ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

មើល​មុខ​ Mercedes​ ល្មើស​គេចពន្ធ​ តែ​អាច​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​របស់​ក្រសួង​ផ្កាយ​៤​ ទៀ​ បាញ់​ បាន​យ៉ាង​ហ៊ឺហា​

​ថ្វី​ដ្បិត​កម្លាំង​គយ​ចល័ត​ចុះ​បង្ក្រាប​ចាប់​រថយន្ត​ទំនើបៗ​ដែល​ល្មើស​គេចពន្ធ​យ៉ាង​សកម្ម​ជា​ហូរហែ​ក្តី​ ក៏​រហូត​មក​ទល់​បច្ចុប្បន្ន​នៅ​តែ​លេចមុខ​វត្តមាន​រថយន្ត​ទំនើបៗ​ល្មើស​គេចពន្ធ​ដដែល​ ដោយ​ជ្រក​ក្រោម​រូបភាព​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ឬ​នគរបាល​ក្លែងក្លាយ​ ដើម្បី​បំភ័ន្ត​បន្លំ​ភ្នែក​សមត្ថកិច្ច​ ខណៈ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​មិន​បាន​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ ឈាន​ទៅ​ធ្វើការ​ផ្តន្ទាទោស​ម្ចាស់​ ឬ​អ្នក​ប្រើប្រាស់​រថយន្ត​ល្មើស​គេចពន្ធ​ទាំងនោះ​ទាល់តែ​សោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​មិន​មានការ​រាងចាល​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ លេច​ចេញ​វត្តមាន​រថយន្ត​ទំនើប​១​គ្រឿង​អត់​ពន្ធ​ ម៉ាក​ Mercedes​ ពណ៌​ខ្មៅ​ ប៉ុន្តែ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-8558​ យ៉ាង​ហ៊ឺហា​ ត្រូវ​បាន​សមត្ថកិច្ច​គយ​ចល័ត​បង្ក្រាប​ចាប់​បាន​នៅ​ត្រង់​ចំណុច​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រថយន្ត​ទំនើប​ល្មើស​គេចពន្ធ​ខាងលើ​នេះ​ ក្រៅពី​ម្ចាស់​របស់​វា​បាន​បំបាក់​មុខមាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ព្រមទាំង​បង្អាប់បង្អោន​កិត្យានុភាព​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ គឺ​ម្ចាស់​ ឬ​អ្នក​ប្រើប្រាស់​រថយន្ត​ល្មើស​គេចពន្ធ​ខាងលើ​ បាន​ប្រព្រឹត្ត​ល្មើស​ដូច​ខាងក្រោម​ ៖

១-​រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​ពន្ធ​ (​ល្មើស​គេចពន្ធ​ទាំង​ពន្ធ​នាំ​ចូល​ ទាំង​ពន្ធ​លើ​មធ្យោបាយ​យានជំនិះ​ ដែល​ហៅ​សាមញ្ញ​ថា​ ពន្ធ​ផ្លូវ​)​ ។​
២-​រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ (​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ក្លែងក្លាយ​)​ ។​
៣-​រំលោភ​បំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​(​មាត្រា​៥,​ មាត្រា​៦​ និង​មាត្រា​១១​នៃ​អនុក្រឹត្យ​ បាន​ចែង​ថា​ យានយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ គឺជា​យានយន្ត​របស់​ក្រសួងការពារជាតិ​ ប្រើប្រាស់​សម្រាប់​នៅ​សមរភូមិ​ និង​ការងារ​ការពារ​ជាតិ​ ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​ទ័ព​ ឬ​ដឹក​ជញ្ជូន​កងទ័ព​ និង​ត្រូវ​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ជា​ពណ៌​អ្វី​ផ្សេង​ពិសេស​សម្រាប់​កងទ័ព​ ។​ ប៉ុន្តែ​រថយន្ត​ល្មើស​គេចពន្ធ​នេះ​ បែរជា​ប្រើប្រាស់​សម្រាប់​បុគ្គល​ឯកជន​ហ៊ឺហា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ និង​មិន​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ប៉ា​រ៉ា​ទៅ​វិញ​)​ ។​
៤-​រំលោភ​បំពាន​លើ​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤/២០០៩​ ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សំគាល់​ស្ថាប័ន​ កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ ។​

​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ទៀត​ថា​ ប្រសិនបើ​អាជ្ញាធរ​មិន​មាន​វិធានការ​ផ្តន្ទាទោស​តាម​ច្បាប់​ទៅ​លើ​ម្ចាស់​រថយន្ត​អត់​ពន្ធ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02.2-8558​ (​លេខ​កូដ​ប្រើប្រាស់​សម្រាប់​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​)​ ឬ​ម្ចាស់​រថយន្ត​ល្មើស​គេចពន្ធ​ផ្សេង​ទៀត​ទេ​ គឺ​ម្ចាស់​រថយន្ត​ល្មើស​គេចពន្ធ​ទាំងនោះ​នឹង​មិន​រាងចាល​ឡើយ​ ហើយ​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ចេះ​តែ​បន្ត​អាប់ឱន​ជា​រៀង​រហូត​ ៕​

Mercedes Mercedes-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.