របាយការណ៍របស់អង្គការសុខភាពពិភពលោក(WHO) បានចេញផ្សាយឲ្យដឹងថា នៅឆ្នាំ២០២០ខាងមុខ គឺឱសថចំនួន២២៥ប្រភេទថ្មីនឹងត្រូវផលិតដាក់ឲ្យប្រើប្រាស់តាមបណ្តាប្រទេសរីកចម្រើននានាក្នុងពិភពលោកជាពិសេស ទន្ទឹមនឹងតម្រូវឲ្យមានការផ្លាស់ប្តូររបៀបរបបព្យាបាលជំងឺមួយចំនួន ដូចជា ជំងឺមហារីក ជំងឺបេះដូង ជំងឺរលាកថ្លើមប្រភេទC ជំងឺផ្លូវដង្ហើម…។ល។ ព្រមទាំងវិធីសាស្ត្រថែទាំអ្នកជំងឺក៏ត្រូវការនូវបច្ចេកវិទ្យាថ្មីផងដែរ ។
អង្គការសុខភាពពិភពលោកបានព្យាករណ៍ទុកថា ចំពោះអ្នកជំងឺដែលមានប្រភេទជំងឺរ៉ាំរ៉ៃភាគច្រើននឹងទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ឧបករណ៍ពាក់ជាប់នឹងដៃ ទូរស័ព្ទឆ្លាតវៃដើម្បីតាមដានរោគសញ្ញាជំងឺ សកម្មភាពកាយសម្ព័ន្ធ និងប្រសិទ្ធភាពនៃការព្យាបាល ។
គម្រោងចំណាយសម្រាប់ការផលិតបណ្តាឱសថចំនួន២២៥ប្រភេទថ្មីនេះ ត្រូវបានអង្គការ WHO វាយតម្លៃថា នឹងធ្វើឲ្យខ្ទង់ចំណាយលើវិស័យសុខាភិបាលកើនឡើងពី៣ភាគរយទៅ៦ភាគរយក្នុងមួយឆ្នាំ ពោលគឺពីប្រមាណ១.០០០ប៊ីលានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន កើនទៅដល់១.៣០០ប៊ីលានដុល្លារអាមេរិក ៕