ថ្ងៃ អាទិត្យ ទី ២៨ ខែ កម្ភៈ ឆ្នាំ ២០២១

រឿង​រុយ​ក្បាល​ខៀវ​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​មាន់​អុកឡុក​អ្នក​ភូមិ​កោះក្របី​ អាជ្ញាធរ​មិនរ​វីរ​វល់​ដោះស្រាយ​

​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង​ ឋិត​នៅ​ផ្លូវ​បេតុង​គល់​ទទឹង​ ភូមិ​កោះក្របី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​(​អតីត​ខណ្ឌមានជ័យ​)​ រាជធានី​ភ្នំពេញ​ ដែល​គ្មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ បាន​បង្កបង្កើត​ឲ្យ​មាន​សត្វ​រុយ​ក្បាល​ខៀវ​ជា​ច្រើន​ពាន់​ម៉ឺន​ក្បាល​ ចេញ​មក​អុកឡុក​អ្នក​ភូមិ​កោះក្របី​ដែល​រស់នៅ​ក្បែរ​​បរិវេណ​កសិដ្ឋាន​ចិញ្ចឹម​មាន់​នោះ​ សឹង​ធ្វើ​ឲ្យ​រស់នៅ​មិនកើត​ និង​មាន​ជំងឺ​រាករូស​ និង​ក្អួត​ជា​ញឹកញាប់​ទៀត​ផង​ ។​

​អ្នក​ភូមិ​កោះក្របី​ដែល​រស់នៅ​ក្បែរ​កសិដ្ឋាន​ចិញ្ចឹម​មាន់​នោះ​ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ពេល​មុន​ មិន​ដែល​មាន​សត្វ​រុយ​ក្បាល​ខៀវ​ច្រើន​សន្ធឹកសន្ធាប់​ដល់​ម្ល៉ឹង​ទេ​ ទើបតែ​លេច​ចេញ​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​ក្បែរ​នា​ឆ្នាំ​២០១១​ ក៏​មាន​រុយ​ក្បាល​ខៀវ​ហើរ​សម្រុក​អុកឡុក​ចូល​ផ្ទះសម្បែង​ និង​ទំ​នៅ​តាម​ដើមឈើ​ក្បែរ​ផ្ទះ​គួរ​ឲ្យ​រអើម​បំផុត​ ហើយ​បើ​ពេល​ទទួលទាន​បាយ​ថ្ងៃត្រង់​ គឺ​ទាល់តែ​បិទទ្វារ​ បង្អួច​ឲ្យ​ជិត​ ឬ​ចង​មុង​ ឬ​ត្រូវ​ចំណាយ​លុយ​ទិញ​ថ្នាំ​បាញ់​បណ្តេញ​ និង​សម្លាប់សត្វ​រុយ​ បើ​ពុំនោះ​ទេ​ រុយ​នឹង​ទំ​ពេញ​ចាន​បាយ​ និង​ទំ​នៅ​លើ​មនុស្ស​ពេញ​ទាំង​ខ្លួន​តែ​ម្តង​ ដោយសារ​កសិដ្ឋាន​ចិញ្ចឹម​មាន់​នោះ​បាន​ស្តុក​ទុក​អាចម៍មាន់​ពោរ​ពាស​ មាន​ក្លិនស្អុយ​មិន​ប្រមូល​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ ។​

​ក្រុម​អ្នក​ភូមិ​កោះក្របី​ បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា​ គាត់​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​គោរព​ជូន​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ​(​បច្ចុប្បន្ន​ខណ្ឌ​ច្បារ​អំពៅ​)​ ឲ្យ​ជួយ​អន្តរាគមន៍​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​មាន់​នោះ​ដែរ​ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិនសូវ​អើពើ​ដោះស្រាយ​ទាល់តែ​សោះ​ ខណៈ​កូនចៅ​អ្នក​ភូមិ​ចាប់ផ្តើម​កើត​មាន​ជំងឺ​រាករូស​ និង​ក្អួតចង្អោរ​ចូល​ពេទ្យ​ជា​ញឹកញាប់​ ។​

​សូម​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ និង​សង្កាត់​ព្រែក​ថ្មី​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​នានា​ មេត្តា​មាន​វិធានការ​ដោះស្រាយ​រឿង​រុយ​ក្បាល​ខៀវ​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​មាន់​ ដែល​គ្មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ចេញ​មក​អុកឡុក​រំខាន​អ្នក​ភូមិ​កោះក្របី​នោះ​ផង​ ក្នុង​នាម​ជា​ម៉ែឪ​របស់​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​ ដ្បិត​ម៉ែឪ​ជា​អាជ្ញាធរ​មិនរ​វីរ​វល់​ដោះស្រាយ​នោះ​ ៕​

Koh-KrabeyKoh-Krabey1 Chea-Sreypao-1 Chea-Sreypao

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.