កាលពីរាត្រីម៉ោង២៣និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅថ្មីៗ មានរថយន្តទំនើបម៉ាក Lexus RX 300 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AB-9915 ត្រូវបានអ្នកបើកបរព្យាយាមបើកគេចពីសមត្ថកិច្ចប្រចាំការនៅភូមិសាស្ត្រខេត្តកំពង់ធំ ហើយក៏បានជ្រុលចង្កូតធ្លាក់ក្នុងស្រែ ខ្ជាក់ចេញមកសុទ្ធតែឈើគ្រញូង ខណៈអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបង្ហើបប្រាប់ឲ្យដឹងថា រថយន្តបង្កបទល្មើសដឹកឈើគ្រញូងខាងលើ គឺជាកម្មសិទ្ធិរបស់មន្ត្រីយោធាស័ក្តិ២ម្នាក់ឈ្មោះ តឿ ជាឈ្មួញរកស៊ីឈើដុះស្លែប្រចាំខេត្តសៀមរាប តែងធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម យកទៅលក់ឲ្យឈ្មួញយួន ជាប់ព្រំដែនកម្ពុជា-វៀតណាម ។ យោធាស័ក្តិ២ឈ្មោះ តឿ ដែលជាប់ឈ្មោះជាឈ្មួញរកស៊ីឈើគ្រញូងយ៉ាងសកម្មនោះ គឺជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក កែវ ធី នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០១៣៧ ជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការណ៍ដែលមន្ត្រីយោធាក្លាយជាឈ្មួញរកស៊ីឈើឋិតក្រោមក្លៀកនាយទាហានជាន់ខ្ពស់យ៉ាងសកម្មបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពនៃកងយោធពលខេមរភូមិន្ទធ្ងន់ធ្ងរបំផុត ។
គេមិនដឹងថា តើលោកផ្កាយ៣យោធា កែវ ធី បានដឹង បានឮរឿងកូនចៅរបស់លោក គឺលោកស័ក្តិ២យោធាឈ្មោះ តឿ ក្លាយជាឈ្មួញរកស៊ីឈើគ្រញូងដ៏ល្បីឈ្មោះដែរឬយ៉ាងណានោះទេ ៕