ក្នុងចំណោមតារានយោបាយទាំងបីដួងនៅកម្ពុជា រួមមាន ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា (តារាកំពុងរះ) លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (តារាកំពុងរះ) និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច (អតីតជាតារាធ្លាប់រះ តែសព្វថ្ងៃលិចបាត់ពន្លឺទៅហើយ) មានតារានយោបាយ២ដួងជាប់ឈ្មោះជាអ្នកនយោបាយ ទទួលបានការលើកលែងទោសពីអង្គព្រះមហាក្សត្រជាទីសក្ការៈច្រើនជាងគេ ដោយមានចំនួន២លើកស្មើគ្នា បន្ទាប់ពីទទួលរងការផ្តន្ទាទោសដោយស្ថាប័នតុលាការនៅកម្ពុជា ជាប់ឈ្មោះក្លាយជាទណ្ឌិត គឺសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ (លើកលែងទោសលើកទី១ឆ្នាំ១៩៩៨ និងលើកលែងទោសលើកទី២ឆ្នាំ២០០៨) និងលោក សម រង្ស៊ី (លើកលែងទោសលើកទី១ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៦/០៦៨ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៦ និងលើកលែងទោសលើកទី២ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៣/៨២៧ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣) ដើម្បីបានឱកាសបន្តជីវភាពនយោបាយតរៀងមក ។
រាល់ការលើកលែងទោសដល់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ក្តី និងដល់លោក សម រង្ស៊ី ក្តីនាពេលកន្លងមក សុទ្ធតែបានឆ្លងកាត់តាមសេចក្តីក្រាបបង្គំទូលថ្វាយ (ការស្នើ) របស់បុរសខ្លាំង ក្នុងឋានៈជានាយករដ្ឋមន្ត្រី ថ្វាយព្រះមហាក្សត្រទាំងអស់ ទោះបីមាត្រា២៧នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។ " ក៏ដោយ ។
បច្ចុប្បន្ន លោក សម រង្ស៊ី ខណៈកំពុងកាន់តំណែងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥ តាំងពីឆ្នាំ២០១៤សុខៗ ស្រាប់តែស្ថាប័នតុលាការបញ្ជាក់ថា លោក សម រង្ស៊ី គឺជាទណ្ឌិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ១៧ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ (សាលដីកាបានចូលស្ថាពរតាំងពីឆ្នាំ២០១៣) តែមិនទាន់បានអនុវត្តន៍ទោសនៅឡើយទៅវិញ ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួនយកទៅអនុវត្តន៍ទោស នៅពន្ធនាគារកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅថ្មីៗទៀតផង (Sic!) ។ លើសពីនេះ លោក សម រង្ស៊ី ត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ ប្រកាសថា បាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥ទាំងស្រុង តាមសេចក្តីប្រកាសលេខ៦៧៧រស ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈលោក សម រង្ស៊ី កំពុងឋិតនៅឯបរទេស ។
ក្រោមសម្ពាធនៃដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៥អយឃ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចេញដោយលោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសេចក្តីប្រកាសលេខ៦៧៧រស ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ប្រធានរដ្ឋសភានោះ គឺលោក សម រង្ស៊ី ស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញឲ្យបានជាក់លាក់នៅឡើយ ។
សំណួរត្រូវចោទសួរថា ក្នុងស្ថានភាពជាប់ឈ្មោះជាទណ្ឌិត និងបាត់បង់សមាជិកភាពជាសមាជិករដ្ឋសភា(តំណាងរាស្ត្រ)បែបនេះ តើលោក សម រង្ស៊ី មេគណបក្សប្រឆាំងនឹងដោះស្រាយ ឬដើរតាមច្រកណា ដើម្បីអាចធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់មកកាន់ប្រទេសកម្ពជាវិញ និងបន្តជីវភាពនយោបាយក្នុងនាមជាអ្នកតំណាងរាស្ត្រនីតិកាលទី៥បន្តទៀត ដោយមិនឆ្លងកាត់ឲ្យមានការចាប់ខ្លួន និងអនុវត្តន៍ទោសនៅពន្ធនាគារ ដ្បិតមាត្រា១៣៩ កថាខណ្ឌទី៤ និងកថាខណ្ឌទី៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណារាស្ត្របានចែងថា "សមាជិករដ្ឋសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួនទៅតាមករណីណាមួយដូចខាងក្រោម ៖ -សាមីខ្លួនត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ ។ …កាលបើសមាជិករដ្ឋសភារូបណាមួយត្រូវបាត់បង់សមាជិកភាពមានរយៈពេល០៦(ប្រាំមួយ)ខែយ៉ាងតិចមុនចប់នីតិកាល សាមីគណបក្សនយោបាយនោះអាចស្នើជ្រើសតាំងសមាជិកថ្មីជំនួស ដោយជ្រើសរើសក្នុងចំណោមបេក្ខជនដែលមានឈ្មោះតាមលំដាប់លេខរៀងក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃមណ្ឌលបោះឆ្នោតរបស់សាមីខ្លួននោះ មកជំនួសដោយមិនបាច់បោះឆ្នោតឡើងវិញ ។ " ?
ចម្លើយគឺអាចមានច្រកចេញចំនួន២សម្រាប់ឲ្យលោក សម រង្ស៊ី ជ្រើសរើស ដូចខាងក្រោម ៖
១-អាចដាក់ពាក្យបណ្តឹងសើរើតាមនីតិវិធីស្ថាប័នតុលាការ (ប្រសិនបើមានព័ស្តុតាងអ្វីថ្មីសម្រាប់ដោះបន្ទុកក្នុងសំណុំរឿង) ដើម្បីឲ្យតុលាការជំនុំជម្រះឡើងវិញ ក្រែងបានរួចផុតពីបទចោទប្រកាន់(មោឃភាពសាលដីកាព្រហ្មទណ្ឌ ឬសាលក្រមព្រហ្មទណ្ឌស្ថាពរដែលតុលាការកាត់ក្តីពីពេលមុន) ប៉ុន្តែជម្រើសនេះអាចទៅរួច គឺអាស្រ័យលើបុរសខ្លាំង និងឯកឧត្តម ហោ ណាំហុង ជាដើមបណ្តឹង ព្រមទាំងស្ថាប័នតុលាការបើកភ្លើងខៀវផង ទើបបានសម្រេច ។
២-អាចបន្ទន់ឥរិយាបថជាមួយបុរសខ្លាំង ហើយការទទួលបានការឯកភាពពីបុរសខ្លាំង ឈានទៅស្នើសុំលើកលែងទោសពីអង្គព្រះមហាក្សត្រជាទីសក្ការៈជាលើកទី៣ ដើម្បីទទួលបានសុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិឡើងវិញ ស្របតាមមាត្រា១៥នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រដែលបានចែងថា "តំណាងរាស្ត្ររូបណាមួយជាទណ្ឌិត ហើយត្រូវបានព្រះមហាក្សត្រលើកលែងទោស តំណាងរាស្ត្ររូបនោះនឹងបានទទួលសុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិឡើងវិញ ។ " ។ ជម្រើសនេះ គឺអាស្រ័យលើលោក សម រង្ស៊ី និងបុរសខ្លាំងចរចាត្រូវរ៉ូវគ្នាទើបអាចទៅរួច ហើយប្រសិនបើលោក សម រង្ស៊ី សម្រេចដើរតាមច្រកនេះ មានន័យថា លោក សម រង្ស៊ី ជាប់ជាឯតទគ្គបុគ្គលនយោបាយម្នាក់ខាងទទួលបានការលើកលែងទោសច្រើនជាងគេបង្អស់លើឆាកនយោបាយខ្មែរ (លើកលែងទោសចំនួន៣ដង) ។
សូមរង់ចាំតាមដានទស្សនាឈុតឆាកនយោបាយកម្ពុជានៅវគ្គបន្តទាំងអស់គ្នា តើលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព អាចជាប់ជាឯតទគ្គបុគ្គលនយោបាយខាងទទួលបានការលើកលែងទោសច្រើនជាងគេបង្អស់ដែរឬទេ ? ៕