ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

វិល​ចុះ​ វិល​ឡើង​ រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​លោក​ឧកញ៉ា​ សា​ លាង​ ប្រមូល​ភាស៊ី​ផ្សារបាន​លុង​ ខេត្តរតនគិរី​វិញ​ហើយ​

​យោង​តាម​របាយការណ៍​របស់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ស្តី​ពី​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ​ករណី​បណ្តឹង​របស់​លោក​ឧកញ៉ា​ សា​ លាង​ ជា​វិនិយោគិន​ដែល​បាន​ប្តឹង​លោក​ អ៊ុ​ក​ សំ​អុល​ អភិបាលក្រុង​បាន​លុង​នៃ​ខេត្តរតនគិរី​ ថា​ បាន​បំពាន​សិទ្ធិ​វិនិយោគ​របស់​ខ្លួន​ និង​បណ្តឹង​របស់​អាជីវករ​លក់ដូរ​ចំនួន​២១៣​គ្រួសារ​ នៅ​ក្នុង​ និង​ក្រៅ​បរិវេណ​ផ្សារ​បាន​លុយ​ ប្តឹង​សុំ​ដោះ​ដូរ​លោក​ អ៊ុ​ក​ សំ​អុល​ ពី​អភិបាលក្រុង​បាន​លុង​ និង​យោង​តាម​ចំណារ​ ចុះ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​កិច្ចសន្យា​បណ្តោះអាសន្ន​រវាង​រដ្ឋបាល​ក្រុង​បាន​លុង​ ជាមួយ​លោក​ ជា​ គួ​ង​ ពីព្រោះ​កិច្ចសន្យា​ធ្វើ​ឡើង​ដោយ​ពុំ​មាន​គោលការណ៍​សម្រេច​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ផ្តល់​កន្លែង​ផ្ញើ​កង់​ ម៉ូតូ​ រថយន្ត​ និង​សិទ្ធិ​ប្រមូល​ភាស៊ី​ ក្នុង​និង​ក្រៅ​បរិវេណ​ផ្សារ​បាន​លុង​ ជូន​ក្រុមហ៊ុន​ហេង​ ដា​រា​ របស់​លោក​ សា​ លាង​ វិញ​ ស្រប​តាម​កិច្ចសន្យា​និង​សៀវភៅ​បន្ទុក​ដែល​បាន​អនុវត្តន៍​តាំងពី​ឆ្នា​២០០៨​មក​ តាម​ស្មារតី​លិខិត​លេខ​១០៨៦​ស​ជ​ណ​.​ផ​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​លើស​ពី​នេះ​ ស្មារតី​លិខិត​លេខ​១០៨៦​ស​ជ​ណ​.​ផ​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ រាជរដ្ឋាភិបាល​បាន​សម្រេច​រក្សា​ដី​ទំហំ​៥៤​ម៉ែត្រ​ x​ ១១០​ម៉ែត្រ​ ឋិត​នៅ​ខាង​មុខ​ជាប់​ផ្សារ​បាន​លុង​ បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​ សម្រាប់​ធ្វើ​ជា​ចំណត​យានយន្ត​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ហើយ​រក្សា​បាន​នូវ​សោភ័ណ​ភាព​ បរិស្ថាន​ សន្តិសុខ​ សណ្តាប់ធ្នាប់​ល្អ​ ជា​ពិសេស​សម្រាប់​បញ្ជៀ​ស​នូវ​គ្រោះ​អគ្គិភ័យ​កើតឡើង​ តាម​លិខិត​លេខ​១២១៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១០​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ផ្តល់​សិទ្ធិ​ជូន​ក្រសួងមហាផ្ទៃ​ និង​អាជ្ញាធរ​ខេត្ត​ជា​អ្នក​សម្រេច​ករណី​កំហុសឆ្គង​របស់​លោក​ អ៊ុ​ក​ សំ​អុល​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពីដើម​ឆ្នាំ​២០១៥​កន្លង​ទៅ​ តំណាង​អាជីវករ​ផ្សារ​បាន​លុង​ ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​គោរព​ជូន​ប្រមុខ​រា​រដ្ឋាភិបាល​ និង​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ ស្នើ​សុំ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​កុំ​ឲ្យ​អាជ្ញាធរ​ខេត្តរតនគិរី​យក​ដី​សាធារណៈ​ ទំហំ​ ៥៤​ម៉ែត្រ​ x​ ១១០​ម៉ែត្រ​ ឋិត​នៅ​ខាង​មុខ​ជាប់​ផ្សារ​បាន​លុង​ ទៅ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឦសាន​ អ៊ី​ម​ផត​ អិ​ច​ផត​ ខន​ស្ត្រា​ក់សិន​ រយៈពេល​៥០​ឆ្នាំ​ ដែល​ផ្ទុយ​និង​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ តាម​ស្មារតី​លិខិត​លេខ​១២១៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១០​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ដោយឡែក​ ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ផ្លាស់​ប្តូរ​មុខ​តំណែង​លោក​ អ៊ុ​ក​ សំ​អុល​ ពី​អភិបាលក្រុង​បាន​លុង​នោះ​ គឺ​មិន​ត្រឹម​មាន​សំណើ​ពី​អាជីវករ​លក់ដូរ​ក្នុង​ និង​ក្រៅ​បរិវេណ​ផ្សារ​បាន​លុង​ប៉ុណ្ណោះ​ទេ​ ព្រមទាំង​មាន​សំណើ​អន្តរាគមន៍​ពី​ឯកឧត្តម​ ប៊ូ​ ឡាំ​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង​ ប៉ុន្តែ​ត្រូវ​បាន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចេញ​លិខិត​លេខ​១១១៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ជម្រាប​មក​ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ ធ្វើការ​អប់រំ​ ណែនាំ​ កែ​លំអ​ ការ​បំពេញភារកិច្ច​របស់​លោក​ អ៊ុ​ក​ សំ​អុល​ ឡើង​វិញ​ ៕​

Banlung-2BanlungBanlung-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.