ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ជា​កំហុស​អ្នក​ណា​ ? ករណី​រឿង​ក្តី​មេ​បក្ស​ប្រឆាំង​៣​សំណុំរឿង​ទទួល​បានការ​លើកលែងទោស​ត្រឹម​២​សំណុំរឿង​ សល់​១​រឿង​បង្ក​ភាព​វឹកវរ

​ទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ និង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ទៅ​លើ​ចំណាត់ការ​ផ្លូវច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ស្ថាប័ន​តុលាការ​កម្ពុជា​ដែល​ក្រោយ​កើត​មាន​ប្រតិកម្ម​ក្ឌុង​ក្ឌាំង​របស់​បុរស​ខ្លាំង​ ទៅ​លើ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​ថ្ងៃ​ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ភ្លែត​ នា​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាស់​គំរឹល​មួយ​ ក្នុង​ចំណោម​សំណុំរឿង​ព្រហ្មទណ្ឌ​ទាំង​៣​ បន្សល់​ទុក​កាលពី​អំឡុង​ឆ្នាំ​២០១៣​ និង​ក្នុង​ខណៈ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ក្លាយជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ តាំងពី​ខែកក្កដា​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទទួល​បានការ​លើកលែងទោស​ចំនួន​២​សំណុំរឿង​ ពី​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​(​សំណើ​)​របស់​បុរស​ខ្លាំង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ។​ ទន្ទឹម​នឹង​នេះ​ មាន​សំណួរ​ត្រូវ​ចោទសួរ​ថា​ តើ​ជា​កំហុស​អ្នក​ណា​ករណី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​មេ​គណបក្សប្រឆាំង​ ទទួល​បានការ​លើកលែងទោស​ត្រឹមតែ​២​សំណុំរឿង​ ក្នុង​ចំណោម​៣​សំណុំរឿង​ ដោយ​បន្សល់​ទុក​១​សំណុំរឿង​ក្លាយជា​ហេតុផល​ផ្លូវច្បាប់​ឲ្យ​ឯកឧត្តម​ ហោ​ ណាំ​ហុង​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ នឹកនា​ និង​ឈាន​ទៅ​ឲ្យ​ស្ថាប័ន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នៅ​ចុងឆ្នាំ​២០១៥​ ហើយ​ធ្វើ​ឲ្យ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ទៅ​វិញ​ ?

Sam--

​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៩​រហូត​មក​ដល់​មុន​កាលបរិច្ឆេទ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ និង​មុន​ពេល​ទទួល​បាន​ព្រះរាជក្រឹត្យ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ ក្រោម​រូបភាព​សម្របសម្រួល​ខាង​នយោបាយ​នោះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ធ្លាប់​ទទួល​រង​នូវ​ការ​ចោទប្រកាន់​ និង​ផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ​ចំនួន​៣​សំណុំរឿង​ ដូច​ខាងក្រោម​ ៖

១-​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ អំឡុង​ឆ្នាំ​២០០៨​ មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ (​សំណុំរឿង​ក្តី​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៣២"​ច​"​ ចុះ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១១​ និង​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៨៩"​ច​"​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១១​ ដែល​ចូល​ជា​ស្ថាពរ​ដូច​មាន​បញ្ជាក់​នៅ​ក្នុង​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​)​ ។​

Court-to-CNRP
 

២-​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​ កម្ពុជា​-​វៀតណាម​ និង​ការ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ ប្រព្រឹត្ត​នៅ​ខេត្តស្វាយរៀង​អំឡុង​ឆ្នាំ​២០០៩​ (​សំណុំរឿង​ក្តី​នេះ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​៣២​ ចុះ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១១)​ ។​

៣-​បទ​ក្លែងបន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានបទឧក្រិដ្ឋ​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​២០១០​ (​សំណុំរឿង​ក្តី​នេះ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣​លាន​រៀល​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​៨៤​ក្រ​III​ឃ​ ចុះ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១១)​ ។​


​ដោយសារ​មានការ​រំខាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​ខាងលើ​នេះ​ បាន​ជំរុញ​ឲ្យ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បង្ខំចិត្ត​និរទេស​ខ្លួន​រស់នៅ​ឯ​បរទេស​ចាប់តាំងពី​ឆ្នាំ​២០០៩​ រហូត​ដល់​ថ្ងៃ​ទទួល​បានការ​លើកលែងទោស​ ក្រោម​រូបភាព​សម្របសម្រួល​ខាង​ផ្នែក​នយោបាយ​ ដើម្បី​បាន​ឱកាស​ធ្វើ​មាតុភូមិនិវត្តន៍​វិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ និង​បាន​បន្ត​ជីវភាព​នយោបាយ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ប្រព្រឹត្ត​ទៅ​នៅ​ខែកក្កដា​ ឆ្នាំ​២០១៣​ ។​

Sam-Rainsy-To-Hun-Sen-2013

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​បំពេញ​នីតិវិធី​ឈាន​ទៅ​ទទួល​បានការ​លើកលែងទោស​ គឺ​គ្រប់​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​ទាំងអស់​ដែល​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ក្រៅ​តែ​ពី​សំណុំរឿង​ក្តី​សម្រេច​រួច​ហើយដោយ​តុលាការ​កំពូល​ ត្រូវ​បាន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​មានឈ្មោះ​ជា​ជនជាប់ចោទ​ សម្រេច​មិន​បន្ត​ប្តឹង​ឧទ្ធរណ៍​ និង​មិន​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ឡើយ​ ក្នុង​គោលបំណង​ឲ្យ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលដីកា​របស់​សាលាឧទ្ធរណ៍​បាន​ចូល​ជា​ស្ថាពរ​ទាំងស្រុង​ ។​ មាន​ន័យ​ថា​ ទាំង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទាំង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​សម្រេច​ផ្តន្ទាទោស​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដាក់​ពន្ធនាគារ​ ត្រូវ​បាន​ចូល​ជា​ស្ថាពរ​ទាំងអស់​ ។​ ក្រោយមក​ នៅ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៣​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​លិខិតស្នើ​សុំ​ព្រះ​រាជទាន​លើកលែងទោស​(​មិនដឹង​ជា​បាន​ភ្ជាប់​ឯកសារ​សាលក្រម​ ឬ​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​របស់​តុលាការ​គ្រប់​ចំនួន​ ឬ​យ៉ាងណា​នោះ​ទេ​)​ ។​ នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​លិខិត​ក្រាប​បង្គំ​ទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ សូម​លើកលែងទោស​ដល់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ទទួល​រង​ការ​ផ្តន្ទាទោស​តាម​សាលដីកា​ស្ថាពរ​លេខ​៣២​ ចុះ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​(​សំណុំរឿង​ទី​២)​ និង​សាលដីកា​ស្ថាពរ​លេខ​៨៤​ក្រ​III​ឃ​ ចុះ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១១​ របស់​សាលាឧទ្ធរណ៍​(​សំណុំរឿង​ទី​៣)​ ។​ នៅ​ទីបំផុត​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ក៏​ទទួល​បានការ​លើកលែងទោស​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ហើយ​ក៏​បាន​ធ្វើ​មាតុភូមិនិវត្តន៍​វិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ នា​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៣​ ។​

Sam-Hun-Sen-2013

​ទោះ​យ៉ាងណា​ ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ងឿងឆ្ងល់​នោះ​គឺ​នៅ​ត្រង់​ថា​ សេចក្តី​ស្នើ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ និង​ព្រះរាជក្រឹត្យ​លើកលែងទោស​លេខ​ន​ស​/​រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ មិន​បាន​លើកលែងទោស​ដល់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ចំពោះ​ទោស​ដែល​កំណត់​នៅ​ក្នុង​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​នោះ​ឡើយ​ (​សំណុំរឿង​ទី​១)​ ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចោទ​ជា​សំណួរ​ថា​ តើ​ជា​កំហុស​របស់​អ្នក​ណា​ បានជា​រឿង​ក្តី​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ មាន​៣​សំណុំរឿង​ បែរជា​ទទួល​បានការ​លើកលែងទោស​ត្រឹមតែ​២​សំណុំរឿង​ បន្សល់​ទុក​១​សំណុំរឿង​ឲ្យ​មាន​ភាព​រសេមរសាម​រហូត​ទល់​បច្ចុប្បន្ន​ទៅ​វិញ​ ?​ ជា​កំហុសឆ្គង​មក​ពី​ការ​ធ្វេសប្រហែស​របស់​ក្រុម​អ្នក​ច្បាប់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ផ្ទាល់​ដែល​រៀបចំ​ឯកសារ​សាលដីកា​ ឬ​សាលក្រម​ស្ថាពរ​របស់​តុលាការ​មិន​គ្រប់​ជ្រុងជ្រោយ​ ឬ​មក​ពី​ល្បិច​ដាក់​អន្ទាក់​តាម​ផ្លូវច្បាប់​របស់​បុរស​ខ្លាំង​ សម្រាប់​ទុក​ចាប់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នៅ​ពេល​ណាមួយ​មិន​សប្បាយចិត្ត​ ?

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​ចង់​ស៊ើបអង្កេត​ស្រាវជ្រាវ​ស្វែងរក​នូវ​កំហុសឆ្គង​ដែល​កើត​ចេញពី​ភាគី​ណាមួយ​ក្នុង​សំណុំរឿង​ក្តី​ និង​ការ​លើកលែងទោស​ដល់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​ត្រូវ​ចាប់ផ្តើម​ត្រួតពិនិត្យ​ជា​សំខាន់​ទៅ​លើ​លិខិត​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ចុះ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៣​ ដែល​បាន​ស្នើ​សុំ​ព្រះ​រាជទាន​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ តើ​មាន​ភ្ជាប់​ឯកសារ​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​របស់​តុលាការ​គ្រប់គ្រាន់​ដែរ​ឬទេ​(​បើ​ឯកសារ​មិន​គ្រប់គ្រាន់​ គឺជា​កំហុស​នៃ​ការ​ធ្វេសប្រហែស​ខ្លួនឯង​)​ ?​  ប៉ុន្តែ​បើ​មាន​ឯកសារ​ស្នើ​សុំ​គ្រប់គ្រាន់​ទាំង​៣​សំណុំរឿង​ហើយ​នោះ​ គឺ​អាច​ជា​កំហុសឆ្គង​ធ្លាក់​ទៅ​លើ​ខ្លួន​បុរស​ខ្លាំង​ដែល​មាន​ភាព​មិន​ស្មោះត្រង់​ចំពោះ​ការ​លើកលែងទោស​ដល់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ។​

​ឥឡូវ​ ភាព​វឹកវរ​ដែល​បន្សល់​ទុក​ពី​ការ​សេសសល់​១​សំណុំរឿង​ មិន​បាន​លើកលែងទោស​កាលពី​ឆ្នាំ​២០១៣​នោះ​ហើយ​ ទើប​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ក្រោយ​ពី​មានការ​ខឹងសម្បា​ខ្លាំងៗ​របស់​បុរស​ខ្លាំង​តែ​មួយ​ថ្ងៃ​ និង​សិទ្ធិ​ បុព្វសិទ្ធិ​ ព្រមទាំង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តកំពង់ចាម​ នីតិកាល​ទី​៥​ ត្រូវ​បាន​បាត់បង់​ទាំងស្រុង​ ។​

​សង្ឃឹមថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ មេដឹកនាំ​គណបក្សកាន់អំណាច​ និង​លោក​ សម​ រ​ង្ស៊ី​ មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ល្បីឈ្មោះ​ នឹង​អាច​ដឹង​យ៉ាង​ច្បាស់​ថា​ ក្នុង​ករណី​នេះ​ គឺ​កើត​ចេញពី​កំហុស​របស់​អ្នក​ណាមួយ​ ឬ​ទាំង​ពីរ​យ៉ាង​ពិតប្រាកដ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.