មិនមែនជារឿងល្បីនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយនោះទេ ដែលថា មានចំណីអាហារផលិតនៅប្រទេសយួនធ្វើពីជ័រកៅស៊ូប្លាស្ទីក (Plastic) ត្រូវបាននាំចូលយកមកលក់ចែកចាយលើទីផ្សារប្រទេសកម្ពុជា ប៉ុន្តែករណីនេះគឺជារឿងពិតធ្លាប់កើតមានរួចមកហើយៗជាប្រការគួរឲ្យព្រួយបារម្ភបំផុត អំពីផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាប្រជាពលរដ្ឋខ្មែរ ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានរឹបអូសចំណីអាហារប្រភេទចាហួយ និងតំណាប់ក្លិនដូង ផលិតនៅប្រទេសវៀតណាមប្រមាណជិត៥០០គីឡូក្រាម ដែលឈ្មួញនាំចូលយកមកលក់លើទីផ្សារក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងនៅតាមបណ្តាតូបលក់ទំនិញក្បែរៗសាលារៀន ដោយចាហួយ និងតំណាប់ក្លិនដូងទាំងនោះត្រូវបានមន្ត្រីជំនាញខាងត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) អះអាងថា ជាចំណីអាហារផលិតពីជ័រកៅស៊ូប្លាស្ទីក(Plastic) ។ នេះគឺជាទំនិញចំណីអាហារគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ជាប្រជាពលរដ្ឋខ្មែរ ដែលសមត្ថកិច្ចបង្ក្រាបបានយកមកកម្ទេចចោល ចុះករណីបង្ក្រាបមិនបាន ឬមិនបានបង្ក្រាប ហើយត្រូវបានប្រើប្រាស់ តើមានប្រជាពលរដ្ឋខ្មែរប៉ុន្មាននាក់ដែលទទួលរងផលប៉ះពាល់ដល់សុខភាពទៅថ្ងៃអនាគត ? តើនរណាជាអ្នកទទួលខុសត្រូវ ?
ចំណុចគួរឲ្យចាប់អារម្មណ៍បំផុត ពាក់ព័ន្ធទៅនឹងករណីចំណីអាហារផលិតនៅប្រទេសយួនពីជ័រកៅស៊ូប្លាស្ទីក ចូលមកអុកឡុកទីផ្សារប្រទេសកម្ពុជានោះ គឺ ៖
១-គ្រប់ទំនិញសព្វសារពើនាំចេញពីស្រុកយួនចូលមកដល់ស្រុកខ្មែរ មិនមែនធ្លាក់ពីលើមេឃមកទេ គឺប្រាកដជាចូលមកតាមច្រកព្រំដែនរវាងប្រទេសទាំងពីរ (អាចជាច្រកទ្វារព្រំដែនអន្តរជាតិ ឬអាចជាច្រករបៀង ?) ដូច្នេះ សមត្ថកិច្ចប្រចាំការយាមកាមតាមបណ្តាច្រកដូចសត្វស្រមោចទាំងនោះ ដេកលក់ ឬបិទភ្នែកយកលុយ ទើបទំនិញអាចចល័តពីស្រុកយួនមកដល់ស្រុកខ្មែរបាន ដែលជាទំនិញបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរបែបនេះ ?
២-ទំនិញប្រភេទចំណីអាហារផលិតពីជ័រកៅស៊ូប្លាស្ទីកនៅប្រទេសយួនទាំងនោះ មានសរសេរជាអក្សរយួន(Thanh Binh) ផង និងជាអក្សរខ្មែរផង គឺមានន័យថា ទំនងជាទំនិញទាំងនោះផលិតឡើងដើម្បីសំដៅបញ្ជូនមកលក់នៅទីផ្សារស្រុកខ្មែរតែម្តង ។ មានប្រភពព័ត៌មានក្រៅផ្លូវការខ្លះឲ្យដឹងថា មានទំនិញប្រភេទចំណីអាហារមួយចំនួនដែលផលិតនៅស្រុកយួនមែន ប៉ុន្តែអាជ្ញាធរយួនបានហាមប្រាមដាក់កំហិតមិនឲ្យប្រជាពលរដ្ឋគេប្រើប្រាស់ទេ ហើយបើបង្ហាញវត្តមានលក់នៅទីផ្សារស្រុកយួន គឺនឹងប្រឈមការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះ ប្រសិនបើព័ត៌មាននោះជាការពិតមែន មានន័យថា ចំណីអាហារដែលផលិតនៅយួនពីជ័រកៅស៊ូប្លាស្ទីកយកមកលក់នៅស្រុកខ្មែរ គឺអាចជាចេតនាទុច្ចរិតមួយ ដើម្បីបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរតាមរយៈចំណីអាហារមិនប្រក្រតី ។
៣-ក្រៅពីធ្វើការដុតឬកប់កម្ទេចចោល តើអាជ្ញាធរមានសមត្ថកិច្ចបានរក្សាទុកសំណាកចំណីអាហារដែលផលិតពីជ័រកៅស៊ូប្លាស្ទីកទាំងនោះ ធ្វើជាវត្ថុតាងស្រាវជ្រាវ ស៊ើបអង្កេតរកមុខសញ្ញាក្រុមហ៊ុនផលិត ក្រុមហ៊ុន ឬឈ្មួញនាំចូលយកមកផ្តន្ទាទោសតាមច្បាប់ និងឲ្យទទួលខុសត្រូវលើការបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរដែរឬទេ ? ឬក៏កប់ ឬដុតកម្ទេចចោល ដើម្បីបំផ្លាញវត្ថុតាងបទល្មើសឲ្យអ្នកប្រព្រឹត្តល្មើសបានរួចខ្លួន ?
សូមថ្នាក់ដឹកនាំប្រទេសជាតិគ្រប់ជាន់ថ្នាក់ មេត្តាគិតគូរយកចិត្តទុកដាក់អំពីសុខភាពរបស់ប្រជាពលរដ្ឋផង កុំផ្តោតងប់ងុលតែទៅនឹងអំណាច បុណ្យស័ក្តិ និងផលប្រយោជន៍លុយកាក់ខ្លាំងពេក ហើយប្រជាពលរដ្ឋខ្មែរគប្បីពង្រឹងស្មារតីប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ចំណីអាហារ ជាអាទិ៍ ដូចករណីនេះផងដែរ ៕