យោងតាមសេចក្តីសម្រេចលេខ៤៤សសរ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេស លើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត និងតាមសំណើរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលធ្លាប់បានតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងនេះ មានចំនួន១៣រូប ដោយសេចក្តីសម្រេចលេខ៦០សសរ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហៅឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ថាជា នាយឧត្តមសេនីយ៍(ផ្កាយ៤) ព្រមទាំងហៅមុខតំណែងលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ថាជា អគ្គស្នងការរាជធានីភ្នំពេញ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ចេះតែចុះហត្ថលេខាលើសេចក្តីសម្រេចទាំងខុសឆ្គងដែរទៅ (Sic!) ។
បន្ទាប់ពីគេហទំព័រសារព័ត៌មាន ដើមត្នោត បានផ្សព្វផ្សាយនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ក្រោមចំណងជើងថា "រដ្ឋមន្ត្រីក្រសួងការងារដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍(ផ្កាយ៤)ជូនលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ"រួចមក រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចមួយថ្មីទៀតលេខ៧៣សសរ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដដែល ដោយបន្ថែមសមាសភាពសមាជិកគណៈកម្មការចំនួន១រូបទៀត គឺឯកឧត្តម ឈិត បូរ៉ាវុធ មេធាវីរាជរដ្ឋាភិបាល និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងងាកមកទទួលស្គាល់ឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ជាឧត្តមសេនីយ៍ឯក(ផ្កាយ៣) និងមុខតំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ វិញហើយៗសេចក្តីសម្រេចលេខ៦០សសរ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ដែលមានការខុសឆ្គងទាក់ទងនឹងការហៅឋានន្តរស័ក្តិ និងមុខតំណែងរបស់លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ នោះ ត្រូវទុកជានិរាករណ៍(សេចក្តីសម្រេចសរសេរខុសឆ្គងថា និរាយករណ៍) ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងសង្គមនៅកម្ពុជា បានលើកឡើងថា គណៈកម្មការអន្តរក្រសួងនេះ ហាក់ដូចជាមិនទាន់បានដំណើរការស្រាវជ្រាវប្រមូលព័ត៌មាន និងព័ស្តុតាងពាក់ព័ន្ធនឹងករណីឃាតកម្មទៅលើលោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដ៏ល្បីឈ្មោះនោះនៅឡើយទេ អស់រយៈពេលជិត០៤ខែហើយ គឺបានត្រឹមតែចេញសេចក្តីសម្រេចចុះឡើង និងកែសម្រួលសមាសភាពគណៈកម្មការប៉ុណ្ណោះ ៕