ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

១៣​ឆ្នាំ​ កម្ពុជា​បាត់បង់​ព្រៃឈើ​អស់​ជាង​១​លាន​ហិ​កតា​ គឺ​ជាប់​ចំណាត់ថ្នាក់​លឿន​បំផុត​ក្នុង​ពិភពលោក​

​របាយការណ៍​របស់​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ (World​ Resources​ Institute-WRI)​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ចេញផ្សាយ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ ដោយ​ផ្អែក​លើ​ទិន្នន័យ​របស់​ក្រុមហ៊ុន​ Google​ តាម​រូបភាព​ប្រព័ន្ធ​ផ្កាយ​រណប​ Landsat​ និង​ការ​ប្រមូល​ទិន្នន័យ​ដោយ​សាកលវិទ្យាល័យ​ Maryland​ នៃ​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ អត្រា​បាត់បង់​ផ្ទៃដី​គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​១៤​ឆ្នាំ​កន្លង​ទៅ​ មានការ​កើនឡើង​១៤,៤%​ ជា​លំដាប់ថ្នាក់​មាន​អត្រា​លឿន​បំផុត​ក្នុង​ពិភពលោក​ ខណៈ​ប្រទេស​ Sierra​ Leone​ ជាប់​ចំណាត់ថ្នាក់​លេខ​២(​កើនឡើង​១២,៨%)​ និង​ប្រទេស​ Madagascar​ ប្រទេស​ Uruguay​ ប្រទេស​ Paraguay​ ជាប់ចំណាត់ថ្នាក់​លេខ​៣​ ។​

WRI​ បាន​លើក​ឡើង​ថា​ ទិន្នន័យ​នេះ​ បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​នៅ​ក្នុង​តំបន់​ក្តៅ​ចំនួន​៤​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​រួម​មាន​ទាំង​អាង​ទន្លេមេគង្គ​ផង​ដែរ​ ។​

​កម្មវិធី​ឃ្លាំមើល​ព្រៃឈើ​សកល​ (Global​ Forest​ Watch)​ ដែល​ជា​ផ្នែក​មួយ​របស់​ WRI​ បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​បាត់បង់​ផ្ទៃដី​ព្រៃឈើ​សរុប​ ១,៤៤​លាន​ហិ​កតា​ ឬ​ស្មើនឹង​១៤.៤៧១​គីឡូម៉ែត្រ​ក្រឡា​នៃ​ផ្ទៃដី​ព្រៃឈើ​ចន្លោះ​ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១៣​ ។​

​ផែនទី​ស្តី​ពី​ការ​បាត់បង់​ព្រៃឈើ​ពិភពលោក​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ ដោយ​សាកលវិទ្យាល័យ​ Maryland​ នៃ​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ កម្ពុជា​រង​ការ​បាត់បង់​ព្រៃឈើ​យ៉ាងច្រើន​ និង​ឆាប់រហ័ស​នៅ​ក្នុង​ និង​ជុំវិញ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ ក្នុង​នោះ​មាន​ខ្លះ​ឋិត​នៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ ជា​អាទិ៍​ នៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ ភាគ​ខាងត្បូង​ខេត្តព្រះវិហារ​ និង​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​ស្នួល​សីមា​ ឋិត​នៅ​តាម​បណ្តោយ​ព្រំប្រទល់​ខេត្តក្រចេះ​ និង​ខេត្តមណ្ឌលគិរី​ ។​

​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ (WRI)​ បាន​បង្ហាញ​ទិន្នន័យ​ថា​ ពិភពលោក​បាន​បាត់បង់​ផ្ទៃដី​គម្រប​ព្រៃឈើ​អស់​ជាង​១៨​លាន​ហិ​កតា​ ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​

​មិន​ទាន់​បានដឹង​អំពី​ប្រតិកម្ម​តប​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​នឹង​របាយការណ៍​របស់​ WRI​ នោះ​យ៉ាងណា​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ ៕​

Cambodia-Map-Forest-Destroyed

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.