ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ និងបង្កលក្ខណៈងាយស្រួលដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងសន្ទនីយភាពប្រកបដោយប្រសិទ្ធភាព ធនាគារជាតិនៃកម្ពុជាដែលមានឯកឧត្តម ជា ចាន់តូ ជាទេសាភិបាល បានសម្រេចកាត់បន្ថយតម្លៃចារឹក(Face Value)អប្បបរមារបស់មូលបត្រអាចជួញដូរបាន(NCD) ជាប្រាក់រៀលពី២ប៊ីលានរៀល មក២០០លានរៀល និងជាប្រាក់ដុល្លារពី៥០០ពាន់ដុល្លារ មក៥០ពាន់ដុល្លារអាមេរិកវិញ ។
តាមសេចក្តីជូនដំណឹងលេខធ៥-០១៥-៧៩៨សជណ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ របស់ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសឲ្យដឹងដែរថា ធនាគារជាតិនៃកម្ពុជានឹងឈប់ផ្តល់សេវាទទួលប្រាក់បញ្ញើមានកាលកំណត់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះតទៅ ហើយសេចក្តីជូនដំណឹងនេះដែរ មានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ ៕