ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

តួ​ស្រី​ស្រស់​ក្មេង​វាយប្រហារ​ដោយ​ទឹក​អាស៊ី​ដ​លើ​តួ​ប្រុស​ជា​គូសង្សារ​ និង​ជា​និស្សិត​បង្ក​របួស​ទាំង​សងខាង​ ព្រោះ​យឺតយ៉ាវ​ចូល​ស្តីដណ្តឹង​

​កាលពី​វេលា​ម៉ោង​១៤​និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ នៅ​ត្រង់​ចំណុច​ខាងលិច​បុរី​កីឡា​ តាម​បណ្តោយ​ផ្លូវ​លេខ​២១១​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ដោយ​ស្រី​ស្រស់​ក្មេង​ម្នាក់​ចាក់ទឹក​អាស៊ី​ដ​ស្រោច​ទៅ​លើ​តួ​ប្រុស​ជា​គូសង្សារ​របស់​ខ្លួន​ ពេល​កំពុង​ជិះ​ទោចក្រយានយន្ត​ឌុ​ប​គ្នា​ដើរ​លេង​ បណ្តាល​ឲ្យ​ទឹក​អាស៊ី​ដ​ខ្ទាត​រង​របួស​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់​ ខណៈ​តួ​ស្រី​ចោទប្រកាន់​តួ​ប្រុស​ថា​ យឺតយ៉ាវ​ក្នុង​ការ​ចូល​ស្តីដណ្តឹង​នាង​រៀប​ការ​ រីឯ​អាណាព្យាបាល​របស់​តួ​ប្រុស​ចោទប្រកាន់​ថា​ ខាង​ស្រី​មានមារយាទ​មិនល្អ​ យក​សម្រស់​ធ្វើ​ជា​ធ្នាក់​ទាក់​ប្រុសៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​សង្សារ​វ័យក្មេង​មួយគូ​ជា​និស្សិត​សិក្សា​ជាមួយ​គ្នា​ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ជិះ​ម៉ូតូឌុប​គ្នា​ដើរ​លេង​តាម​បណ្តោយ​ផ្លូវ​លេខ​២១១​ ឋិត​ក្នុង​ចំណុច​ខាងលិច​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ដោយ​តួ​ប្រុស​មានឈ្មោះ​ កេង​ សុជាតា​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ និង​តួ​ស្រី​ឈ្មោះ​ ចិន​ លី​គី​ម​ ហៅ​ អា​ម៉ី​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​ មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ នារី​ជា​សង្សារ​បាន​ទាញ​ដប​ទឹក​អាស៊ី​ដ​ពី​ក្នុង​កាបូបស្ពាយ​ ចាក់​ស្រោច​ទៅ​លើ​ក្បាល​បុរស​ជា​សង្សារ​ បណ្តាល​ឲ្យ​តួ​ប្រុស​ក្តៅ​ក្រហល់ក្រហាយ​ គ្រវីក្បាល​ ខ្ទាត​ទឹក​អាស៊ី​ដ​ត្រូវ​ភ្នែក​ និង​ថ្ពាល់​ខាងស្តាំ​តួ​ស្រី​ ពោល​គឺ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់​តែ​ម្តង​ ។​

​យោង​តាម​ចម្លើយ​បំភ្លឺ​របស់​លោក​ សុខ​ សា​រិ​ន​ អាយុ​៤៥​ឆ្នាំ​ អះអាង​ថា​ ជា​ឪពុកមា​បង្កើត​របស់​យុវជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ី​ដ​របស់​គូសង្សារ​នោះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើតហេតុ​ នារី​បង្ក​បាន​ទូរស័ព្ទ​ហៅ​យុវជន​រង​គ្រោះជា​ក្មួយ​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ឌុ​ប​នាង​ដើរ​លេង​ ខណៈ​រយៈពេល​ប្រមាណ​មួ​យស​ប្តា​ហ៍​មុន​ អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ ដោយសារ​យុវជន​រង​គ្រោះ​រង​ការ​គំរាមកំហែង​ពី​នារី​បង្ក​ ឲ្យ​នាំ​ក្រុម​គ្រួសារ​ចូល​ស្តីដណ្តឹង​នាង​ឲ្យ​បាន​ឆាប់រហ័ស​ ។​ ប៉ុន្តែ​ត្រូវ​ឪពុក​-​ម្តាយ​យុវជន​រង​គ្រោះ​ស៊ើប​ដឹង​ថា​ នារី​បង្ក​មាន​ប្រវត្តិ​មិនល្អ​ និង​មិន​ច្បាស់លាស់​ ព្រមទាំង​ធ្លាប់​ប្រព្រឹត្ត​អំពើ​អបាយមុខ​សេព​គ្រឿងញៀន​ ហើយ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្តងទៀត​ផង​ ។​ ដូច្នេះ​ លោក​ សុខ​ សា​រិ​ន​ បាន​សន្និដ្ឋាន​ថា​ ហេតុការណ៍​នេះ​អាច​កើតឡើង​ដោយសារ​ នាង​ ចិន​ លី​គី​ម​ ហៅ​ អា​ម៉ី​ ប្រើប្រាស់​សម្រស់​ធ្វើ​ជា​ធ្លាក់​ទាក់​បុរស​បោក​យក​លុយ​ ច្រើន​ជាង​ករណី​ស្នេហា​ត្រីកោណ​ ដ្បិត​ពេល​នាង​ចូល​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ បែរជា​ប្រញាប់ប្រញាល់​ចាក​ចេញពី​មន្ទីរពេទ្យ​ មិន​រង់ចាំ​ឲ្យ​សមត្ថកិច្ច​សួរនាំ​ និង​ធ្វើ​កំណត់ហេតុ​ឡើយ​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ តើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ ឈាន​ទៅ​ស្វែងរក​ចាប់ខ្លួន​នារី​បង្ក​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ ខណៈ​នារី​បង្ក​តែង​ព្យាយាម​មិន​ផ្តល់​សាវតា​ក្រុម​គ្រួសារ​ឲ្យ​បាន​ច្បាស់លាស់​ទាល់តែ​សោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.