមហ៊ុន ជីបម៉ុង ស៊ីមេន ខបភើរេសិន (Chip Mong Cement Corporation) គឺ ៖ ១-លោកស្រីឧកញ៉ា ភាព ហៀក កាន់កាប់ភាគហ៊ុនចំនួន៣៩០ភាគហ៊ុន, ២-លោកឧកញ៉ា លាង ឃុន កាន់កាប់ភាគហ៊ុនចំនួន៣៨០ភាគហ៊ុន និង៣-លោកឧកញ៉ា លាង ម៉េង កាន់កាប់ភាគហ៊ុនចំនួន២៣០ភាគហ៊ុន ។
លោក លាង ឃុន ថៅកែក្រុមហ៊ុនស្រាបៀរកម្ពុជា ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៦/៤០៤ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៦ ។
លោកស្រី ភាព ហៀក ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៧/៥១១ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ។
លោក លាង ម៉េង ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៨/៨៤៣ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៨ ៕