មាត្រា១២៨ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "អំណាចតុលាការជាអំណាចឯករាជ្យ ។ អំណាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។ …" និងមាត្រា១៣២ថ្មីនៃរដ្ឋធម្មនុញ្ញដដែល បានចែងថា "ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ ។ " ។ ប៉ុន្តែមាត្រា៧ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។" ។
អនុលោមតាមមាត្រា២នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ០៩/នស/៩៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩៤ (បច្ចុប្បន្ននិរាករណ៍ហើយ) គឺអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ជាព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនាពេលនោះ ។
ដោយព្រះតម្រិះទៅលើមាត្រា៧ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលបានចែងថា "ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។" ទើបព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលទ្រង់គង់នៅមានព្រះជន្មនៅឡើយ ធ្លាប់បានចេញលិខិតចំហមួយ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៣ ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយបានបញ្ជាក់ថា ព្រះអង្គពុំអាចទទួលឋានៈជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងទទួលខុសត្រូវពីជោគជ័យ ឬបរាជ័យ ចំណុចខ្សោយ ការខ្វះខាត ។លនិងល។ នៃអំណាចតុលាការនៅកម្ពុជា ។
ឈានចូលមកដល់ឆ្នាំ២០១៤ រដ្ឋសភានីតិកាលទី៥ ប្រភពមកពីគណបក្សប្រជាជនកម្ពុជាសុទ្ធសាធ បានអនុម័តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្មីមួយទៀត ដែលច្បាប់នេះត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ គឺនៅត្រង់មាត្រា៤ បានចែងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឋិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ និងរួមមានសមាសភាពចំនួន១១រូបជាសមាជិក (អង្គព្រះមហាក្សត្រលែងជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទៀតហើយ) ក្នុងនោះ ក៏មានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលផងដែរ ។
អស់រយៈពេលច្រើនឆ្នាំមកហើយ ព័ស្តុតាងនានាបានបង្ហាញថា ចំណាត់ការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទៅលើចៅក្រម ឬព្រះរាជអាជ្ញាខិលខូច ពុករលួយ គឺមិនមានប្រសិទ្ធភាពដុំកំភួនឡើយ លើកលែងតែមានការបញ្ចេញកណ្តាប់ដៃដែករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចាត់ការបន្ទរ តាមរបៀបក្តៅគគុកភ្លាមៗ ក្រោយការប្រកាសរបស់បុរសខ្លាំង ។ ជាក់ស្តែងជាឧទាហរណ៍មួយ គឺកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ បុរសខ្លាំងប្រតិកម្ម និងលើកឡើងជាសាធារណៈអំពីករណីកំហុសឆ្គងរបស់លោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបរយៈពេលប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចាប់ផ្តើមរស់ត្រគាកម្នីម្នាបើកកិច្ចប្រជុំជាបន្ទាន់ ហើយក៏ឈានទៅដកហូតតំណែងលោកចៅក្រម អាំង មាលតី ពីប្រធានសាលាដំបូងរាជធានីភ្នំពេញយ៉ាងតក់ក្រហល់ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៥/១២៣ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។
សរុបសេចក្តីមក ថ្វីដ្បិតរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងតម្រូវឲ្យអំណាចតុលាការជាអំណាចឯករាជ្យ និងព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការក៏ដោយ ក៏រូបភាពជាក់ស្តែង អ្នកដែលអាចមានអំណាចធានាឲ្យតុលាការមានអំណាចឯករាជ្យ ឬមិនឯករាជ្យពិតប្រាកដនោះ គឺបុរសខ្លាំងតែម្នាក់គត់ ៕