សេចក្តីរាយការណ៍ពីខេត្តបាត់ដំបង បានឲ្យដឹងថា ករណីរថយន្តមួយគ្រឿងម៉ាក Toyota Land Cruiser ពាក់ស្លាកលេខរដ្ឋ 16.2-0238 ប្រើប្រាស់ដោយសាកលវិទ្យាល័យបាត់ដំបង ដែលអ្នកបើកបរឈ្មោះ បូរ៉ា យកទៅធ្វើជាមធ្យោបាយដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ហើយត្រូវកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបចាប់បាន កាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ និងរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងនោះ ត្រូវបានក្រុមមន្ត្រីសាកលវិទ្យាល័យបាត់ដំបង មានលោកស្រី សៀងឯម ទទឹម ជាសាកលវិទ្យាធិការិនី សមគំនិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ រំដោះយកមកទុកនៅសាកលវិទ្យាល័យខេត្តបាត់ដំបងវិញហើយ ដោយរុំតង់កៅស៊ូពណ៌ខៀវបិទជិត ខ្លាចក្រែងក្រុមសាស្ត្រាចារ្យ និងបុគ្គលិកសិក្សា ព្រមទាំងនិស្សិតបានដឹង និងបានឃើញរឿងអាស្រូវដ៏ល្បីល្បាញនេះ ។
ក្រុមសាស្ត្រាចារ្យ និងបុគ្គលិកសិក្សានៃសាកលវិទ្យាល័យបាត់ដំបងមួយចំនួន បានបង្ហើបប្រាប់ឲ្យដឹងថា រថយន្តម៉ាក Land Cruiser ប្រើប្រាស់ដោយសាកលវិទ្យាល័យបាត់ដំបង ក្រោមឱវាទគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្លាយជាមធ្យោបាយដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ហើយត្រូវសមត្ថកិច្ចចាប់បាន ក្រោមរូបភាពបទល្មើសជាក់ស្តែងនោះ គឺជាអតីតរថយន្តប្រើប្រាស់ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបច្ចុប្បន្នរថយន្តមួយគ្រឿងនេះ បានចុះក្នុងបញ្ជីជាសម្បត្តិរដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ឲ្យមន្ត្រីសាកលវិទ្យាល័យបាត់ដំបងប្រើប្រាស់ ដោយពាក់ស្លាកលេខរដ្ឋ 16.2-0238 ស្របតាមមាត្រា៥ និងមាត្រា៩នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា រថយន្តពាក់ស្លាកលេខរដ្ឋ 16.2-0238 ប្រើប្រាស់ដោយសាកលវិទ្យាល័យបាត់ដំបង ដែលត្រូវបានបុគ្គលមន្ត្រីខិលខូចយកទៅធ្វើជាមធ្យោបាយដឹកជញ្ជូនឈើប្រណីតខុសច្បាប់ និងត្រូវសមត្ថកិច្ចចាប់បាននោះ គឺជាការបំបាក់មុខមាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អតីតជាអ្នកប្រើប្រាស់រថយន្ត ព្រមទាំងឯកឧត្តម បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា យ៉ាងធ្ងន់ធ្ងរ ។ លើសពីនេះ ការបង់លុយជាថ្នូររំដោះយកវត្ថុតាងក្នុងបទល្មើសព្រៃឈើ ដើម្បីបិទបាំងអំពើខិលខូចរបស់បុគ្គលមន្ត្រីមួយចំនួននោះ គឺជាការរំលោភបំពានលើនីតិវិធីនៃច្បាប់ថែមទៀត ។
សាស្ត្រាចារ្យ និងបុគ្គលិកសិក្សា ក៏ដូចជានិស្សិតនៃសាកលវិទ្យាល័យបាត់ដំបង ដែលដឹងរឿងអាស្រូវកើតមានក្នុងសាកលវិទ្យាល័យបាត់ដំបងខាងលើ បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាបើកការស៊ើបអង្កេត និងចាត់វិធានការទៅលើថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ជាពិសេសលោក អោ វុត្ថា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យបាត់ដំបង ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ ទាក់ទងនឹងករណីយករថយន្តពាក់ស្លាកលេខរដ្ឋជាកម្មសិទ្ធិរបស់រដ្ឋ ទៅប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនឈើល្មើសច្បាប់ទាំងកំរោលនោះផង ៕