ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

ព្រោះតែ​ចម្រៀង​មួយ​បទ​​ ឪពុកមា​វាយ​និង​កាប់សម្លាប់​ក្មួយ​ប្រុស​៣​កាំបិត​ផ្គាក់​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​

​មាន​ករណី​ឃាតកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​ និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ នា​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ឋិត​ក្នុងភូមិ​ថ្លុក​ត្របែក​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ដោយសារ​បុរស​ម្នាក់​ជា​ឪពុកមា​ ខឹងសម្បា​នឹង​ក្មួយ​ប្រុស​ស្រែកច្រៀង​ចម្រៀង​មួយ​បទ​ពេល​ខ្លួន​កំពុង​ហូប​បាយ​ថ្ងៃត្រង់​ក្រោមផ្ទះ​ ស្ទុះ​ទៅ​វាយ​ និង​កាប់សម្លាប់​ចំនួន​៣​កាំបិត​ផ្គាក់​ទៅ​លើ​ក្មួយ​ប្រុស​របស់​ខ្លួន​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ ហើយ​បុរស​ជា​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្រោយ​ពេល​កើតហេតុ​ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ជន​ដៃដល់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុង​ករណី​អំពើ​ឃាតកម្ម​នេះ​ មានឈ្មោះ​ ប៉ិច​ ពន​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​យុវជន​រង​គ្រោះ​មានឈ្មោះ​ ប៉ុន​ ពេជ្រ​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ទាំង​ពីរ​នាក់​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​បំភ្លឺ​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​មុន​ពេល​កើតហេតុ​ បុរស​ជា​ជន​ដៃដល់​កំពុង​អង្គុយ​ហូប​បាយ​ថ្ងៃត្រង់​លើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន​ ហើយ​យុវជន​រង​គ្រោះ​ត្រូវជា​ក្មួយ​ បាន​ដើរ​បណ្តើរ​ ស្រែកច្រៀង​បណ្តើរ​នៅ​ក្បែរ​ជន​ដៃដល់​កំពុង​ហូប​បាយ​ ។​ ខណៈនោះ​ ជន​ដៃដល់​បាន​ស្រែកសួរ​ទៅ​ជន​រង​គ្រោះជា​ក្មួយ​ថា​ "​ហ្អែ​ង​ស្រែកច្រៀង​ហ្នឹង​មាន​ន័យ​ថា​ម៉េច​ ហើយ​ហ្អែ​ង​ចង់​យ៉ាងម៉េច​ ?"​ ឮ​ដូច្នេះ​ ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​វិញ​ថា​ "​អត់​ចង់​យ៉ាងម៉េច​ទេ​ ពូ​ឯង​ហូប​បាយ​ដឹង​តែ​ហូប​ទៅ​ ខ្ញុំ​ច្រៀង​តែ​ខ្ញុំ​ទេ​"​ ។​ បន្ទាប់​ពី​ឮ​ក្មួយ​ឆ្លើយ​តបត​មក​កាន់​ខ្លួន​បែប​នេះ​ ជន​ដៃដល់​ក៏​បាន​ស្ទុះ​ពីលើ​គ្រែ​ចូល​ទៅ​វាយ​ជន​រង​គ្រោះ​ចំនួន​៣​ដៃ​ទៅ​៤​ដៃ​ បណ្តាល​ឲ្យ​ក្មួយ​ប្រុស​ដេក​ដួល​សន្លប់​លើ​ដី​ រួច​ក៏​ឡើង​ទៅ​លើ​គ្រែ​អង្គុយ​ហូប​បាយ​បន្ត​ ធ្វើ​ដូច​គ្មាន​ហេតុការណ៍​អ្វី​កើតឡើង​សោះ​ ។​ មួយសន្ទុះ​ក្រោយមក​ បន្ទាប់​ពី​ភ្ញាក់​ដឹងខ្លួន​ពី​សន្លប់​ ជន​រង​គ្រោះ​ក៏​បាន​ក្រោក​សួរ​ទៅ​ឪពុកមា​របស់​ខ្លួន​ថា​ "​ខ្ញុំ​ធ្វើ​អ្វី​ខុស​ បានជា​ពូ​ឯង​វាយ​ខ្ញុំ​ ?"​ ស្រាប់តែ​ជន​ដៃដល់​មិន​និយាយ​អំពី​ហេតុផល​តបត​វិញ​ទេ​ ក៏​បាន​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​បន្ថែម​ទៀត​ ហើយ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ឲ្យ​ជីតា​ឈ្មោះ​ ប៉ាត់​ ប៉ុន​ ដែល​កំពុង​បិត​ឫស្សី​ធ្វើ​ឈ្នាង​លក់​ឲ្យ​ជួយ​ដល់​ខ្លួន​ ប៉ុន្តែ​ជន​ដៃដល់​បាន​ឆក់​យក​កាំបិត​ផ្គាក់​ឋិត​នៅ​ក្បែរ​នោះ​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​កាំបិត​ ត្រូវ​ចំ​ដៃ​ និង​ខ្នង​ បណ្តាល​ ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​រហូត​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​ នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ភ្នំ​បាត​បាន​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​ឈ្មោះ​ ប៉ិច​ ពន​ និង​ប្រមូល​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ហើយ​អធិការដ្ឋាន​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ នៅ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

Criminal

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.