មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានសម្តែងនូវការរិះគន់យ៉ាងខ្លាំងទៅលើប្រព័ន្ធច្បាប់ដ៏ច្របូកច្របល់របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងករណីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា យកទៅអនុវត្ត៍ទោសនៅពន្ធនាគារ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយសំអាងទៅលើការអនុវត្តសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ១៧ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ ខណៈច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបញ្ញត្តិថា "ជនដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ គឺគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ" ប៉ុន្តែឯកឧត្តម សម រង្ស៊ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ជាបេក្ខជនបម្រុងបន្ថែមផ្លូវការគណបក្សសង្គ្រោះជាតិ សម្រាប់បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥ ឆ្នាំ២០១៣ ដោយសេចក្តីសម្រេចលេខ២៨៧/១៤ គ.ជ.ប-សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ និង គ.ជ.ប សម្រេចទទួលស្គាល់ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដោយសេចក្តីសម្រេចលេខ២៨៨/១៤ គ.ជ.ប-សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ព្រមទាំងត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាលទី៥ ប្រកាសទទួលស្គាល់ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជំនួសឯកឧត្តម គួយ ប៊ុនរឿន ដែលបានសុំលាលែង ដោយសេចក្តីប្រកាសលេខ១៧៤រស ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ។
ក្រុមអ្នកច្បាប់បានលើកហេតុផលថា ក្នុងករណីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ ប្រកាសទទួលស្គាល់ឯកឧត្តម សម រង្ស៊ី ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឯកឧត្តម អ៊ឹម សួស្តី អតីតប្រធាន គ.ជ.ប សម្រេចទទួលស្គាល់ឯកឧត្តម សម រង្ស៊ី ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមតាំងពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ គឺមានន័យថា ឯកឧត្តម សម រង្ស៊ី បើមានទោសទណ្ឌ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ក៏ទទួលបាននីតិសម្បទាឡើងវិញរួចរាល់ហើយ (តាមរយៈការលើកលែងទោស) ។ ដូច្នេះ បើស្ថាប័នតុលាការយល់ឃើញថា ឯកឧត្តម សម រង្ស៊ី មានទោសទណ្ឌជាប់ខ្លួន និងក្លាយជាទណ្ឌិតមិនទាន់អនុវត្តន៍ទោស (អំណាចសាលក្រម ឬសាលដីកាស្ថាពរ ) តាំងពីឆ្នាំ២០១៣ ព្រមទាំងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទៀតនោះ គឺបានបង្ហាញឲ្យឃើញថា ទាំងប្រធានរដ្ឋសភា ទាំងអតីតប្រធាន គ.ជ.ប សុទ្ធតែបានប្រព្រឹត្តរំលោភបំពានទៅលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលសម្រេចទទួលស្គាល់ឯកឧត្តម សម រង្ស៊ី ជាអ្នកតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភាជាប់ខ្លួនទលសព្វថ្ងៃ ។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានបញ្ចេញទស្សនៈថា ករណីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឯកឧត្តម សម រង្ស៊ី នាពេលនេះ គឺជាអន្ទាក់មួយរបស់មេដឹកនាំគណបក្សកាន់អំណាចសម្រាប់ដាក់សម្ពាធទៅលើមេដឹកនាំគណបក្សប្រឆាំង ដោយប្រើប្រាស់ប្រព័ន្ធច្បាប់ដ៏ច្របូកច្របល់ស្រាប់( ស្ថាប័នតុលាការ )ធ្វើជាឧបករណ៍ ៕