ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

ព្រះ​បរម​រតន​កោដ្ឋ​ ៖​ ពិនិត្យ​លើ​ក្រដាស​និង​ផែនទី​ គឺ​ខ្មែរ​មិន​បាត់បង់​ដី​ឡើយ​ តែ​ជាក់ស្តែង​ដី​ខ្មែរ​ត្រូវ​ប្រទេស​ជិតខាង​ច្បិច​យក​បន្តិច​ម្តងៗ​រួច​ទៅ​ហើយ​

​មុន​ពេល​សម្តេច​ ហ៊ុន​ សែន​ នាយករ​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​លោក​ ផា​ន​ វ៉ា​ន់ខា​យ​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ចុះហត្ថលេខា​រួម​គ្នា​នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ និង​ក្នុង​ឋានៈ​ជា​អតីត​ព្រះប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាល​ទ្រង់​នៅ​មាន​ព្រះ​ជន្ម​ ទ្រង់​ធ្លាប់​បាន​ធ្វើ​រាជ​សារ​មួយ​ចុះ​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០០៥​ ពី​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ផ្ញើ​ថ្វាយ​ព្រះសង្ឃ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ និង​ជនរួមជាតិ​ បងប្អូន​ កូនចៅ​ ចៅទួត​ ជាទី​រាប់អាន​ និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត​របស់​ព្រះ​អង្គ​ ពាក់ព័ន្ធ​នឹង​កិច្ច​ដំណើរការ​របស់​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១​ ខែឧសភា​ ដល់​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០០៥​ ដោយ​ព្រះ​តម្រិះ​ថា​ "​តាម​ការ​ពិនិត្យ​លើ​ក្រដាស​ និង​ផែនទី​ យើង​ពុំ​បាន​បាត់បង់​នូវ​បូរណភាព​ទឹកដី​ឡើយ​ ។​ តែ​ការ​ពិត​ជាក់ស្តែង​ ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​យើង​បាន​ត្រូវ​ប្រទេស​ជិត​ខាងគេ​ច្បិច​យក​បន្តិច​ម្តងៗ​រួច​ទៅ​ហើយ​ ។​"​ ។​

​ព្រះរាជ​សារ​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ មុន​ពេល​ទ្រង់​យាង​ចូល​ទិវង្គត​នា​ពេល​នោះ​ ទ្រង់​បាន​ព្រះ​តម្រិះ​យ៉ាង​ច្បាស់លាស់​ដែរ​ថា​ "​តាម​ព្រះរាជក្រឹត្យ​ ទូលព្រះបង្គំជាខ្ញុំ​ ខ្ញុំព្រះករុណា​ ខ្ញុំ​ ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ គ្មាន​អំណាច​អ្វី​នឹង​ចាត់ការ​ចរចា​ជាមួយ​ឯកឧត្តម​ អ្នកតំណាង​ប្រទេស​ជិតខាង​ ឬ​ទៅ​ពិនិត្យ​ព្រំដែន​ឡើយ​ ។​ ដូច្នេះ​ ដើម្បី​កុំ​ឲ្យ​បំពាន​លើ​ព្រះរាជក្រឹត្យ​ ទូលព្រះបង្គំជាខ្ញុំ​ ខ្ញុំព្រះករុណា​ ខ្ញុំ​ ក្នុង​ឋានៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ ដែល​ត្រូវ​តែ​ដឹង​នូវ​ការ​ពិត​ជាក់ស្តែង​ និង​សូម​ឲ្យ​កូនចៅ​អ្នក​ស្នេហា​ជាតិ​មួយ​ចំនួន​ដែល​គេ​មិន​ស្គាល់​មុខមាត់​ ធ្វើ​ដំណើរ​ជា​ទេសចរ​ម្តង​ទៅ​កន្លែង​នេះ​ ម្តង​ទៅ​កន្លែង​នោះ​ អញ្ជើញ​ទៅ​ជួប​ប្រជា​កសិករ​នៅ​ទល់ដែន​ ស្តាប់​ហើយ​ត្រឡប់​មក​វិញ​ សរសេរ​រាយការណ៍​ជា​សម្ងាត់​មក​ទូលព្រះបង្គំជាខ្ញុំ​ ខ្ញុំព្រះករុណា​ ខ្ញុំ​ ថា​ តើ​ការ​ពិត​វា​យ៉ាងណា​ទៅ​ ?​ ទូលព្រះបង្គំជាខ្ញុំ​ ខ្ញុំព្រះករុណា​ ខ្ញុំ​ សង្ឃឹមថា​ កូនចៅ​ទាំងនោះ​នឹង​គ្មាន​ពើបប្រទះ​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​ ។​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​យ៉ាង​សព្វគ្រប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ទូលព្រះបង្គំជាខ្ញុំ​ ខ្ញុំព្រះករុណា​ ខ្ញុំ​ នឹង​ធ្វើការ​ប្រជុំ​ជា​លើក​ទី​ពីរ​ម្តងទៀត​ ដើម្បី​ត្រងត្រាប់​ស្តាប់​ ជា​ពិសេស​ឯកឧត្តម​ សុខ​ អាន​ តំណាង​រាជរដ្ឋាភិបាល​ ឯកឧត្តម​ វ៉ា​ គឹ​ម​ហុង​ និង​ឯកឧត្តម​ ឡុ​ង​ វិ​សា​លោ​ លោក​ធ្វើការ​បកស្រាយ​តទៅ​ទៀត​អំពី​បូរណភាព​ទឹកដី​នៃ​យើង​ ។​"​ ។​

​ជា​អកុសល​ ក្រោយមក​ ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នេះ​ មិន​ដំណើរការ​បាន​ប៉ុន្មាន​ផង​ ក៏​ត្រូវ​រំលាយ​ចោល​វិញ​ ទើប​បើក​ច្រក​ឲ្យ​មាន​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ និង​បាន​ក្លាយជា​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​នេះ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ រហូត​មក​ទល់​សព្វថ្ងៃ​ ។​

​ដោយឡែក​ កិច្ច​ដំណើរការ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទៅ​មើល​ព្រំដែន​ និង​ការ​ជួប​ប្រាស្រ័យ​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ទល់ដែន​ រៀបរាប់​អំពី​បូរណភាព​ទឹកដី​របស់​កម្ពុជា​ តាម​ព្រះ​តម្រិះ​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ​នោះ​ គឺ​អ្នកតំណាង​រាស្ត្រ​ និង​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ និង​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ បាន​អនុវត្ត​ជា​បន្តបន្ទាប់​ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កាន់កាប់​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សប្បាយចិត្ត​ឡើយ​ ហើយ​បាន​រុកកួន​ទៅ​លើ​សកម្មជន​ព្រំដែន​ទាំង​អស់នោះ​ជា​បន្តបន្ទាប់​គួរ​ឲ្យ​សោកស្តាយ​បំផុត​ ៕​

king_sihanu(1) Cambodia-Vietnam-2005-5

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.