ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​រដ្ឋសភា​បក្ស​កាន់​អំណាច​ដកហូត​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ទាំងស្រុង​

​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ដែល​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​នោះ​ ឥឡូវនេះ​ ត្រូវ​បាន​រដ្ឋសភា​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ សម្រេច​ដកហូត​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តកំពង់ចាម​ នីតិកាល​ទី​៥​ទាំងស្រុង​ហើយ​ ដោយ​ប្រកាស​លេខ​៦៧៧​រស​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ជា​ប្រធានរដ្ឋសភា​ និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​អំណ​ច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ ដែល​ធ្វើ​ឲ្យ​សាលក្រម​ព្រហ្មទណ្ឌ​៣២(​ច​)​ ចុះ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១១​ និង​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៨៩(​ច​)​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១១​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចូល​ជា​ស្ថាពរ​ បាន​សម្រេច​ផ្តន្ទាទោស​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ហើយ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​បញ្ជាក់​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​មិន​ទាន់​បាន​អនុវត្តន៍​ទោស​នៅឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​១៤​ កថាខណ្ឌ​ទី​៣​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១០០៦/០២៥​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០០៦​ បាន​ចែង​ថា​ "​តំណាងរាស្ត្រ​ដែល​មាន​សាលក្រម​ស្ថាពរ​ ឬ​សាលដីកា​ស្ថាពរ​សម្រេច​ថា​ ជា​ទណ្ឌិត​ជាប់​ពន្ធនាគារ​ ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ ។​ "​ ដូច្នេះ​ អ្នកតំណាង​រាស្ត្រ​ សម​ រ​ង្ស៊ី​ ជា​សមាជិក​រដ្ឋសភា​ត្រូវ​មាន​អភ័យឯកសិទ្ធិ​សភា​ ហើយ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ ត្រូវ​ប្រឈម​ការ​បាត់បង់​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ និង​ក៏​ត្រូវ​អស់​អភ័យឯកសិទ្ធិ​សភា​ជា​ស្វ័យប្រវត្តិ​ដែរ​ ពីព្រោះ​បាន​បាត់បង់​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ ។​ ការ​អស់​អភ័យឯកសិទ្ធិ​សភា​របស់​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ គឺជា​ការ​បើកផ្លូវ​ឲ្យ​កម្លាំង​សមត្ថកិច្ច​សាធារណៈ​អាច​ធ្វើការ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​បាន​ ប្រសិនបើ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Sam-- Court-to-CNRP

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.