គណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា មាន៥៥អាសនៈនៅក្នុងរដ្ឋសភា នីតិកាលទី៥បច្ចុប្បន្ន ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគស្ថានការណ៍នយោបាយសង្កេតឃើញ និងវាយតម្លៃថា បានកើនប្រជាប្រិយភាប ដោយសារគណបក្សនេះបានជួបនឹងករណីចំនួន៣ធំៗជាប់ៗគ្នា បង្កដោយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា មាន៦៨អាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ ដែលករណីធំៗទាំង៣នោះ មានដូចខាងក្រោម ៖
១-ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងមានអភ័យឯកសិទ្ធិសភាជាប់នឹងខ្លួននៅឡើយ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាលេខ០៥អយឃ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បង្គាប់ឲ្យកងកម្លាំងសាធារណៈចាប់ខ្លួនយកទៅអនុវត្តន៍តោសនៅពន្ធនាគារ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ១៧ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍មានឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាដើមបណ្ងឹងរដ្ឋប្បវេណី ដែលស្ងប់ស្ងាត់អស់រយៈពេលជិត៣ឆ្នាំហើយ បន្ទាប់ពីមានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ ។
២-ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ត្រូវបានដកហូតមុខតំណែងយ៉ាងតក់ក្រហល់ពីអនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ ដោយអ្នកតំណាងរាស្ត្រចំនួន៦៨នាក់មកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីមានបាតុកម្មទាមទាររបស់ក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។
៣-អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន២នាក់ គឺឯកឧត្តម គង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងឯកឧត្តម ញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលរងរបួសធ្ងន់ធ្ងរ រហូតដល់ចូលសម្រាកពេទ្យ ក្នុងហេតុការណ៍បាតុកម្មរបស់ក្រុមបាតុករ ក្លាយជាអំពើហិង្សាគាំទ្រដោយគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដើម្បីទាមទារទម្លាក់មុខតំណែងឯកឧត្តម កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ៕