តំណែងអនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ របស់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលផ្ចុងផ្តើមឡើងដោយនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចមិនដល់២ឆ្នាំផងនោះ ត្រូវបានអ្នកតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច ដកហូតវិញហើយ នៅវេលាព្រឹកនាថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥នេះ ក្នុងសំឡេងអ្នកតំណាងរាស្ត្រគណបក្សកាន់អំណាចសរុបចំនួន៦៨សំឡេងលើ៦៨ បន្ទាប់ពីមុខតំណែងរបស់ឯកឧត្តម កឹម សុខា ក្នុងរដ្ឋសភាបានទទួលរងសម្ពាធគំរាមកំហែងជាញឹកញាប់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យសំឡេងទាមទាររបស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងស៊ីវិល ទាំងប្រដាប់អាវុធថា "កឹម សុខា អើយ ចុះចេញទៅ" កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ និងថ្ងៃបន្តបន្ទាប់បានសម្រេចដូចក្តីប្រាថ្នា ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ការដកហូតមុខតំណែងឯកឧត្តម កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ដោយអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជានោះ គឺគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល និងចម្លែកទេ ដ្បិតតំណែងនេះត្រូវបានផ្ចុងផ្តើមគាំទ្រដោយគណបក្សប្រជាជនកម្ពុជា ។ ដូច្នេះ ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនសប្បាយចិត្ត អាចចាត់នីតិវិធីដកហូតយកមកវិញពីបុគ្គលនោះបានគ្រប់ពេលវេលាដោយគ្មានឧបសគ្គ និងបើចង់គាំទ្របុគ្គលណាផ្សេងទៀត ក៏ស្រេចតែនឹងចិត្តរបស់គណបក្សកាន់អំណាចដែរ ។
ក្រុមអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងទៀតថា ចំណាត់ការរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច ដកហូតតំណែងឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំង ពីអនុប្រធានទី១រដ្ឋសភា គឺគណបក្សកាន់អំណាចចង់បង្ហាញនូវ "សាច់ដុំអំណាច" របស់ខ្លួនទាំងនៅក្នុងស្ថាប័នរដ្ឋសភា ទាំងនៅក្នុងស្ថាប័នជាតិទាំងមូល ដើម្បីឲ្យបុគ្គលដែលធ្វើឲ្យថ្នាក់ដឹកនាំគណបក្សកាន់អំណាចមិនពេញចិត្ត បាន"ភ្លឺភ្នែក" និងក៏ចង់បង្ហាញឲ្យឃើញថា បុគ្គលរូបណាដែលចង់កាន់កាប់មុខតំណែងបានសុខស្រួល និងសោយសុខលើទ្រព្យសម្បត្តិ លុះត្រាបុគ្គលរូបនោះចេះរបៀបរបបធ្វើការឲ្យថ្នាក់ដឹកនាំគណបក្សកាន់អំណាចបានសប្បាយចិត្ត និងស៊ីចង្វាក់ជាមួយនឹងកម្មវិធីនយោបាយរបស់គណបក្សកាន់កាប់អំណាចមិនងាករេ ជាពិសេសស្របទៅនឹងអារម្មណ៍របស់បុរសខ្លាំងនៅកម្ពុជា ៕