មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោង០៩ព្រឹក នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥នេះ ត្រង់ចំណុចផ្ទះជួលមួយកន្លែងឋិតក្នុងភូមិលេខ១"ក" ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដោយស្ត្រីវ័យក្មេងជាប្រពន្ធមានសម្រស់ស្រស់សោភាម្នាក់ ត្រូវបុរសជាប្តីមានមុខរបរជាគ្រូបង្រៀនគីមីវិទ្យា ថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែន តាខ្មៅ វាយ និងអារ.ក សម្លាប់នឹងកាំបិតបុ័ងតោ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមគួរឲ្យសង្វេគ ខណៈបុរសជាប្តីចិត្តអប្រិយរត់គេចខ្លួនបាត់ស្រមោល ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះក្នុងអំពើឃាតកម្មនេះមានឈ្មោះ ចាន់ ថា ហៅអាមួយ អាយុ២៣ឆ្នាំ មុខរបរជាមេផ្ទះ ស្នាក់នៅផ្ទះជួលជាផ្ទះកើតហេតុខាងលើជាមួយបុរសជាប្តី និងក្លាយជាជនសង្ស័យឈ្មោះ ម៉ៅ ម៉េង អាយុ៤៤ឆ្នាំ មុខរបរជាគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា ថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែន តាខ្មៅ មានស្រុកកំណើតនៅខេត្តក្រចេះ ។
សមត្ថកិច្ចនគរបាលស្រុកស្អាង បានបញ្ជាក់ក្នុងរបាយការណ៍ឲ្យដឹងដែរថា មុនពេលកើតហេតុប្រមាណ០២ខែ ស្ត្រីរងគ្រោះជាប្រពន្ធតែងតែដើរលេងរហូតដល់យប់ជ្រៅជាប្រចាំ ធ្វើឲ្យបុរសជាប្តីមានការប្រច័ណ្ឌទៅលើប្រពន្ធរបស់ខ្លួន ។ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ វេលាម៉ោងប្រមាណ២៣យប់ ប្តី-ប្រពន្ធ១គូនេះ មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតដល់ថ្នាក់បុរសជាប្តីទប់កំហឹងលែងបាន ក៏ស្ទុះចូលទៅច្របាច់កប្រពន្ធ និងគំរាមវាយតប់ថែមទៀតផង ប៉ុន្តែក្រោយពីការឈ្លោះប្រកែកគ្នាហើយ ប្តី-ប្រពន្ធទាំង២នាក់ក៏សម្រាកនៅក្នុងផ្ទះជាមួយគ្នាជាធម្មតា ។ ស្រាប់តែនៅវេលាម៉ោង០៩ព្រឹក នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥នេះ ទើបអ្នករស់នៅក្បែរខាងម្នាក់បានចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ ក្នុងគោលបំណងហៅស្ត្រីរងគ្រោះទៅលេងបៀ ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមលើកម្រាលឥដ្ឋការ៉ូ និងអ្នកឃើញសាកសពស្រែកឆោឡោឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានចុះមកពិនិត្យតែម្តង ។
នគរបាលជំនាញបច្ចេកទេស ក្រោយពីពិនិត្យសាកសពរួចហើយ បានរកឃើញស្ត្រីរងគ្រោះមានស្នាមមុតត្រង់កប្រវែង១០សង្ទីម៉ែត្រ មានជម្រៅដល់ឆ្អឹងកងក ស្នាមជាំលើបបូរមាត់ខាងក្រោម ជាំលើភ្នែកខាងស្តាំ និងខាំអណ្តាត ជាហេតុធ្វើឲ្យសមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរងគ្រោះត្រូវបានបុរសជាប្តីវាយ និងអារ.កសម្លាប់ ដោយកំហឹងភ្លើងប្រច័ណ្ឌ ។
បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនបុរសជាប្តីដែលជាប់ឈ្មោះជាជនសង្ស័យក្នុងសំណុំរឿងឃាតកម្មសម្លាប់ប្រពន្ធ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕