ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

តុលាការ​ចេញ​ដីកាចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ តាម​ពាក្យសុំ​របស់​ឯកឧត្តម​ ហោ​ ណាំ​ហុង​ បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ជិត​៣​ឆ្នាំ​

​ថ្ងៃនេះ​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​លោកស្រី​ព្រះរាជអាជ្ញា​រង​ ស៊ឺ​ វណ្ណ​នី​ បាន​ចេញ​ដីកា​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បង្គាប់​ឲ្យ​កងកម្លាំង​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់​ និង​នាំ​ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ យក​ទៅ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ ដែល​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ខណៈ​បច្ចុប្បន្ន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​មាន​អភ័យឯកសិទ្ធិ​សភា​ជាប់​ខ្លួន​ កំពុង​ឋិត​នៅ​ឯ​បរទេស​ ហើយ​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​សំណាក់​ស្ថាប័ន​តុលាការ​ ដែល​ស្ងប់ស្ងាត់​អស់​រយៈពេល​ជិត​៣​ឆ្នាំ​នេះ​ កើតឡើង​ក្រោយ​ការ​ខឹងសម្បា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រៅពី​មាន​សំណុំរឿង​ជាប់ចោទ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​កម្ពុជា​-​វៀតណាម​ និង​ការ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​,​ បទ​ក្លែងបន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ គឺ​នៅ​មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទទួល​រង​ការ​ជាប់ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ ដែល​មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ទៀត​ផង​ ។​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ឯកឧត្តម​ ហោ​ ណាំ​ហុង​ នេះ​  ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ក្លាយជា​ជនជាប់ចោទ​នា​ពេល​នោះ​ ហើយ​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ ហើយ​ទោសទណ្ឌ​នេះ​បាន​ក្លាយជា​ស្ថាពរ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ ។​ អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ មាន​លោក​ ការ​ សា​វុ​ត្ថ​ ជា​មេធាវី​តំណាង​សិទ្ធិ​ មិន​បាន​នឹកនា​ដាក់​ពាក្យសុំ​អនុវត្តន៍​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​នោះ​ទេ​ គឺ​ក្រោយ​ពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ខឹងសម្បា​នឹង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទើប​នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ លោក​មេធាវី​ ការ​ សា​វុ​ត្ថ​ នឹកនា​ប្រញាប់ប្រញាល់​ដាក់​ពាក្យសុំ​អនុវត្តន៍​សាល​ដី​ក​ព្រហ្មទណ្ឌ​ស្ថាពរ​របស់​សាលាឧទ្ធរណ៍​ នាំ​ឲ្យ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​យក​ទៅ​អនុវត្តន៍​ទោស​តែ​ម្តង​ (Sic!)​ ។​

​គួរ​បញ្ជាក់​ជូន​បន្ថែម​ទៀត​ដែរ​ថា​ ដោយ​មានការ​សម្របសម្រួល​ខាង​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នោះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ មានឈ្មោះ​ជា​ទណ្ឌិត​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​៣២​ ចុះ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​ និង​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​៨៤​ក្រ​III​ឃ​ ចុះ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១១​ របស់​សាលាឧទ្ធរណ៍​ ទទួល​បានការ​លើកលែងទោស​ទាំងស្រុង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ទើប​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទទួល​បាន​ឱកាស​ក្លាយជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​អភ័យឯកសិទ្ធិ​សភា​ទល់​បច្ចុប្បន្ន​ ខណៈ​ទោសទណ្ឌ​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​មាន​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​នោះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ មិន​ទាន់​ទទួល​បានការ​លើកលែងទោស​ ពោល​គឺ​នៅ​មានទោស​ជាប់​ខ្លួន​នៅឡើយ​ ។​

​មិន​ទាន់​អាច​ទស្សន៍​ទាយ​ទុកជា​មុន​ថា​ តើ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នឹង​ធ្វើ​មាតុភូមិនិវត្តន៍​វិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ឲ្យ​កម្លាំង​សាធារណៈ​ចាប់ខ្លួន​ឯកឧត្តម​យក​ទៅ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​ តាម​ដីកា​បង្គាប់​របស់​តុលាការ​ ឬ​ត្រូវ​បន្ទន់ឥរិយាបថ​សុំ​ទោស​មេ​បក្ស​កាន់​អំណាច​ ដើម្បី​ទទួល​បានការ​លើកលែងទោស​គម្រប់​លើក​ទី​៣​ ឬ​យ៉ាងណា​នោះ​ទេ​ ខណៈ​មេ​បក្ស​កាន់​អំណាច​កំពុង​ "​ឆេះដុំ​"​ បាន​ប្រកាស​រួច​ហើយ​ថា​ បិទផ្លូវ​មិន​ទទួលយក​ការ​សុំ​ទោស​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​បញ្ឈប់​ប្រើប្រាស់​សិទ្ធិ​ជា​នាយក​រដ្ឋមន្ត្រី​ ស្នើ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​មានការ​លើកលែងទោស​ឯកឧត្តម​ សម​ រ​ង្ស៊ី​ តទៅ​ទៀត​ ៕​

Court-to-CNRPSam-Rainsy-To-Hun-Sen-2013

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.