ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

បុរស​ខ្លាំង​ជា​មេ​បក្ស​កាន់​អំណាច​ មិន​ហ៊ាន​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​ ឬ​មេ​បក្ស​ប្រឆាំង​មិន​”​សឿង​”​ឲ្យ​បុរស​ខ្លាំង​ចាប់ខ្លួន​ ?

​មិនមែន​ជា​រឿង​ប្លែក​ ឬ​ថ្មី​នោះ​ទេ​ចំពោះ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ មេដឹកនាំ​គណបក្សប្រឆាំង​ (​តាំងពី​អតីត​ជា​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ រហូត​ដល់​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​)​ ដែល​ធ្លាប់​ទទួល​រង​ការ​ផ្តន្ទាទោស​ពី​សំណាក់​ស្ថាប័ន​តុលាការ​កម្ពុជា​ ដែល​ល្បី​ខាង​មិន​ឯករាជ្យ​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​រាជរដ្ឋាភិបាល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ ឬ​ក្រោម​បណ្តឹង​របស់​ឥស្សរជន​នយោបាយ​ផ្សេង​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​គ្រប់​ករណី​កន្លង​មក​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទោះបី​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ក៏​ដោយ​ ក៏​មិន​ដែល​ធ្លាប់​អនុវត្តន៍​ទោសទណ្ឌ​នោះ​ទេ​ គឺ​តែង​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ​ តាម​រយៈ​ការ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ និង​ម្យ៉ាងទៀត​ គ្រប់​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ​ រួម​ទាំង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ផង​ តែង​ប្រព្រឹត្ត​ឡើង​នៅ​ពេល​ដែល​ឯកឧត្តម​ សម​ រ​ង្ស៊ី​ កំពុង​ឋិត​នៅ​ឯ​បរទេស​ ។​

​តួយ៉ាង​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទាំង​មាន​អភ័យឯកសិទ្ធិ​សភា​ជាប់​ខ្លួន​ និង​កំពុង​បំពេញបេសកកម្ម​នៅ​ឯ​បរទេស​ នៅ​ក្នុង​សំណុំរឿង​ចំណាស់​មួយ​ មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ ដែល​ផ្តន្ទាទោស​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ ដែល​មិន​ទាន់​ទទួល​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នៅឡើយ​ ហើយ​ខណៈ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ ប្រកាស​ទទួលស្គាល់​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ តាំងពី​ខែកក្កដា​ ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ថា​ ប្រសិនបើ​បុរស​ខ្លាំង​ជា​មេ​បក្ស​កាន់​អំណាច​ក្លាហាន​ហ៊ាន​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ មេ​បក្ស​ប្រឆាំង​ឲ្យ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​នោះ​ គឺ​មិន​ខ្វះ​ឱកាស​ទេ​ ចុះ​ហេតុ​អ្វី​បានជា​បុរស​ខ្លាំង​ទើប​ខឹងសម្បា​បញ្ចេញ​កំហឹង​ខ្លាំងៗ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្រាប់តែ​ឯកឧត្តម​ ហោ​ ណាំ​ហុង​ តាម​រយៈ​លោក​មេធាវី​ ការ​ សា​វុ​ត្ថ​ និង​តុលាការ​លើកយក​សំណុំរឿង​ចាស់​គំរឹល​កាលពី​ឆ្នាំ​២០១៣​ មក​ធ្វើ​ជា​មូលដ្ឋាន​ចេញ​ដីកាចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​បាន​ក្លាយជា​អ្នកតំណាង​រាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​រួច​ទៅ​ហើយ​ តាំងពី​ឆ្នាំ​២០១៤​ ?​ ម្យ៉ាងទៀត​ ហេតុ​អ្វី​បានជា​តុលាការ​មិន​រង់ចាំ​ចេញ​ដីកាចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ពេល​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​កម្ពុជា​តែ​ម្តង​ទៅ​ ចាំបាច់​អ្វី​ចេញ​ដីកាចាប់ខ្លួន​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ខណៈ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ឋិត​នៅ​ក្រៅប្រទេស​ ?​ ឬ​ក៏​បុរស​ខ្លាំង​មិន​ហ៊ាន​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដោយ​ខ្លាច​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ទ្វេ​ឡើង​ ?​ ឬ​ក៏​បុរស​ខ្លាំង​ព្រោះតែ​ខ្លបខ្លាច​នឹង​ប្រជាប្រិយភាព​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទើប​ប្រើ​ស្នៀត​យក​ប្រព័ន្ធ​ច្បាប់​ដ៏​ច្របូកច្របល់​នៅ​កម្ពុជា​ (​ស្ថាប័ន​តុលាការ​)​ ធ្វើ​ជា​ឧបករណ៍​គាបសង្កត់​មិន​ឲ្យ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ អាច​វិល​ចូល​ប្រទេស​បាន​ ដោយ​ខ្លាច​ជាប់គុក​ ដើម្បី​ទុកជា​មូលដ្ឋាន​ចរចា​ដោះ​ដូរ​ខាង​ផ្នែក​នយោបាយ​អ្វីមួយ​ ?

​ប្រភព​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាម​គម្រោង​ដែល​បាន​គ្រោងទុក​ គឺ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នឹង​ត្រូវ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​ ខណៈ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បានដឹង​អំពី​ដីកាចាប់ខ្លួន​រូប​ឯកឧត្តម​ចេញ​ដោយ​ស្ថាប័ន​តុលាការ​កម្ពុជា​រួច​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ដែរ​ថា​ ប្រសិនបើ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នៅ​គ្រា​ពេល​នេះ​ហ៊ាន​ "​សឿង​"​ ចូល​មក​កាន់​មាតុភូមិ​វិញ​ឲ្យ​កងកម្លាំង​សាធារណៈ​របស់​បុរស​ខ្លាំង​ចាប់ខ្លួន​យក​ទៅ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​ទាំង​មាន​អភ័យឯកសិទ្ធិ​សភា​ជាប់​ខ្លួន​ ដោយ​មិន​ទទួលយក​រូបមន្ត​វិល​ចូល​ប្រទេស​តាម​ទម្លាប់​ចាស់​ដូច​ពីរ​លើក​មុន​(​ការ​លើកលែងទោស​)​នោះ​ គឺ​ប្រជាប្រិយភាព​ និង​វីរភាព​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នឹង​មានការ​កើនឡើង​ដល់​ចំណុចកំពូល​តែ​ម្តង​ សម្រាប់​ឈាន​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ខាង​មុខ​ ។​

​សូម​រំលឹក​ជូន​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ធ្លាប់​ទទួល​បានការ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ ដើម្បី​បាន​ឱកាស​វិល​មក​កាន់​មាតុភូមិ​វិញ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ គឺ​លើក​ទី​១​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៦/០៦៨​ ចុះ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០០៦​ និង​លើក​ទី​២​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ៕​

  Court-to-CNRPSam-Rainsy-To-Hun-Sen-2013Sam-Raingsy-Sing-2006

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.