ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អ្នកបើកបរ​រថយន្តឈ្នួល​ភ្នំពេញ​-​ក្រចេះ​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្រមុំ​ទេសចរ​ជនជាតិ​អង់គ្លេស​

​បុរស​ជា​អ្នកបើកបរ​រថយន្តឈ្នួល​ភ្នំពេញ​-​ក្រចេះ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តក្រចេះ​ ធ្វើការ​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​របស់​ស្ត្រី​ក្រមុំ​ជនជាតិ​អង់គ្លេស​ម្នាក់​ ប្តឹង​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ត្រង់​ចំណុច​ស្ពាន​ព្រែក​តា​ខៀវ​ ភូមិ​បុស្ស​លាវ​ ឃុំបុស្សលាវ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ជនសង្ស័យ​ដែល​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​នារី​ជនជាតិ​បរទេស​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​ មានឈ្មោះ​ នឹម​ ប៊ុ​ន​ថា​ន​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ជា​អ្នកបើកបរ​រថយន្តឈ្នួល​រាជធានី​ភ្នំពេញ​-​ខេត្តក្រចេះ​ ។​ រីឯ​នារី​រង​គ្រោះ​មានឈ្មោះ​ Siobhan​ Omolly​ អាយុ​២៤​ឆ្នាំ​ ជា​អ្នកទេសចរ​ ។​

​យោង​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នារី​រង​គ្រោះជា​ជនជាតិ​អង់គ្លេស​ បាន​ជិះ​រថយន្តឈ្នួល​ម៉ាក​ Saangyong​ របស់​ជនសង្ស័យ​ ជាមួយ​អ្នក​រួម​ដំណើរ​ដទៃ​ទៀត​ ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តក្រចេះ​ ។​ ពេល​ធ្វើ​ដំណើរ​មក​ដល់​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ អ្នក​រួម​ដំណើរ​បាន​ចុះ​ពីលើ​រថយន្ត​អស់​ គឺ​នៅ​សល់​តែ​អ្នកបើកបរ​ និង​នារី​រង​គ្រោះ​ ត្រូវ​បន្តដំណើរ​ទៅ​ក្រុង​ក្រចេះ​ ។​ ខណៈ​ធ្វើ​ដំណើរ​មក​ទាន់​ដល់ទៅក្រុងក្រចេះ​ផង​ អ្នកបើកបរ​ជា​ជនសង្ស័យ​បាន​បើករថយន្ត​ចុះ​តាម​ផ្លូវ​មាត់ទន្លេ​ ត្រង់​ចំណុច​ស្ពាន​ព្រែក​តា​ខៀវ​ ដែល​ជា​កន្លែង​ស្ងាត់​ រួច​ហើយ​ជនសង្ស័យ​ឈប់​រថយន្ត​ ក៏​ធ្វើ​សកម្មភាព​ចាប់​អូស​ទាញ​នារី​រង​គ្រោះ​ទម្លាក់​ពីលើ​រថយន្ត​ ក្នុង​បំណង​ចាប់រំលោភ​សេពសន្ថវៈ​ តែ​មិន​បាន​សម្រេច​ គឺ​បាន​ត្រឹម​សម្រាត​ខោ​នារី​រង​គ្រោះ​ និង​ផ្តួល​ទៅ​លើ​ដី​ប៉ុណ្ណោះ​ ។​

​នៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ស្អែក​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្តក្រចេះ​ នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ ព្រមទាំង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្តក្រចេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ៕​

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.