ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

អាថ៌​កំបាំង​ក្នុង​រឿង​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​មិន​សហការ​ជាមួយ​ ACU​ លើ​ដំណើរការ​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​៧

​យោង​តាម​ស្មារតី​ប្រកាស​លេខ​១៤៧​ក​យ​.​ប្រក​/១៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៥​ របស់​ក្រសួងយុត្តិធម៌​ និង​ចំណារ​ឯកភាព​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ គឺ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ដែល​មាន​ឯកឧត្តម​ ឈ​ន​ ព្រលឹង​ ជា​ប្រធាន​ បាន​កំណត់​កាលបរិច្ឆេទ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​ចំនួន​៥០​នាក់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៨-០៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​ នៅ​មណ្ឌល​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ។​ ប៉ុន្តែ​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាក់ទង​ទៅ​នឹង​ដំណើរការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​របស់​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ គឺ​បែរជា​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​គ្មាន​ឆន្ទៈ​ និង​មិន​មានការ​សហការ​ល្អជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​ ACU​ បដិសេធ​ក្នុង​ការ​ចូលរួម​សង្កេតការណ៍​លើ​ដំណើរការ​ប្រឡង​ដ៏​មាន​សារៈសំខាន់​នេះ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​០៣៩/១៥​ល​ឆត​.​អប​ព​ ចុះ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គោរព​ជូន​ឯកឧត្តម​ ឈ​ន​ ព្រលឹង​ ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ក្នុង​កម្មវត្ថុ​ឆ្លើយ​តប​ស្តី​ពី​ការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ដោយ​បាន​បញ្ជាក់​ថា​ "​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បដិសេធ​មិន​ចូលរួម​ក្នុង​ការ​សង្កេតការណ៍​លើ​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ទេ​ ដោយហេតុ​ថា​ រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​គ្មាន​ឆន្ទៈ​ និង​មិន​មានការ​សហការ​ល្អជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ "​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កំណែទម្រង់​វិស័យ​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​ចោទ​ជា​សំណួរ​ថា​ កន្លង​មក​ ACU​ ធ្លាប់​បាន​ចូលរួម​សង្កេតការណ៍​លើ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជា​ហូរហែ​ក្នុង​ន័យ​ពង្រឹង​ លើក​ស្ទួយ​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​ ចុះ​ហេតុ​អ្វី​ក្នុង​ដំណើរការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​ដ៏​មាន​សារៈសំខាន់​ បែរជា​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​មាន​ឯកឧត្តម​ ឈ​ន​ ព្រលឹង​ ជា​ប្រធាន​ និង​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ គ្មាន​ឆន្ទៈ​ និង​មិន​មានការ​សហការ​ល្អជា​មួយ​ ACU​ ខណៈ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​តាំងពី​ជំនាន់​ទី​១​រហូត​ដល់​ជំនាន់​ទី​៦​ ល្បីល្បាញ​ថា​ មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​មិន​សាមញ្ញ​ឡើយ​ ក្នុង​ន័យ​ពង្រឹងគុណភាព​ចំណេះដឹង​ចៅក្រម​-​ព្រះរាជអាជ្ញា​ក្នុង​ស្ថាប័ន​តុលាការ​ បម្រើ​ក្នុង​វិស័យ​យុត្តិធម៌​ទៅ​វិញ​ ?​ ឬ​មួយ​ក៏​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​យល់​ឃើញ​ថា​ ACU​ ក៏​ពុក​រលួយ​ដែរ​ ហើយ​បើ​មានការ​ចូលរួម​មក​សង្កេតការណ៍​ នាំ​តែ​ធ្វើ​ឲ្យ​បែក​ទឹក​លុយ​ ក្នុង​ខណៈ​ដំណើរការ​ប្រឡង​ចង់​បន្ត​និរន្តរភាព​នៃ​អំពើ​ពុក​រលួយ​ ដូច​ការ​ល្បី​តៗ​មក​ដដែល​ ?

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យោង​តាម​ខ្លឹមសារ​លិខិត​របស់​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​មេ​ ACU​ គោរព​ជូន​ឯកឧត្តម​ ឈ​ន​ ព្រលឹង​ ជា​មេ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ គឺ​ហាក់​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​ រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​គ្មាន​ឆន្ទៈ​ និង​មិន​មានការ​សហការ​ល្អជា​មួយ​ ACU​ លើ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ឬ​គ្មាន​ភាព​ស៊ីចង្វាក់​គ្នា​ក្នុង​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ស្ថាប័ន​ទាំង​ពីរ​ លើ​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​នោះ​ទេ​ ។​

​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០១០៥/០១៩​ ចុះ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០០៥​ អតីត​ឋិត​នៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​មាន​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នោះ​ ត្រូវ​បាន​ផ្ទេរ​ឲ្យ​មក​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងយុត្តិធម៌​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០៥៨​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ដែល​គ្រប់គ្រង​លើ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ បាន​ចេញ​ប្រកាស​មួយ​លេខ​១៤៧​ក​យ​.​ប្រក​/១៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កំណត់​ចំនួន​នៃ​ការ​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​ បាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​ចំនួន​៥០​នាក់​ តាម​រយៈ​ការ​ប្រឡងប្រជែង​ ដែល​បេក្ខជន​អាច​ចូលរួម​ប្រឡងប្រជែង​ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​នេះ​បាន​ ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​តទៅ​ ៖​ ១-​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ ។​ ២-​មាន​អាយុ​៣៥​ឆ្នាំ​យ៉ាងច្រើន​ ចំពោះ​បេក្ខជន​ជា​និស្សិត​ និង​មាន​អាយុ​៤០​ឆ្នាំ​យ៉ាងច្រើន​ ចំពោះ​បេក្ខជន​ជា​មន្ត្រីរាជការ​ គិត​មក​ដល់​ថ្ងៃ​ប្រឡង​ ។​ ៣-​ត្រូវ​មាន​សញ្ញាបត្រ​ចាប់ពី​បរិញ្ញាបត្រ​ច្បាប់​ឡើង​ទៅ​ ។​ ៤-​មិន​ដែល​មានទោស​ពី​បទមជ្ឈិម​ ឬ​បទឧក្រិដ្ឋ​ ។​ ៥-​ត្រូវ​មាន​កាយសម្បទា​គ្រប់គ្រាន់​អាច​បំពេញការងារ​បាន​ ។​

​ឯកឧត្តម​ ឈ​ន​ ព្រលឹង​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)​ និង​អតីត​ជា​អនុប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១១/០៣០​ ចុះ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១១​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១១/១០៨២​ ចុះ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១១​ ។​

​ក្រៅពី​មានមុខ​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ គឺ​ឯកឧត្តម​ ឈ​ន​ ព្រលឹង​ ក៏​ជា​ប្រធាន​មន្ទីរ​សារការី​ វាណិជ្ជ​ និង​សហ​ភាតា​ (Vinick​ and​ Associates​ Notary​ Public)​ សរសេរ​កាត់​ថា​ (​ម​.​ស​.​វ​-V&A​ Notary)​ ផង​ដែរ​ ៕​

ACU-Court Court-Control-1Chhorn-Proloeng

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.