យោងតាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ១៧ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ ដែលបាននាំឲ្យសាលក្រមព្រហ្មទណ្ឌលេខ៣២(ច) ចុះថ្ងៃទី២៥ ខែមសា ឆ្នាំ២០១១ និងសាលក្រមព្រហ្មទណ្ឌលេខ៨៩(ច) ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញចូលជាស្ថាពរនោះ គឺលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជាប់ឈ្មោះជាទណ្ឌិត ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប៉ុន្តែទណ្ឌិតឈ្មោះ សម រង្ស៊ី មិនទាន់បានអនុវត្តន៍ទោសនៅឡើយទេ ។
ទោះបីជាលោក សម រង្ស៊ី នៅជាប់ឈ្មោះជាទណ្ឌិត(ជនមានទោសជាស្ថាពរ)ក៏ដោយ ក៏ទណ្ឌិតរូបនេះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រធានរដ្ឋសភានីតិកាលទី៥ សម្រេចនិងប្រកាសទទួលស្គាល់ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម តាំងពីខែកក្កដា ឆ្នាំ២០១៤ និងមានឱកាសបានចូលរួមប្រជុំ និងអនុម័តច្បាប់ផ្សេងៗនៅក្នុងរដ្ឋសភា ព្រមទាំងបានធ្វើការប្រាស្រ័យទាក់ទងជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា…។ល។ ទៀតផង ។
លើសពីនេះ ទណ្ឌិត សម រង្ស៊ី និងក្រុមគ្រួសារ(ប្រពន្ធ-កូនបង្កើត និងកូនប្រសា) មានឱកាសជាកិត្តិយសបានទទួលទានបាយសាមគ្គី និងថតរូប Selfie ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ(ប្រពន្ធ-កូនបង្កើត និងកូនប្រសា)យ៉ាងហ៊ឺហា ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត កាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ នៅសណ្ឋាគារ សូហ្វីតែល កាំបូឌីយ៉ាណា រៀបចំដោយលោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាឈ្មួញដ៏ល្បីឈ្មោះនៅកម្ពុជា ។
ស្រាប់តែរយៈពេល០៤ខែក្រោយមក គឺកាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ អារម្មណ៍របស់បុរសខ្លាំងបែរជាមានការប្រែប្រួលយ៉ាងខ្លាំងដល់១៨០អង្សា ដោយសម្តែងនូវការខឹងសម្បាលើលោក សម រង្ស៊ី រហូតប្រើពាក្យហៅលោក សម រង្ស៊ី ថាជា “កូនអាក្បត់ជាតិ” តាមប្រវត្តិសាស្ត្របន្សល់ទុកពីសម័យសម្តេចព្រះ នរោត្តម សីហនុ ដោយបំភ្លេចរាល់អនុស្សាវរីយ៍បាយសាមគ្គី និងថត Selfie ទាំងក្រុមគ្រួសារជាមួយគ្នាអស់រលីងទៅវិញ ។
ក្រោយការផ្ទុះកំហឹងតែមួយថ្ងៃរបស់បុរសខ្លាំងទៅលើលោក សម រង្ស៊ី ជាហូរហែនោះ ឯកឧត្តម ហោ ណាំហុង ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាដើមបណ្តឹងដែលប្តឹងលោក សម រង្ស៊ី តាមរយៈលោក ការ សាវុត្ថ ជាមេធាវីតំណាងសិទ្ធិ បានដាក់ពាក្យសុំអនុវត្តន៍សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ១៧ក៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ នៅថ្ងៃដដែល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យកងកម្លាំងសាធារណៈចាប់ និងនាំខ្លួនទណ្ឌិតឈ្មោះ សម រង្ស៊ី យកទៅអនុវត្តន៍ទោសនៅពន្ធនាគារ ខណៈលោក សម រង្ស៊ី កំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុន ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋសភាបានសម្រេចដកហូត សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម ពីលោក សម រង្ស៊ី ទាំងស្រុង ។
ចាប់តាំងពីថ្ងៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី តាមពាក្យស្នើសុំអនុវត្តន៍សាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ ពីសំណាក់ឯកឧត្តម ហោ ណាំហុង តាមរយៈលោកមេធាវី ការ សាវុត្ថ មក ទើបមជ្ឈដ្ឋានទូទៅដឹងថា លោក សម រង្ស៊ី គឺជាទណ្ឌិតម្នាក់ដែលមិនទាន់បានអនុវត្តន៍ទោស ប៉ុន្តែបែរជាកន្លងមក បានក្លាយជាអ្នកតំណាងរាស្ត្រចូលរួមប្រជុំ និងអនុម័តច្បាប់ផ្សេងៗនៅក្នុងរដ្ឋសភា បានទទួលទានបាយសាមគ្គី និងថត Selfie ពោរពេញដោយកិត្តិយស និងស្និទ្ធស្នាលជាមួយបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានធ្វើការងារយ៉ាងច្រើនជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (Sic!) ។
សូមប្រិយមិត្តអ្នកអានមេត្តាជួយពិចារណា និងផ្តល់ពិន្ទុផងទៅមើលថា តើកិត្តិយសរបស់បុរសខ្លាំង និងក្រុមគ្រួសារ ក្លាយជាយ៉ាងណាដែរ នៅពេលបានទទួលទានបាយសាមគ្គី និងថត Selfie ជាមួយលោក សម រង្ស៊ី មានឈ្មោះជាទណ្ឌិត ? តើកិត្យានុភាពរបស់ស្ថាប័នរដ្ឋសភាទៅជាយ៉ាងណាដែរ នៅពេលដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា ទទួលស្គាល់ទណ្ឌិតឈ្មោះ សម រង្ស៊ី ជាអ្នកតំណាងរាស្ត្រ បានចូលរួមប្រជុំ និងអនុម័តច្បាប់ផ្សេងៗនៅក្នុងរដ្ឋសភា អស់រយៈពេលជាង១ឆ្នាំ ? តើមុខមាត់របស់សម្តេចក្រឡាហោម ស ខេង ទៅជាយ៉ាងណាដែរ នៅពេលបានបំពេញការងារយ៉ាងច្រើនរួចទៅហើយជាមួយទណ្ឌិតឈ្មោះ សម រង្ស៊ី ទោះបានដឹងមុន ឬមិនបានដឹងជាមុនក្តី ? ៕