លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា(បាក់ឌុប) នាសម័យប្រឡងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ សម្រាប់សិស្សមកពីខេត្តស្វាយរៀង គឺមានបេក្ខជនម្នាក់ទទួលបានចំណាត់ថ្នាក់និទ្ទេស A (និទ្ទេសល្អប្រសើរ) ក្នុងចំណោមបេក្ខជន-បេក្ខនារីទទទួលបាននិទ្ទេស A ចំនួន១០៨នាក់នៅទូទាំងប្រទេស ។
បេក្ខជនជាសិស្សមកពីខេត្តស្វាយរៀង ដែលប្រឡងជាប់សញ្ញាបត្របាក់ឌុប ទទួលបាននិទ្ទេស A តែម្នាក់គត់នោះ មានឈ្មោះ សូរ បូរ៉ាន់ អាយុ១៨ឆ្នាំ ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀងខាងត្បូង បន្ទប់លេខ១២ និងតុលេខ២៨៣ សិក្សារៀនសូត្រនៅវិទ្យាល័យស្វាយរៀង ទទួលបានលំដាប់ពិន្ទុ៩៩,៩២២ ។ យុវសិស្សជ័យលាភី សូរ បូរ៉ាន់ ធ្វើកិច្ចការវិញ្ញាសាបានល្អប្រសើរនៅលើមុខវិជ្ជាចំនួន៥ គឺ គណិតវិទ្យា, ជីវវិទ្យា, គីមីវិទ្យា, រូបវិទ្យា និងប្រវត្តិវិទ្យា និងដោយឡែក ចំពោះភាសាខ្មែរ និងភាសាបរទេស មានការខ្វះខាតបន្តិចបន្តួច ។
យោងតាមការបញ្ជាក់របស់ប្រិយមិត្តបណ្តាញព័ត៌មានសង្គម Facebook ដែលប្រើប្រាស់ Account ឈ្មោះ Vireak Hung បានឲ្យដឹងថា យុវសិស្សជ័យលាភីនិទ្ទេស A ឈ្មោះ សូរ បូរ៉ាន់ នោះ មានឪពុកឈ្មោះ សូរ សារ៉ុម អាយុ៥៦ឆ្នាំ មុខរបរជួលមេក្រូ និងម្តាយឈ្មោះ អាំ សារិ អាយុ៥៦ឆ្នាំ មុខរបរធ្វើស្រែ (មានជំងឺឈឺសន្លាក់) រស់នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ យុវសិស្ស សូរ បូរ៉ាន់ ជាកូនពៅក្នុងចំណោមបងប្អូនចំនួន៧នាក់ ក្នុងនោះមានបងស្រីចំនួន៥នាក់ ។
សរុបសេចក្តីមក យុវសិស្ស សូរ បូរ៉ាន់ ដែលឋិតក្នុងបន្ទុកគ្រួសារមានកម្រិតជីវភាពប្រហាក់ប្រហែលមធ្យម ហើយបានប្រឡងជាប់សញ្ញាបត្របាក់ឌុប ដោយទទួលបាននិទ្ទេស A ផ្តល់កិត្តិយស និងមុខមាត់ឲ្យខេត្តស្វាយរៀងទាំងមូលនោះ គឺជាសិស្សពូកែ កើតចេញពីការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រយ៉ាងពិតប្រាកដគួរឲ្យកោតសរសើរបំផុត ៕