កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ម្សិលមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារវេជ្ជបណ្ឌិត(ដុកទ័រ)វ័យក្មេងមុខស្រស់ម្នាក់ ចាក់ថ្នាំឲ្យស្ត្រីជាអ្នកជំងឺអាយុ២៨ឆ្នាំម្នាក់ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជនយីហោ "ហ៊រ ម៉ី" មានទីតាំងឋិតនៅផ្សារស្ទោង ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឲ្យដាច់ខ្យល់ស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្តាយបំផុត រួចហើយដុកទ័រវ័យក្មេងមុខស្រស់ដែលទើបទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនោះ បានដាក់មេផាយរត់ចោលគ្លីនិករបស់ខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ មានស្ត្រីម្នាក់ឈ្មោះ ន.ន អាយុ២៨ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានអាការៈមិនស្រួលខ្លួន ក៏បានទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្លីនិកឯកជនយីហោ "ហ៊រ ម៉ី" ឋិតនៅផ្សារស្ទោង ។ ពេលមកដល់គ្លីនិក លោកវេជ្ជបណ្ឌិត អាំង ពិទូ បានចាក់ថ្នាំឲ្យអ្នកជំងឺមួយម្ជុលនៅត្រង់ត្រគាកខាងឆ្វេង ធ្វើឲ្យអ្នកជំងឺស្រែកថាចុក និងប្រកាច់ភ្លាមៗ ។ ខណៈនោះ លោកវេជ្ជបណ្ឌិត អាំង ពិទូ ក៏បានព្យួរសេរ៉ូមឲ្យអ្នកជំងឺបន្ថែមទៀត រួចបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យរដ្ឋ អ្នកជំងឺបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ក្រោយពេលទទួលបានព័ត៌មានភ្លាមៗថា អ្នកជំងឺដែលខ្លួនបានពិនិត្យ និងព្យាបាលនោះ ស្លាប់បាត់បង់ជីវិត លោកវេជ្ជបណ្ឌិត អាំង ពិទូ បានបិទទ្វារគ្លីនិករត់គេចខ្លួនបាត់ស្រមោលតែម្តង ។
យោងតាមវិញ្ញាបនបត្រចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា លោក អាំង ពិទូ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រវេជ្ជបណ្ឌិត (Doctor of Medicine) នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ៕