ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

ឯកឧត្តម​ គង់​ គាំ​ ប្រធាន​គណបក្ស​ សម​ រ​ង្ស៊ី​ និង​ជា​សមាជិក​ព្រឹទ្ធសភា​ ប្រកាស​ចូល​និវត្តន៍​ ឈប់​ធ្វើ​នយោបាយ​

​ឯកឧត្តម​ គង់​ គាំ​ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យបណ្តឹង​ និង​អង្កេត​(​គណៈកម្មការ​ទី​១)​នៃ​ព្រឹទ្ធសភា​ នីតិកាល​ទី​៣​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ សុំ​ចូល​និវត្តន៍​ពី​ការងារ​ព្រឹទ្ធសភា​ និង​ដកឃ្លា​ពី​ឆាកនយោបាយ​ ដោយសារ​តែ​បញ្ហា​សុខភាព​ និង​វ័យ​ជរា​របស់​ឯកឧត្តម​ ។​

​ថ្លែង​ជា​លាយលក្ខណ៍អក្សរ​តាម​លិខិត​ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ដែល​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ជាតិខ្មែរ​(​ក្រោយមក​ជា​គណបក្ស​សម​ រ​ង្ស៊ី​)​ ឯកឧត្តម​ គង់​ គាំ​ បាន​បញ្ជាក់​ថា​ ដោយ​មូលហេតុ​សុខភាព​មិន​បរិបូរណ៍​ គឺ​មាន​អាយុ​៧៥​ឆ្នាំ​ ឋិត​ក្នុង​ភាព​ជរា​ព្យាធិ​ជា​ប្រចាំ​ទៅ​ហើយ​នោះ​ ឯកឧត្តម​សុំ​ចូល​និវត្តន៍​ពី​ការងារ​ព្រឹទ្ធសភា​ និង​ដកឃ្លា​ពី​មេដឹកនាំ​ម្នាក់​របស់​គណបក្សប្រឆាំង​ ។​ ឯកឧត្តម​ គង់​ គាំ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​ការ​សុំ​ចូល​និវត្តន៍​ និង​ដកឃ្លា​ពី​មេដឹកនាំ​ម្នាក់​របស់​គណបក្សប្រឆាំង​នេះ​ សូម​មេត្តា​កុំ​យល់​ច្រឡំ​ និង​ចាញ់​ការ​បំភ័ន្ត​ពី​អ្នក​ដទៃ​ចំពោះ​រូប​ឯកឧត្តម​ឲ្យ​សោះ​ គឺ​ឯកឧត្តម​ពិតជា​នៅ​តែ​បន្ត​រួមសុខ​ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ និង​យុវជន​ខ្មែរ​ជា​និច្ច​ ដើម្បី​សង្គ្រោះ​ជាតិ​ ដើម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​(​កែទម្រង់​ពេញលេញ​)​នៅ​កម្ពុជា​ រហូត​ទី​បញ្ចប់​នៃ​ជីវិត​របស់​ឯកឧត្តម​ ។​

​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​មួយ​បាន​បង្ហាញ​ថា​ ការ​សម្រេចចិត្ត​ចាក​ចេញពី​ឆាកនយោបាយ​នៅ​កម្ពុជា​របស់​ឯកឧត្តម​ គង់​ គាំ​ នា​ពេល​នេះ​ គឺ​បាន​កើតឡើង​ក្រោយ​មាន​ហេតុការណ៍​អំពើ​ហិង្សា​ទៅ​លើ​ឯកឧត្តម​ គង់​ សភា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ផ្ទាល់​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ បង្ក​ដោយ​ក្រុម​មនុស្ស​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ទាមទារ​ទម្លាក់​មុខ​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​នីតិកាល​ទី​៥​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ៕​

Kong-Koeum Kong-Koeum-1Kong-Koeum-2Kong-Koeum-3Kong-Koeum-4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.